សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ជំរុញឲ្យមានការកែសម្រួលលើមាត្រាមួយចំនួនសេចក្ដីព្រាងច្បាប់សហជីព ដោយថាមាត្រាទាំងនោះជាការព្រួយបារម្ភរបស់និយោជក។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ GMAC ចុះថ្ងៃទី៨ ខែមីនា GMAC បានលើកឡើងថាមុនពេលសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមកដល់ GMAC បន្តជំរុញឲ្យពិចារណា កែសម្រួលលើមាត្រា ១០ ១៩ និង២០ ដើម្បីធានាថាច្បាប់នេះ ផ្ដល់ផលប្រយោជន៍ដល់និយោជកក្នុងវិស័យឧស្សាហកម្មកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា GMAC និង សមាគមពាណិជ្ជកម្មកម្ពុជាជំរុញឲ្យមានការកែសម្រួលមាត្រា១០ ដែលចែងថាសហជីពមូលដ្ឋានមួយត្រូវបង្កើតឡើងដោយកម្មករនិយោជិកក្នុងសហគ្រាសចំនួន១០នាក់។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា កន្លែងរោងចក្រមួយដែលមានកម្មកររាប់ពាន់នាក់អាចនឹងឃើញមានសហជីពជាច្រើនបង្កើតឡើង ដូច្នេះវានឹងបង្កភាពរញ៉េរញ៉ៃ ហើយមិនអាចតម្កល់ផលប្រយោជន៍ជាធំដល់កម្មករបានឡើយ។
លោកបន្ថែមថា៖ “យើងបានស្នើថា ដើម្បីបង្កើតសហជីពមួយបាន លុះត្រាតែមានកម្មករនយោជីក ចំនួណ ២០ភាគរយ នៃកម្លាំងពលកម្មសរុបក្នុងសហគ្រាសមួយៗ ដើម្បីធានាថាកម្មករមានតំណាង ត្រឹមត្រូវ ហើយនយោជកអាចជួបចរចា ជាមួយតំណាងដែលពិតប្រាកដ”។
ក្នុងសេចក្តីសេចក្ដីប្រកាសព័ត៌មានដដែលGMACនិងសមាគមពាណិជ្ជកម្មកម្ពុជាក៏ជំរុញឲ្យមានការកែសម្រួលលើមាត្រា១៩ ដែលចែងថា មានតែតុលាការការងារដែលអាចព្យួរបញ្ជីការសហជីពមិនឲ្យប្រតិបត្តិ បើរកឃើញការអនុវត្តការងាររំលោភច្បាប់។ និងមាត្រា ២០ ដែលបង្កការ ព្រួយបារម្ភសម្រាប់និយោជក ដោយសារច្បាប់នេះបានកំណត់លក្ខណៈសម្បត្តិក្នុងការកម្រិតទាប ទៅលើមេដឹកនាំសហជីពដែលកាន់តួនាទីគ្រប់គ្រងក្នុងសហជីពមួយ។
គួរបញ្ចាក់ថាកាលពីថ្ងៃទី ៦ ខែមីនា អង្គការសង្គមស៊ីវិល និង សហជីពមានដូចជាអង្គការលីកាដូ អាដហុក សហភាពការងារកម្ពុជា សហភាពចលនាកម្មករកម្ពុជា និងសហជីពផ្សេៗទៀតក៏បានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើរឲ្យមានការកែសម្រួលច្បាប់សហជីពនេះផងដែរ។ ពួកគេអះអាងថាមានមាត្រាមួយចំនួនដែលជាកង្វល់ក្នុងការចូលរួមសកម្មភាពរបស់កម្មករនយោជិកនាពេលអនាគត៕