រដ្ឋមន្រ្តីសុខាភិបាលដាស់តឿនគ្រូពេទ្យ កុំឲ្យគិតលុយជាធំនិងចេះប្រើសម្តីទន់ភ្លន់

រដ្ឋមន្រ្តីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីកន្លងទៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាស់តឿនពេទ្យនៅទូទាំងប្រទេសឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជំងឺនោះទេ។

នៅក្នុងលិខិតមួយចុះថ្ងៃទី៧ខែមិនា លោក ម៉ម ប៊ុនហេង បានជម្រាបដល់ប្រធានមន្ទីរពេទ្យសុខាភិបាលឲ្យធានាការផ្តល់សេវាមានគុណភាពនិងប្រសិទ្ធភាពតាមមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជនគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងគុណភាពសេវានជូនអតិថិជន។ នៅក្នុងលិខិតនោះ លោកបានណែនាំឲ្យពេទ្យទាំងអស់”យកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនអតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្តីទន់ភ្លន់ អាកប្បកិរិយាសមរម្យក្នុងពេលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ត្រូវសង្រ្គោះអាយុជីវិតជាបន្ទាន់និងត្រូវបំពេញសំណុំបែបបទតាមក្រោយ”

លោករដ្ឋមន្រ្តីបន្តថាពេទ្យត្រូវចេញវេជ្ជបញ្ជាថ្នាំចាក់មានហេតុផលត្រឹមត្រូវនិងអនុវត្តគោលការណ៍ការចាក់ថ្នាំមានសុវត្ថិភាព។ លោកបញ្ជាក់បន្ថែមថាគ្លិនិកឬមូលដ្ឋានសុខាភិបាលណាដែលមានអ្នកជំងឺសម្រាកព្យាបាល ត្រូវមានឯកសារអ្នកជំងឺត្រឹមត្រូវតាមក្បួនបច្ចេកទេសនិងថែរក្សាឲ្យបានល្អ ត្រៀមលក្ខណៈជានិច្ច ធានាយកមកប្រើប្រាស់ជាផ្លូវការឡើងវិញបាន។

លោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា៖ “ក្រសួងនឹងមានវិធានការត្រួតពិនិត្យនិងអនុវត្តតាមច្បាប់ជាធរមាន ប្រសិនបើឃើញមានមន្រ្តីសុខាភិបាលប្រព្រឹត្តខ្ជីខ្ជាបណ្តាលឲ្យមានផលវិបាកប៉ះពាល់អ្នកជំងឺ”

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថាចំណាត់ការនេះធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ដែលបានថ្លែងកាលពីថ្ងៃទី២៩ខែកកុម្ភៈ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។

លោក ហ៊ុន សែន បានថ្លែងកាលនោះថាលោកទទួលស្គាល់ថាមានពេទ្យមួយចំនួនតូចដែលលោកថាមិនមានក្រមសីលធម៌ សម្តីមិនល្អនិងគិតតែពីលុយ។ ទោះជាយ៉ាងណា លោកថាចំនួនគ្រូពេទ្យនោះមិនច្រើនដល់ថ្នាក់៩០ឬ៩៩ភាគរយនោះទេ។ លោកចាត់ទុកការថ្លែងរិះគន់ថាពេទ្យខ្មែរភាគច្រើនអាក្រក់ជា”ការមិនអាចទទួលយកបាន”និង”ការប្រមាថមួយ”។
លោកមានប្រសាសន៍ថា៖ “អញ្ចឹងភាគច្រើននៃគ្រូពេទ្យរបស់យើងមានក្រមសីលធម៌ មានវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវនិងមានការលះបង់ដើម្បីជួយអ្នកជំងឺ។ ក៏ប៉ុន្តែមានគ្រួពេទ្យមួយចំនួនតូចដែលប្រព្រឹត្តមិនគប្បី បង្កើតជាបញ្ហា ហើយអ្នកដែលមើលឃើញបញ្ហាក្នុងចំណោម១០០មានមួយនាក់ បង្កើតបញ្ហា ពួកគេបានមើលស្រាលចំពោះគ្រូពេទ្យនិងមន្រ្តីសុខាភិលបាលរបស់យើងប្រមាណ២ម៉ឺននាក់”

លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យឲ្យគ្រពេទ្យទាំងអស់ជួយកែគ្នាទៅវិញទៅមក ដែលលោកជាយន្តការមួយដើម្បីកុំឲ្យគ្រូពេទ្យមួយតូចបំផ្លាញកេរ្តិ៍ឈ្មោះគ្រូពេទ្យផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ