ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសប្រឆាំងនឹងការអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ ដោយពួកគេព្រមានធ្វើបាតុកម្ម ប្រសិនបើមានវត្តមានរបស់លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ប្រាប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះថាប្រជាពលរដ្ឋខ្មែរនៅទីនោះ”ក្តៅក្រហាយ”នឹងគម្រោងអញ្ជើញមករបស់លោក ហ៊ុន ម៉ាណែត ដើម្បីចូលរួមកម្មវិធីវប្បធម៌ខ្មែរនៅលើទឹកដីអាមេរិក។ លោកបន្តថាតាមលោកដឹង ពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់ដែលជាសមាជិកនៃគណៈកម្មការបុរីកម្ពុជា(Cambodia Town)ឈ្មោះ Richer Sanដែលលោកថាស្និទ្ធិនឹងគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យចូលរួមកម្មវិធីនេះ។
លោកមានប្រសាសន៍ថា៖ “ពេលឭដំណឹងថាលោក ហ៊ុន ម៉ាណែត មកចូលរួម បងប្អូនយើងប្រតិកម្ម ហើយយើងនឹងស្នើឲ្យអភិបាលក្រុងផ្អាកកម្មវិធីហ្នឹង ហើយបើគេពង្រើយកន្តើយ តាមពូដឹង បងប្អូនខ្មែរនឹងមិនចូលរួម ឬទៅចូលរួមធ្វើបាតុកម្មពេលរៀបចំកម្មវិធីហ្នឹង”។
លោកបញ្ជាក់បន្ថែមថា៖ “ការមកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌ ហើយគាត់(ហ៊ុន ម៉ាណែត)មិនមែនជាអ្នកជំនាញវប្បធម៌ណា ជាកងទ័ពតើ។ តាមដឹងគោលបំណងមកហ្នឹងដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៧ខែមីនា ឆ្នាំ២០១៦ លោក ទូច វិបុល បានលើកឡើងសំដៅទៅគណៈកម្មការបុរីកម្ពុជាថា៖ “ការសម្រេចចិត្តរបស់អស់លោកគឺជាការដាក់ទណ្ឌកម្មចំពោះអ្នកដែលបានបោះឆ្នោតឲ្យអស់លោក។ ហើយពួកគេមានគម្រោងធ្វើពហិការនិងបាតុកម្មប្រឆាំងនឹងកម្មវិធីណាមួយដែលមានវត្តមានឧត្តមសេនីយ៍ ហ៊ុន នៅទីនោះ”។ លោកបញ្ជាក់ថា៖ “ការអញ្ជើញនេះជាការប្រមាថទៅលើអ្វី ដែលប្រទេសនេះប្រកាន់យកនិងជាការមើលងាយយ៉ាងពេញទំហឹងចំពោះអ្នកដែលបានមកដល់ទីនេះដែលពេញចិត្តអ្វីគ្រប់បែបយ៉ាងដែលបដិសេធដោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតនិងគណបក្សកាន់អំណាចរបស់ឪពុកគាត់”។
សេចក្តីថ្លែងការណ៍របស់ពលរដ្ឋខ្មែរអាមេរិកកាំងក៏បានលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំមួយជាមួយប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង ដើម្បីពិភាក្សាពីការចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែក្បួនចូលឆ្នាំខ្មែរនៅសហរដ្ឋអាមេរិក។ លោកក៏បានស្នើឲ្យលោក គិត ម៉េង ជួយផ្សព្វផ្សាយតាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជាអំពីព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថាកាលពីពាក់កណ្តាលកុម្ភៈ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕