ក្រសួងការបរទេសបានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃដោយស្នើឲ្យដកលិខិតឆ្លងដែនផ្លូវការពីមន្រ្តីក្រសួងនានាបន្ទាប់ពីបញ្ចប់បេសកកម្មនៅបរទេសហើយវិលមកកម្ពុជាវិញ។
បើតាមលិខិតដែលដាក់ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ចុះថ្ងៃទី០៤ ខែមីនា ការស្នើដកលិខិតឆ្លងដែនផ្លូវការនេះយោងតាមចំណារចុះថ្ងៃទី០២ ខែមីនា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឲ្យមន្រ្តីអន្តោប្រវេសន៍កម្ពុជានៅគ្រប់ច្រកព្រំដែនកម្ពុជាដកលិខិតឆ្លងដែនផ្លូវការរបស់មន្រ្តីដែលចប់បេសកកម្មពីបរទេស។
ក្នុងលិខិតនោះក៏បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឲ្យមន្រ្តីក្រោមឱវាទចាត់វិធានការប្រមូលលិខិតឆ្លងដែននោះចាប់ពីថ្ងៃទី២១ ខែមីនា ដើម្បីយកមករក្សាទុកនៅក្រសួងការបរទេស ហើយក្រសួងនឹងប្រគល់លិខិតឆ្លងដែនផ្លូវការទាំងនោះទៅវិញនៅពេលមន្រ្តីនោះត្រូវមានបេសកកម្មនៅបរទេសជាថ្មី។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេ។ ទោះយ៉ាងណាអគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វណ្ណថន បានលើកឡើងថាលោកមិនទាន់ទទួលបានលិខិតនោះនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំអត់ទាន់ទទួលបានទេព្រោះខ្ញុំអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍អញ្ចឹងក្រសួងការបរទេសដាក់មកក្រសួងមហាផ្ទៃអញ្ចឹងដល់តែសួរអ្នកនាំពាក្យក្រសួងមហាផ្ទៃខាងខ្ញុំអត់ទទួលបានទេ”។
អ្នកសម្របសម្រួលនៃបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកប្រចំាកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាកាស្នើដកលិខិតឆ្លងដែនផ្លូវការពីមន្រ្តីបែបនេះអាចបណ្ដាលមកពីមន្រ្តីទាំងនោះប្រើប្រាស់លិខិតឆ្លងដែនផ្លូវការនោះជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនច្រើនពេក។ លោកបន្ថែមថាក្រសួងការដកហូតលិខិតឆ្លងដែនផ្លូវការនេះហាក់ដូចជាប៉ះពាល់សិទ្ធិសេរីភាពរបស់មន្ត្រីតែវាមានភាពល្អប្រសើរក្នុងការរៀបចំសណ្ដាប់ធ្នាប់តម្លាភាពក្នុងការប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ។
លោកបន្ថែមថា៖ “ការប្រើប្រាស់លិខិតឆ្លងដែនផ្លូវការហ្នឹងចាំបាច់គួរតែប្រើក្នុងលក្ខណៈផ្លូវការជៀសវាងប្រើក្នុងលក្ខណៈបុគ្គល មន្ត្រីគាត់អាចមានជំរើសពីរ ទីមួយគាត់អាចប្រើប្រាស់លិខិតឆ្លងដែនផ្ទាល់ខ្លួនមួយនិងលិខិតឆ្លងដែនក្នុងលក្ខណៈផ្លូវការក្នុងនាមជាមន្រ្តីរដ្ឋាភិបាល។ អញ្ចឹងកន្លងមកឃើញថាមានមន្រ្តីប្រើប្រាស់លិខិតឆ្លងដែនហ្នឹងមិនច្បាស់លាស់ ពេលខ្លះរឿងបុគ្គលសោះក៏ប្រើប្រាស់អាហ្នឹងដែរ ដែលធ្វើឲ្យមានលទ្ធិពលពីស្ថាប័នហ្នឹងទៅលើរឿងផ្ទាល់ខ្លួនច្រើនដែរ”។
គួរបញ្ជាក់ថាទាក់ទងនឹងបញ្ហាលិខិតឆ្លងដែនផ្លូវការនេះកន្លងមកមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថាមន្ត្រីកម្ពុជាកំពុងខ្វែងដៃខ្វែងជើងក្នុងការធ្វើលិខិតឆ្លងដែនផ្លូវការខុសច្បាប់ឲ្យពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាក្រសួងការបរទេសក៏បានចេញសេចក្ដីថ្លែងការណ៍បដិសេធទាំងស្រុងចំពោះព័ត៌មាននោះដោយក្រសួងបានលើកឡើងថាការចេញលិខិតឆ្លងដែនផ្លូវការនោះផ្ដល់ជូនសម្រាប់តែមន្រ្តីរាជការក្នុងការបំពេញបេសកកម្មផ្លូវការនិងចូលរួមវគ្គសិក្សានៅក្រៅប្រទេសតែប៉ុណ្ណោះ៕