មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ទៀតរងការព្រមានផ្សព្វផ្សាយរឿងអាស្រូវផ្ទាល់ខ្លួន

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង កាលពីកន្លងទៅ​

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ទៀតរងការព្រមានផ្សព្វផ្សាយរឿងអាស្រូវផ្ទាល់ខ្លួនពីជនអនាមិក ខណៈ​គណបក្ស​ប្រឆាំងមួយនេះអះអាងថាខ្លួនកំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋមូលដ្ឋាន។

កាលពីថ្ងៃទី ៧ ខែមិនា តំណាងរាស្រ្តគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានផ្សព្វផ្សាយ​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាលោកទទួលបាន​លិខិតមកដល់ផ្ទះមួយដែលព្រមានផ្សព្វផ្សាយរឿង​អាស្រូវរបស់លោកដូចរឿងអាស្រូវលោក កឹម សុខា បើលោកនៅតែព្យាយាមការពារនិង​បិទបាំងរឿង​អាស្រូវរបស់​លោកកឹម សុខា ទៀតនោះ។

លិខិតអនាមិកនោះបានសរសេរខ្លឹមសារព្រមានថា៖ [Quote]

ឆ្លើយតបទៅនឹងបញ្ហានេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍ថា​ករណីនេះគឺជារឿងដដែលៗ​ ដោយលោកថាចង់ផ្សាយប៉ុន្មានដងក៏លោកមិនចាប់អារម្មណ៍។ លោកបន្ថែមថា​លោកមិនប្ដឹងពីការព្រមាននោះទេ ដោយលោកថាគួរគិតរឿងការបោះឆ្នោតនិងរឿងប្រទេសជាតិសំខាន់ជាង។

[Quote2]

សា​ស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា យល់ឃើញថាក្នុងសង្គមប្រជាធិបតេយ្យអ្នក​នយោបាយគួរតែធ្វើការប្រកួតប្រជែងដោយស្មោះត្រង់លើគោលនយោបាយហើយ​ការ​ព្រមានពីជន​អនា​មិកណាមួយ​ទៅលើអ្នកនយោបាយនោះមិនគួរឲ្យកើតមានទេ។ លោកបន្ថែម​ថាបើទោះជាអ្នក​នយោបាយទាំងនោះ​ធ្វើអ្វីឲ្យមានរឿងអាស្រូវឬគ្មានក៏វាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថាប័ន​របស់របស់ខ្លួនដែរ ព្រោះវាជារឿងផ្ទាល់​ខ្លួនរបស់បុគ្គលម្នាក់ៗ។

[Quote3]

គួរបញ្ជាក់ថាទាក់ទងនឹងការផ្សព្វផ្សាយរឿងអាស្រូវនេះ កាលពីចុងខែកុម្ភៈឆ្នាំ​២០១៦ ប្រធានស្ដីទីគណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវបានបណ្ដាញសង្គមហ្វេសប៊ុកនិង​សារព័ត៌មានក្នុងស្រុកដែលភាគច្រើនគាំទ្ររដ្ឋាភិបាលបានផ្សព្វផ្សាយ​ជាបន្តបន្ទាប់ពីខ្សែអាត់សំឡេងសន្ទនាជាមួយស្រីម្នាក់។ ទោះយ៉ាងណាមកដល់ពេលនេះ​មិនទាន់មាននរណា​ម្នាក់ដឹងច្បាស់នៅឡើយទេថាខ្សែអាត់សំឡេងសន្ទនានោះជាសំឡេង​របស់លោក កឹម សុខា ឬយ៉ាងណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ