មន្ត្រីអ៊ឺរ៉ាក់បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារដោយគ្រាប់បែកអត្តឃាតក្នុងរថយន្តកាលពីថ្ងៃអាទិត្យបានកើនឡើងដល់៦១នាក់។
ភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា មន្ត្រីនគរបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលបានស្លាប់ទាំងនោះ ៥២នាក់ជាជនស៊ីវិល ហើយអ្នកផ្សេងទៀតជាកងសន្តិសុខ និងមន្ត្រីនគរបាល។ មនុស្ស៩៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដែលបានសំដៅទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងនៅច្រកចូលទៅកាន់ទីក្រុងហ៊ីឡាដែលជាទីក្រុងនៅភាគខាងត្បូងស្ថិតនៅចម្ងាយប្រមាណ៩៥គីឡូម៉ែត្រពីរដ្ឋធានីបាកដាដ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងដែរថា មនុស្ស៨នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។
មន្ត្រីសុខាភិបាលដែលសុំមិនបញ្ចេញឈ្មោះម្នាក់ទៀតក៏បានបញ្ជាក់ពីចំនួនតួលេខមនុស្សដែលបានស្លាប់នេះផងដែរ។ អ្នកទាំងពីរបានផ្ដល់ព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយពួកគេអះអាងថា មិនត្រូវបានអនុញ្ញាតឲ្យផ្ដល់ព័ត៌មាន។
រយៈពេលជាច្រើនម៉ោងក្រោយការវាយប្រហារ ក្រុមរដ្ឋឥស្លាមបានប្រកាសនៅលើគេហទំព័រ Amag ដែលជាគេហទំព័រព័ត៌មានគាំទ្ររដ្ឋឥស្លាមថា ខ្លួនជាអ្នកធ្វើការវាយប្រហារនោះ។ គេមិនទាន់អាចបញ្ជាក់ភ្លាមៗពីការភាពពិតប្រាកដនៃការអះអាងនោះនៅឡើយទេ ក៏ប៉ុន្តែពាក្យពេចន៍ និងឃ្លាប្រយោគដែលបានប្រើប្រាស់នៅក្នុងការអះអាងនោះគឺដូចគ្នានឹងការប្រកាសពីទំនួលខុសត្រូវរបស់រដ្ឋឥស្លាមនាពេលកន្លងមក៕
ប្រភព៖ The Washington Post