ប្រទេសកូរ៉េខាងជើងបានគំរាមបើកការវាយប្រហារនុយក្លេអ៊ែរដោយ “មិនរើសមុខ” ប្រឆាំងនឹងកូរ៉េខាងត្បូង និងអាមេរិក ប្រសិនបើប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ នៅតែបន្តគម្រោងហ្វឹកហាត់សមយុទ្ធយោធានៅថ្ងៃចន្ទនេះ។
សារព័ត៌មាន Channel News Asia រាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមហ្វឹកហាត់សមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេ នៅថ្ងៃចន្ទនេះ បណ្តាលឲ្យមានការព្រមានភ្លាមៗពីប្រទេសកូរ៉េខាងជើងដោយការវាយប្រហារនុយក្លេអ៊ែរ “មិនរើសមុខ” ប្រឆាំងនឹងទីក្រុងសេអ៊ូល និងដីគោករបស់អាមេរិក។
សមយុទ្ធប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តទាំងពីនេះ តែងតែបង្កើនភាពតានតឹងទៅលើឧបទ្វីបកូរ៉េដែលបែកជាពីរនេះ ហើយស្ថានភាពក្នុងឆ្នាំនេះគឺងាយនឹងប្រឈម ដោយសារតែថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ទន្ទឹមនឹងកំហឹងរបស់កូរ៉េខាងជើងចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលជាការឆ្លើយតបរបស់សហគមន៍អន្តរជាតិ។
ចំនួនអ្នកចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលគេឲ្យឈ្មោះថា Key Resolve និង Foal Eagle ត្រូវបានគេបង្កើនឡើងក្នុងឆ្នាំនេះ ដោយមានកងទ័ពកូរ៉េខាងត្បូង៣សែននាក់ និងទាហានអាមេរិក១ម៉ឺន៥ពាន់នាក់ ដោយរួមទាំងនាវាចម្បាំង និងកងកម្លាំងអាកាសពិសេរបស់អាមេរិកផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយប៉ុន្មានម៉ោងមុនការចាប់ផ្ដើមនៃការសមយុទ្ធរបស់កូរ៉េខាងត្បូងនិងអាមេរិក គណៈកម្មការការពារជាតិរបស់កូរ៉េខាងជើង បានថ្លែងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ទ័ពទាំងអស់របស់ខ្លួនដើម្បីប្រឆាំងការវាយលុកផ្នែកយោធា។
ការគំរាមរបស់កូរ៉េខាងជើងនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោក គីម ជុងអ៊ុន បានបញ្ជាទៅកាន់ឃ្លាំងអាវុធនុយក្លេអ៊ែរឲ្យត្រៀមខ្លួនជាប្រចាំគ្រប់ពេលសម្រាប់ការប្រើប្រាស់ណាមួយ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីសប្ដាហ៍មុន៕
ប្រភព៖ Channel News Asia