កាលពីព្រឹកថ្ងៃអាទិត្យទី៦ ខែមីនា ការប្រកួតអន្តរជាតិប្រចាំសប្ដាហ៍របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ ក្នុងចំណោម២គូអន្តរជាតិនៅលើសង្វៀននោះ កីឡាករជើងថ្មី សេក ចាន់រាជ្យ ធ្វើឲ្យគេស្ញើចសរសើរមិនដាច់ពីមាត់ បន្ទាប់ពីវាយបំបាក់ជើងខ្លាំងថៃដោយលទ្ធផល៥ទល់0 ពីគណៈកម្មការវិនិច្ឆ័យពិន្ទុ។
កីឡាករ សេក ចាន់រាជ្យ ដែលអ្នកណាក៏ស្គាល់ថាជាថ្មីវ័យក្មេងមកពីក្លិបអង្គរមានជ័យខេត្តសៀមរាប បានបើកឆាកប្រយុទ្ធយ៉ាងស្វិតស្វាញ ជាមួយកីឡាករថៃឈ្មោះMoeurng Mey ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ កីឡាករថៃរូបនេះ កាលពីមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍លើកមុន បានប៉ះជាមួយជើងចាស់ ចាន់ ស៊ីណាត ហើយបើទោះជាចាញ់ពិន្ទុ ចាន់ ស៊ីណាត ក៏បានធ្វើឲ្យចាន់ ស៊ីណាត ត្រដរខ្យល់មិនតិចដែរ។ ការប៉ះប្រកួតរបស់គេជាមួយសេក ចាន់រាជ្យ មានមនុស្សតិចណាស់ជឿថានឹងមានលទ្ធផលដូចមុន ដោយសារតែកីឡាកររូបនេះគឺជាជើងថ្មីនិងមានបទពិសោធន៍តិចនៅឡើយ។
ការប្រកួតរបស់ពួកគេ ក្នុងទឹកដំបូងកីឡាករថៃគ្រាន់តែស្ទាបស្ទង់គ្នាប៉ុណ្ណោះ បើទោះជាមើលទៅគឺកីឡាករថៃដូចជារាងវ៉ាដាច់រឿងប្រើកែង និងកណ្ដាប់ដៃបានបន្តិច។ ឈានដល់ទឹកទៅ២ កីឡាករកម្ពុជាបានប្ដូរទម្រង់វាយ ហើយធ្វើឲ្យលទ្ធផលឈ្នះប្រៀបចាប់ផ្ដើមលេចឡើង បើទោះជាកីឡាករថៃបានបញ្ចេញកែងនិងម៉ាត់យ៉ាងរហ័សម្ដងជាពីរដង។ កីឡាករកម្ពុជាមានសំណាងគេចរួចកណ្ដាប់ដៃរបស់ថៃរហូត បើមិនដូច្នោះទេ គឺពិតជាទក់បរិវេណផ្ទៃមុខនិងសៀតផ្កាជាមិនខាន។ ក្នុងអំឡុងទឹកទី៣ កីឡាករសេក ចាន់រាជ្យ ដែលគេយល់ថាមិនសូវច្បាស់បច្ចេកទេសវាយ បែរជាវ័ធកែងបានល្អនិងវាយសម្រុកត្រូវចំគោលដៅ ទៅលើកីឡាករMeourng Mey ។ នៅក្នុងទឹកទីនេះ អ្នកទស្សនាកាន់តែអាចមើលឃើញពីសន្ទុះវ៉ាដាច់របស់កីឡាករកម្ពុជា បើទោះជាកីឡាករថៃក៏ប្ដូរទម្រង់វាយសម្រុកដើម្បីយកប្រៀបនៅលើសង្វៀន។
ចូលដល់ទឹកទី៤ និងទី៥ កីឡាករកម្ពុជាកាន់តែស្គាល់ចំណុចខ្សោយរបស់កីឡាករថៃ ដោយស្ទុះវាយម៉ាត់ត្រូវល្អឥតខ្ចោះ ធ្វើឲ្យកីឡាករថៃរកកន្លែងវាយតលែងបាន។ អ្នកគាំទ្រកីឡាករសេក ចាន់រាជ្យ ទះដៃអបអរសាទរនិងស្រែកហ៊ោកញ្ជ្រៀវតាមសង្វាក់នៃការវាយចេញ ឡើងខ្ទរពេញសង្វៀនប្រដាល់ដែលមិនខុសពីលើកទឹកចិត្តចំពោះកីឡាករកម្ពុជាក្នុងពេលមានប្រៀប។ កីឡាករថៃ Moeurng Mey ត្រូវគេឃើញដុនដាបយ៉ាងខ្លាំង បើធៀបនឹងការប្រកួតរបស់គេក្នុងពេលប៉ះគ្នាជាមួយនឹង ចាន់ ស៊ីណាត ដែលជាជើងចាស់ និងល្បីឈ្មោះម្នាក់របស់កម្ពុជា។ សម្រែកកងរំពងមិនខុសពីវាយបំបាក់ស្មារតីរបស់កីឡាករថៃនោះទេ ទើបបង្គោលក្រហមកម្ពុជាកាន់តែមានកម្លាំងចិត្ត ហើយវាយត្រូវបានល្អក្នុងទឹកទី៤ និងទី៥។
លោក រាជ្យ សូផែន មន្ត្រីសហព័ន្ធគ្រប់គ្រងគណៈកម្មការផ្ដល់ពិន្ទុប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា លទ្ធផលឈ្នះពិន្ទុរបស់សេក ចាន់រាជ្យ គឺជាលទ្ធផលឈ្នះដាច់៥ទល់នឹង០តែម្ដង ដែលនេះគឺលទ្ធផលឯកច្ឆ័នដ៏កម្រ។ លោកថាការប្រកួតនាពេលចុងក្រោយ គឺកីឡាករថៃច្រើនតែឈ្នះការប្រកួត ហើយបើទោះជាកីឡាករកម្ពុជាមានឱកាសឈ្នះពិន្ទុក៏ឈ្នះដោយលទ្ធផល៣ទល់នឹង២ ឬ៤ទល់នឹង១ប៉ុណ្ណោះ។ លោកថាលទ្ធផលឈ្នះពិន្ទុរបស់ សេក ចាន់រាជ្យ គឺឈ្នះ កីឡាករថៃ Moeurng Mey ដោយ៥ទល់នឹង០តែម្ដង ដែលនោះគឺបណ្ដាលមកពីកីឡាករសេក ចាន់រាជ្យ មានឱកាសវាយសម្រុកបានល្អ ក្នុងពេលដែលកីឡាករថៃក៏វាយបានល្អតបវិញដូចគ្នា ដោយគ្រាន់តែទម្ងន់នៃការវាយត្រូវរបស់កីឡាករកម្ពុជាត្រូវចំប្លង់ជាង។ លោកនិយាយថា៖ “បើទោះជាទឹកទី១ កីឡាករថៃវាយល្អជាងបន្តិច ប៉ុន្តែចាប់ពីទឹកទី២មកកីឡាករកម្ពុជាល្អជាងរហូត ហើយក្នុងទឹកទី៤ និងទី៥ គឺ សេក ចាន់រាជ្យ កាន់តែវាយបានល្អ ទើបគណកម្មការផ្ដល់ពិន្ទុទាំង៥ឲ្យឈ្នះទាំង៥ ដោយអត់មានអ្នកណាឲ្យថៃមួយសំឡេង!”។ លោកចាត់ទុកថានេះជាការផ្ដល់ពិន្ទុដោយយុត្តិធម៌ ដោយសារតែលោកក៏ឃើញដូចគ្នាថារយៈពេល៥ទឹកគឺកីឡាករកម្ពុជាឈ្នះដាច់។
កីឡាករ Moeurng Mey ធ្លាប់ប្រកួតបាន៦៨លើក ឈ្នះ៥៥ដង ចាញ់៨ដង និងស្មើ៥លើក ចំណែកឯកីឡាករ សេក ចាន់រាជ្យ គឺជាជើងថ្មីទើបតែប្រកួតបាន៤៥លើក ឈ្នះ៣៧លើក ចាញ់៥លើកនិងស្មើ៣លើកប៉ុណ្ណោះ។ ដោយឡែកមួយគូអន្តរជាតិទៀត កីឡាករទេស សំខាន់ មកពីក្លិបកងពលតូចលេខ៧០ បានត្រឹមតែស្មើពិន្ទុនោះទេជាមួយកីឡាករថៃឈ្មោះ Pek Nam Ek បន្ទាប់ពីPek Nam Ek ត្រូវគេឲ្យមកប្រកួតជំនួស Rithy Chhai ដែលត្រូវអវត្តមានដោយគ្មានការគ្រោងទុក៕