កម្មករប្រមាណជាង១០០នាក់នៅក្រុមហ៊ុនផលិតស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ក្នុងស្រុកឈូក ខេត្តកំពត បាននាំគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុនទទួលយកអនុប្រធានសហជីពម្នាក់ចូលធ្វើការវិញ និងលក្ខខណ្ឌការងារមួយចំនួនទៀត។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាលោក សុខ គីន បានប្រាប់វីអូឌីថា កម្មករក្រុមហ៊ុន ផលិតស៊ីម៉ង់នេះបាននាំគ្នាធ្វើការតវ៉ាចាប់ពីម៉ោង៧ព្រឹកមក ដើម្បីទាមទារលក្ខខណ្ឌចំនួន៦ចំណុចមានដូចជា ទាមទារឲ្យក្រុមហ៊ុនទទួលយកអនុប្រធានសហជីពដែលត្រូវបានបញ្ឍប់ពីការងារឲ្យចូលធ្វើការវិញ និងទាមទារឲ្យក្រុមហ៊ុនសងប្រាក់ខែកម្មករសម្រាប់ខែមករា និងកុម្ភៈ ដែលកម្មករអះអាងថាក្រុមហ៊ុនបានកាត់ និងទាមទារឲ្យក្រុមហ៊ុនអនុវត្តន៍ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងផ្តល់ប្រាក់ម៉ោងនៅថ្ងៃឈប់ប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ ទាមទារការផ្តល់ថ្លៃអាហារ និងសុំឲ្យក្រុមហ៊ុនដកអ្នកគ្រប់គ្រងការដ្ឋានដែលកម្មករអះអាងថាកន្លងមកបានជេរប្រមាថដល់ពួកគាត់។
លោកបន្តថា នេះមិនជាជាការតវ៉ាលើកទីមួយទេ ពោលគឺកាលពីថ្ងៃទី២ ខែកុម្ភៈ កម្មករបានតវ៉ាម្តងហើយត តែត្រូវបានក្រុមហ៊ុនបានទទួលសំណើ និងសុំពេលសម្រាប់ពិចារណា ទើបក្រុមកម្មករផ្អាកការតវ៉ា។ លោកបន្ថែមថា ដោយសាររហូតមកដល់ថ្ងៃនេះ ក្រុមហ៊ុននៅមិនទាន់មានដំណោះស្រាយទើបពួកលោកនាំគ្នាធ្វើការតវ៉ាបន្តទៀត។
បើតាមលោក សុខ គីន ក្រោយពីមានការចរចាជាមួយក្រុមហ៊ុនក្នុងថ្ងៃនេះ ភាគិខាងក្រុមហ៊ុនបានយល់ព្រមទទួលយក៤ចំណុចដែលកម្មករទាមទារមានដូចជា ទទួលយកអនុប្រធានសហជីពដែលត្រូវបានបញ្ឈប់ឲ្យចូលធ្វើការវិញ ក្រុមហ៊ុនយល់ព្រមសងប្រាក់ដែលខ្លួនបានកាត់ពីកម្មករកាលពីខែមករា និងខែកុម្ភៈ ជូនដល់កម្មករវិញ អនុវត្តច្បាប់ឈប់សម្រាកប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ និងផ្តល់ថ្ងៃឈប់សម្រាកបុណ្យដោយមានប្រាក់ឈ្នូលតាមច្បាប់ការងារ។
លោកបន្ថែមថា៖ “ពីរចំណុចទៀតហ្នឹង ដោយសារយើងគិតថាជារឿងបន្ទាប់បន្សំ អីចឹងទៅណ្ហើយ ក្រុមហ៊ុនគាត់សុំពេលហ្នឹងទៅពិចារណា រឿងហ្នឹងវាអាចពាក់ព័ន្ធទៅនឹងក្រុមហ៊ុនដែរ ទាក់ទងទៅហ្នឹងបុគ្គលិករបស់គេ យើងសុំដូរបុគ្គលិករបស់គេ អញ្ចឹងយើងគ្រាន់តែស្នើសុំឲ្យក្រុមហ៊ុនហ្នឹងចាត់វិធានការណ៍ឲ្យអ្នកគ្រប់គ្រងហ្នឹងប្តូរឥរិយាបថ កុំឲ្យប្រើពាក្យសម្តីទៅលើកម្មករអសុរស ដូចជេរប្រទេចប្រមាថអីអញ្ចឹងវាអត់សមរម្យ”។
លោក សុខ គីន ឲ្យដឹងទៀតថា ក្រោយការចរចា ក្រុមបុគ្គលិកទាំងអស់បានយល់ព្រមតាម និងចូលធ្វើការវិញជាធម្មតានៅថ្ងៃទី៩ ខែកុម្ភៈ។ លោកបញ្ជាក់ថា ការតវ៉ា និងកិច្ចចរចាក្នុងថ្ងៃនេះក៏មានសមត្ថកិច្ច និងមន្ទីរការងារខេត្តចូលរួមជួយរកដំណោះស្រាយផងដែរ៕