ប្រទេសម៉ាឡេស៊ីនឹងចេញផ្សាយរបាយការណ៍បណ្ដោះអាសន្នលើកពី២ស្ដីពីការស្រាវជ្រាវរកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 នៅថ្ងៃអង្គារ ទី៨ ខែមីនា ចំខួប២ឆ្នាំនៃការបាត់ខ្លួនយន្តហោះនេះ។
សារព័ត៌មាន Channel News Asia បានចុះផ្សាយដោយដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ីលោក Liow Tiong Lai ថា របាយការណ៍បណ្ដោះអាសន្នលើកទី២នេះនឹងចេញផ្សាយនៅវេលាម៉ោង៣រសៀល ក្នុងថ្ងៃអង្គារនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទ លោក Liow បានឱ្យដឹងថា ប្រធានស៊ើបអង្កេតនៃក្រុមស៊ើបអង្កេតសុវត្ថិភាពយន្តហោះ MH370 លោក Kok Soo Chon នឹងចេញផ្សាយរបាយការណ៍នេះតាមរយៈការចាក់ផ្សាយតាមទូរទស្សន៍ Radio Televisyen Malaysia (RTM)1។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ លោក Liow ក៏បានប្រកាសផងដែរថា ក្នុងការរំឭកខួបលើកទីពីរនៃការបាត់ខ្លួនរបស់យន្តហោះ MH370 សភាម៉ាឡេស៊ីនឹងឈរស្មិងស្មាធិ៍ដើម្បីធ្វើការកាន់ទុក្ខ ជាមួយនឹងការអានសាររំលែកទុក្ខពិសេសមួយផងដែរ។
របាយការណ៍បណ្តោះអាសន្នលើទី១កម្រាស់៥៨៤ទំព័រអំពីការបាត់ខ្លួនរបស់យន្តហោះប្រភេទ Boeing 777-200ER ដែលបានចេញផ្សាយកាលពីថ្ងៃខួបលើកទីមួយ បានផ្តល់ព័ត៌មានលម្អិតស្តីពីរបៀបដែលរ៉ាដាតាមដានពេលដែលយន្តហោះចេញខុសពីទិសដៅ និងបញ្ហាមួយចំនួន។
ទោះយ៉ាងណា របាយការណ៍នោះមិនបានកំណត់មូលហេតុច្បាស់លាស់សម្រាប់ការបាត់ខ្លួននោះទេ ដោយបានបន្ថែមថា ពុំមានអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងប្រវត្តិហិរញ្ញវត្ថុ វេជ្ជសាស្រ្ត ឬប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកបើកយន្តហោះ ឬនាវិកនោះទេ។
លោក Liow បានបញ្ជាក់ផងដែរថា ការស្វែងរកយន្តហោះនេះជាអន្ដរជាតិ “នៅតែបន្តរហូតដល់ថ្ងៃនេះ”។ កាលពីថ្ងៃអាទិត្យសមាជិកក្រុមគ្រួសារ និងមិត្តភក្តិនៃអ្នកដែលនៅលើយន្តហោះ បានប្រារព្ធពីធីរំឭកការចងចាំមនុស្សជាទីស្រឡាញ់របស់ពួកគេ ព្រមទាំងជំរុញឱ្យរដ្ឋាភិបាល និងអ្នកជំនាញដែលពាក់ព័ន្ធ បន្តការស្វែងរកទៀត៕
ប្រភព៖ Channel News Asia