សហភាពអឺរ៉ុប និងប្រទេសទួកគីនិយាយថា នៅឯជំនួបកំពូលនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ពួកគេបានព្រមព្រៀងគ្នាលើគោលការណ៍ទូលាយមួយនៃផែនការដើម្បីសម្រួលវិបត្តិនៃការធ្វើចំណាកស្រុក ប៉ុន្តែពន្យារពេលនៃការសម្រេចចិត្ត។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានថ្លែងថា ជនចំណាកស្រុកមិនប្រក្រតីដែលបានទៅដល់ប្រទេសក្រិកនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសតួកគីវិញ។
សម្រាប់រាល់ជនចំណាកស្រុកស៊ីរីដែលវិលត្រឡប់ទៅវិញ ប្រទេសតួកគីចង់ឱ្យសហភាពអឺរ៉ុបទទួលយកជនភៀសខ្លួនស៊ីរី និងផ្តល់ជំនួយបន្ថែមទៀង និងបន្តការធ្វើសមាហរណកម្មសហភាពអឺរ៉ុប។
ការពិភាក្សាពីបញ្ហាជនចំណាកស្រុកនេះនឹងបន្តធ្វើទៀត មុនពេលកិច្ចប្រជុំរបស់សហភាពអឺរ៉ុបដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ និងទី១៨ ខែមីនា។
អឺរ៉ុបកំពុងប្រឈមនឹងវិបត្តិជនភៀសខ្លួនធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ជនចំណាកស្រុកភាគច្រើនមកតាមរយៈតួកគីដែលប្រទេសនេះបានផ្តល់ទីជម្រកដល់ជនភៀសខ្លួនជាង២.៧លាននាក់ដែលគេចពីសង្រ្គាមស៊ីវិលនៅប្រទេសជិតខាងស៊ីរី។
ប្រទេសតួកគីបានដាក់សំណើថ្មីមួយមុនពេលជំនួបកំពូលសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ ដែលបានធ្វើឲ្យមានភាពមិនច្បាស់លាស់ថាតើកិច្ចព្រមព្រៀងណាមួយនឹងអាចធ្វើទៅបាន។
ទោះយ៉ាងណា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បាននិយាយថា ក្រុមមេដឹកនាំទម្លាយភាពទាល់ច្រក ហើយលោកសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយនៅសប្តាហ៍ក្រោយ។
លោកបាននិយាយថា ការរីកចម្រើនទៅមុខនេះបង្ហាញសារយ៉ាងច្បាស់ថាពេលវេលានៃការធ្វើចំណាកស្រុកដោយមិនប្រក្រតីទៅកាន់អឺរ៉ុបគឺត្រូវបានបញ្ចប់ហើយ។
កាលពីឆ្នាំមុន ជនភៀសខ្លួនជាងមួយលាននាក់បានចូលទៅសហភាពអឺរ៉ុបដោយខុសច្បាប់តាមទូកដោយភាគច្រើននៃពួកគេធ្វើដំណើរចេញពីប្រទេសតួកទៅកាន់ប្រទេសក្រិក។ ជនភៀសខ្លួនប្រមាណ១៣ ០០០នាក់បានជាប់គាំងនៅតាមព្រំដែនរបស់ប្រទេសក្រិក ដោយសារបណ្ដាប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុបបានរឹតបន្តឹងការឆ្លងដែនទៅកាន់ទឹកដីរបស់ខ្លួន៕
ប្រភព៖ BBC