យុវជន​ប្រមាណ​១០​នាក់​បន្ត​ទាមទារ​ឲ្យ​លោក​កឹម សុខា បកស្រាយ​ខ្សែអាត់​សំឡេង

ក្រុមយុវជនដែលធ្វើ​ការតវ៉ា​ក្នុង​វេទិកា​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ(រូបថត៖ កែវ រដ្ឋា)

​ក្រុម​យុវជន​ដែល​អះអាង​ថា ជា​ក្រុម​និស្សិត​ប្រមាណ​១០​នាក់​នៅ​បន្ត​ទាមទារនៅ​វេទិកា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នេះ​ឲ្យ​លោក​កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​ពាក់ព័ន្ធរឿង​ស្នេហាលួចលាក់​ជា​មួយ​ស្រីក្មេង​។​

​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួបអ្នកគាំទ្រ​របស់​ខ្លួន​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​រាជធានី​ភ្នំពេញ​លោក ម៉ម ផល្លា ជា​អ្នកដែល​បាន​ចូលរួម​ក្នុង​វេទិកា​នៅ​ព្រឹក​នេះ​ដែរ ប្រាប់​វីអូឌី(VOD)​ថា មាន​យុវជន​ប្រមាណ​១០​នាក់ ប្រើ​ឧបករណ៍​បំពង​សំឡេង​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ខ្សែអាត់​សំឡេង​។ ប៉ុន្តែ​លោក​បញ្ជាក់ថា យុវជន​ទាំង​នោះ មិន​បាន​ចូល​ទៅ​ជិត​វេទិកា​ទេ​គឺ​នៅ​ស្រែក​ពី​ចម្ងាយ​។​

​លោក​ម៉ម ផល្លា បញ្ជាក់ថា ក្រុម​យុវជន​ដែល​តវ៉ា​នៅ​ព្រឹក​នេះ គឺជា​ក្រុម​តែមួយរបស់ក្រុម​ដែល​តវ៉ា​នៅមុខ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ស្រុក និង ក្រុម​ដែល​តវ៉ា​នៅក្នុង​វេទិកា​ដែល​លោក​កឹម សុខា ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍​។

​ការតវ៉ា​របស់​ក្រុម​យុវជន​នេះ កាលពី​ថ្ងៃ​សុក្រ និង ថ្ងៃ​សៅរ៍​មាន​ចំនួន​ប្រមាណ​៥០​នាក់ តែ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ចំនួន​បាន​ថយ​ចុះ​មក​ប្រមាណ​១០​នាក់​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ