គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដែលតារាសម្ដែងចូលចិត្តស្ទីលស៊ិចស៊ី ប៊ុន ផៃលីន បានប្រកាសឲ្យដឹងពីអាជីវកម្មរបស់ខ្លួនយ៉ាងហ៊ឹកហ៊ាក់ ដោយប្រើទុនច្រើនហើយ ជាមុខជំនួញទទួលបានចំណូលរឹងមាំទៀត។ អគារបន្ទប់ជួលកម្ពស់៥ជាន់ ត្រូវបានសម្ពោធឡើងយ៉ាងអ៊ឹកអធិកកាលពីថ្ងៃទី៥ មីនា កន្លងទៅ ដោយមានការចូលរួមពីតារាសិល្បៈ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
តារាសម្ដែងនិងជាតារាចម្រៀងដែលត្រូវគេកត់សម្គាល់ថាប្រទាញបានការងារសិល្បៈណែនដៃរូបនេះ បានថ្លែងប្រាប់ថាអគារជួលកម្ពស់៥ជាន់របស់នាង មានសរុបចំនួន៤០បន្ទប់ ដោយទីតាំងរបស់អគារនេះស្ថិតនៅទីប្រជុំជនអូរឌឹម ក្នុងភូមិអង្គ សង្កាត់ចោមចៅ នៅរាជធានីភ្នំពេញ ក្នុងតំបន់ដែលមានរោងចក្រ និងមានសក្តានុពលសម្រាប់បើកជាបន្ទប់ជួលតែម្ដង។ អាគារជួលនេះ ប្រើទុនក្នុងការសាងសង់អស់ប្រមាណជាង២៥ម៉ឺនដុល្លារ ដោយសុទ្ធតែជាថវិកាដែលនាងបានពីការច្រៀងរាំរយៈពេលជិត១០ឆ្នាំនៅក្នុងសិល្បៈ និងមួយចំណែកគឺពីការដោះដូរដីធ្លីយកប្រាក់មកផ្ទប់គ្នាទាំងអស់។
ប៊ុន ផៃលីន និយាយថា៖ “ទម្រាំបានអគារជួលប្រមាណ៤០បន្ទប់ហ្នឹង ខ្ញុំបោសអស់ហើយសូម្បីតែដីទិញពីណាពីណី ក៏លក់យកប្រមូលលុយយកមកដែរ ព្រោះធ្វើម៉េចខ្ញុំស្រឡាញ់អាជីពហ្នឹងព្រោះវាអស់ដើមច្រើនមែន ប៉ុន្តែវាដឹងថាតាបានលុយចូលម្មង!”។ នាងថាបន្ទប់ជួលទាំង៤០បន្ទប់នោះ ត្រូវបានគេជួលអស់៨០ភាគរយ តាំងពីមុនថ្ងៃឡើងផ្ទះម្ល៉េះ ដោយសល់តែបន្ទប់នៅជាន់ទី៥ប៉ុន្មានបន្ទប់ប៉ុណ្ណោះ ដោយសារតែការសាងសង់ទើបតែបានរួចរាល់នៅជាន់ទី៥។ បន្ទប់ជួលទាំងនោះ មានតម្លៃពី៤០ដុល្លាររហូតដល់១៤០ដុល្លារ ដោយបន្ទប់ជួលសរុបពេញមួយអគារនេះ នឹងធ្វើឲ្យនាងជាថៅកែស្រីទទួលបានចំណូលប្រមាណជាង២ពាន់ដុល្លារក្នុងមួយខែ។ នាងមានគម្រោងទិញដី សង់ជាអគារបែបនេះមួយកន្លែងទៀត ដោយសារតែមើលឃើញថាមានមុខរបរបើកបន្ទប់ជួលប៉ុណ្ណោះ ដែលអាចធ្វើឲ្យម្ចាស់អាជីវកម្មមានភាពរឹងមាំក្នុងការទទួលចំណូល បើធៀបនឹងការបោះទុនរកស៊ីមុខរបរផ្សេងៗ។
នាងនិយាយថា៖ “ឥឡូវហ្នឹងបន្ទប់ជួលរបស់ខ្ញុំមួយអគារហ្នឹង វាបានចំណូលជិត៣ពាន់ដុល្លារដែរ អ៊ីចឹងហើយវាអត់ពិបាកទេ ដើម្បីឲ្យខ្ញុំសន្សំលុយរកមើលកន្លែងធ្វើបន្ទប់ជួលដូចគ្នាហ្នឹង ឲ្យបានមួយកន្លែងទៀត ប៉ុន្តែឥឡូវសន្សំលុយសិន!”។ នាងថាតារាភាគច្រើនគេច្រើនចាប់អារម្មណ៍ជាមួយនឹងមុខរបរបើកហាង ឬនាំទំនិញចូលមកលក់នៅកម្ពុជា ប៉ុន្តែនាងមិនមានជំនាញលើមុខជំនួញទាំងហ្នឹងនោះទេ ទើបសម្រេចចិត្តប្រមែប្រមូលលុយកាក់ហើយសង់ជាអគារបន្ទប់ជួល ដោយប្រើដើមទុនអស់ជាង២៥ម៉ឺនដុល្លារដើម្បីរកចំណូលវិញ។
ប៊ុន ផៃលីន បញ្ជាក់ថាទីតាំងដែលនាងបើកបន្ទប់ជួលនោះ គឺសំបូរកម្មករនិងពលរដ្ឋរស់នៅខ្លាំងណាស់ ដោយអាចនិយាយបានថាទោះជាមានបន្ទប់ជួលដល់រាប់រយបន្ទប់ទៀត ក៏មិនគ្រប់សម្រាប់តម្រូវការនោះដែរ។ អ៊ីចឹងហើយទើបអគាររបស់នាង គ្រាន់តែសង់លេចចេញជារូបរាងភ្លាម ក៏មានគេឲ្យលុយកកក់បណ្ដាក់គ្នាតាំងពីមុនថ្ងៃពិធីឡើងផ្ទះ ដែលធ្វើឲ្យនាងមើលឃើញពីប្រាក់ចំណូលខ្ទង់ពាន់ដោយមិនខ្វល់ដូចបើកជំនួញផ្សេងៗ។ នាងអះអាងថាមិនមានគម្រោងទិញវីឡាសម្ញ៉ែងសម្រាប់ជីវភាពរស់នៅនោះទេដរាបណានាងមិនទាន់មានអគារបន្ទប់ជួល ដូចការរំពឹងទុក ដែលអាចឲ្យនាងទទួលបានចំណូលរឹងមាំ បន្ថែមពីលើអាជីពសិល្បៈ ដែលក្នុងពេលខាងមុខពិតជាមានស្ថានភាពលិចអណ្ដែតៗ។
នាងនិយាយថា៖ “សិល្បៈបើទោះជាមានគេហៅច្រៀងហៅសម្ដែងច្រើនប៉ុណ្ណាក៏ដោយ ក៏វាអត់ស្មើនឹងយើងមានមុខរបរផ្ទាល់ខ្លួននោះទេ អ៊ីចឹងហើយទើបខ្ញុំគិតថាទាន់នៅរកបាន គឺអត់គិតរឿងហ៊ឺហារឲ្យអ្នកណាសរសើរទេ គឺគិតតែខំរកលុយមកធ្វើបន្ទប់ជួលទុកគ្រាន់ចាស់វិញ អាណឹងបានវាអត់ភ័យពេលគេឈប់ហៅច្រៀងហៅរាំ!”។
គួរបញ្ជាក់ផងដែរថា ប៊ុន ផៃលីន គឺជាតារាចម្រៀង និងជាសម្ដែងមួយរូបដែលត្រូវគេកត់សម្គាល់ថាចូលចិត្តបញ្ចេញដើមទ្រូងមិនចាញ់តាំងលំនាំនាងកុល ដាវី និងវ៉ាង ស្រីណូ។ កេរ្តិ៍ឈ្មោះរបស់នាងត្រូវបានលោតខ្លាំងក្រោយពីផ្ទុះព័ត៌មានជំពប់ស្នេហ៍ជាមួយបុរសអូស្រ្តាលីក្នុងពេលនាង ចេញទៅសម្ដែងនៅទីនោះនិងបន្ទាប់ពីត្រូវបានស្ថានីយទូរទស្សន៍ ក៏ដូចជាផលិតកម្មធំៗក្នុងស្រុក ផ្ដល់ឱកាសឲ្យឡើងច្រៀង និងសម្ដែងស្ទើររកពេលសម្រាកមិនបាននាពេលចុងក្រោយ។ ប៊ុន ផៃលីន និយាយថាក្រោយសម្ងំធ្វើបន្ទប់ជួលនេះរួចរាល់ នាងនឹងកាន់តែទទួលយកការសម្ដែងនិងឡើងឆាកឲ្យខ្លាំងថែមទៀត ព្រមជាមួយការចេញសម្ដែងនៅក្រៅប្រទេស៕