មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថារដ្ឋាភិបាលមានគម្រោងដូរអភិបាលខេត្តមួយចំនួន ដោយមន្រ្តីអះអាងថាការដូរនេះដោយសារមន្រ្តីទាំងនោះដល់អាយុចូលនិវត្តន៍។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាអភិបាលខេត្តប្រមាណ៦រូបនឹងត្រូវដូរចេញជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦នេះ រួមមានអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យ។ លោកបញ្ជាក់ថាការដូរនេះ ដោយសារពួកគេដល់អាយុចូលនិវត្តន៍ មិនមែនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបំពេញការងារនោះទេ។
លោក សក់ សេដ្ឋា បន្តថារដ្ឋាភិបាលនឹងមើលអាទិភាពមន្រ្តីនៅតាមមូលដ្ឋានសម្រាប់តំណែងអភិបាលខេត្តនេះ តែលោកថាប្រសិនបើរកមិនបាន រដ្ឋាភិបាលនឹងរកមនុស្សពីខេត្តផ្សេងទៅកាន់តំណែងនេះ។
បើតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ស ខេង បានថ្លែងកាលពីថ្ងៃចន្ទថារដ្ឋាភិបាលត្រៀមដកអភិបាលខេត្តមួយចំនួន ហើយតំណែងអភិបាលខេត្តថ្មីត្រូវបានជ្រើសរើសរួចហើយ។ លោកបានបញ្ជាឲ្យគណៈកម្មការយេនឌ័រដើម្បីស្ត្រីជួយផ្តល់កិច្ចសហការជ្រើសរើសមន្ត្រីជាស្ត្រីត្រៀមចូលកាន់តំណែងជាអភិបាលរងខេត្តផងដែរ ហើយថាបើជ្រើសរើសមិនបាននោះទេ ត្រូវទុកកន្លែងនោះឲ្យនៅទំនេរដដែលនិងរង់ចាំការជ្រើសរើសស្ត្រីថ្មីចូលទៅកាន់តំណែងបំពេញការងារភារកិច្ចនោះ។
គួរបញ្ជាក់ថាកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅមន្រ្តីរបស់ខ្លួនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថាការដំឡើងតួនាទីនៅមូលដ្ឋានដូចជាអភិបាលខេត្ត ក្រុង ស្រុក នៅថ្នាក់ក្រោមជាតិគឺតម្រូវឲ្យជ្រើសរើសមន្ត្រីដែលនៅមូលដ្ឋាននោះ ដោយលោកថាដើម្បីរក្សាការពារសុច្ចរិតភាព យុត្តិធម៌និងកាត់បន្ថយនូវរាល់ការថ្នាំងថ្នាក់។ នេះបើយោងតាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន៕