មន្រ្តីតុលាការរបស់អ៊ឺរ៉ងបានឲ្យដឹងថា មហាសេដ្ឋីជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះ Babak Zanjani ត្រូវបានកាត់ទោសប្រហារជីវិតសម្រាប់អំពើពុករលួយ។
បណ្ដាញផ្សាយព័ត៌មាន BBC បានផ្សាយថា លោក Babak Zanjani ត្រូវបានចាប់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានការចោទប្រកាន់ថាលោកបានកាត់ទុកប្រាក់ចំណូលរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនប្រេងបញ្ជូនតាមរយៈក្រុមហ៊ុនរបស់គាត់។ លោក Babak Zanjani បានបដិសេធការចោទប្រកាន់នេះ។
អ្នកនាំពាក្យតុលាការមួយរូបបានថ្លែងនៅឯសន្និសីទកាសែតមួយថា លោក Zanjani អាយុ៤២ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទលួចបន្លំ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច។ លោក Zanjani ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបចុះក្នុងបញ្ជីខ្មៅដោយសាររូបលោកបានជួយប្រទេសអ៊ីរ៉ង់គេចវេះពីការដាក់ទណ្ឌកម្មប្រេង។
ក្រៅពីលោក Babak Zanjani មនុស្សពីរនាក់ទៀតក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ ហើយអ្នកទាំង៣ត្រូវបានបញ្ជាឱ្យសងប្រាក់ដែលត្រូវបានចោទថាលួចបន្លំនោះ។ ទោះយ៉ាងណា អ្នកទាំង៣នៅអាចប្ដឹងទៅឧទ្ធរណ៍បាន។
មេធាវីមួយរូបរបស់លោក Zanjani គឺលោក Zohreh Rezaei បានប្រាប់ទូរទស្សន៍ BBC ថា សាលក្រមនោះគឺជាហេតុផលនយោបាយ ហើយលោកនឹងដាក់ពាក្យប្ដឹងទៅឧទ្ធរណ៍។
មេធាវី Zohreh Rezaei បានមានប្រសាសន៍ថា៖ “យើងជឿថាក្នុងករណីនេះលោក Babak Zanjani គឺគ្រាន់តែជាកូនបំណុលប៉ុណ្ណោះ”។
លោក Babak Zanjani ត្រូវគេរាយការណ៍ថាមានទ្រព្យសម្បត្តិជាង១៣ពាន់លានដុល្លារ តែក៏មានជំពាក់បំណុលសំខាន់មួយចំនួនផងដែរ៕
ប្រភព៖ BBC