នាយករដ្ឋមន្រ្តី​ថា​កម្ពុជា​នៅតែបារម្ភ​នឹង​ករណីរំលោភនិងសម្លាប់ក្មេងស្រី

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ​លើក​ទី​១០៥ នៅព្រឹកថ្ងៃ​ទី​៨ខែមិនា ឆ្នាំ​២០១៦

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ទី​៨ ខែមិនាដែល​ជា​ទិវាសិទ្ធិនារីអន្តរជាតិ បាន​បង្ហាញ​ក្តី​បារម្ភ​ថា​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី ដោយ​លោក​ថា​នេះ​បណ្តាល​មក​ពីការ​ធ្លាក់​ចុះ​នូវ​សីល​​ធម៌សង្គម។​

លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ឯក​ភាព​នឹង​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារីដែល​បាន​លើក​យក​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី​ជា​បញ្ហា​ព្រួយបារម្ភដែល​ត្រូ​វ​ដោះស្រាយ​បន្ត​ទៀត។ លោក​មាន​ប្រសាសន៍​ថា​៖ “អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ពិសេស​ការំលោភ​ហើយ​សម្លាប់​ដែលភាគច្រើន​ប្រព្រឹត្ត​ដោយក្រុមយុវជន ដែល​បញ្ហាទាំងនេះ​មានទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ កង្វះការយល់​ដឹង​អំពីតម្លៃ​របស់ស្រ្តី ការរើសអើងចំពោះ​ស្រ្តីនិង​ភាពភ្លើតភ្លើន​ទៅតាមសម្ភារៈនិយម ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា​និង​បណ្តាញសង្គមខុសទិសដៅ”។ លោក​ក៏​បាន​បញ្ជាក់​ថា​បញ្ហា​គ្រឿងញៀននិង​ល្បែង​ស៊ីសង នៅ​តែ​មាន ដែល​លោកថា​នេះ​នាំ​ឲ្យ​មា​ន​ការ​រំលោភ​និង​សម្លាប់ក្មេង​ស្រី។​

​​​របាយការណ៍របស់​​​​ក្រសួង​​​មហាផ្ទៃ​​​ដែលត្រូវបានផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពីខែកុម្ភៈ ឆ្នាំ​២០១៦ បង្ហា​ញ​​ថាករណីចាប់​​​​រំលោភ​​​ក្នុងឆ្នាំ​២០១៥នេះបាន​​​​កើន​​​ឡើង​​​១២​​​ភាគ​​​រយ ​​​បើប្រៀប​​​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១៤។ របាយ​ការណ៍​​​បន្ត​ថា​​​​ការ​ចាប់​​​រំលោភកើតឡើង​​​​​ចំនួន​​​២៥៣​​​ករណី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​​​​២០​១​៤​​​ ដែល​​​មាន​​​២២៦ករណី​​​ប៉ុណ្ណោះ។ ​​​របាយ​​​ការណ៍​​​បន្ថែម​ថា​ករណី​​​រំលោភ​​​សម្លាប់​​​បានធ្លាក់​​​ចុះ​​​ពី​​​៦​​​ករណី​​​ម​ក​​​​នៅ​ត្រឹម​៤​​​ករណី​​​៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered