កាលពីដើមខែមិនាមុននេះ តារាសម្ដែងល្បីឈ្មោះនាង សុខ សោម៉ាវត្តី បានទទួលថតរឿង«៣០ថ្ងៃ»ថែមមួយរឿងទៀតហើយ នៅក្នុងកាលៈទេសៈដែលខ្សែភាពយន្តរឿងភាគទូរទស្សន៍និងរឿងដុំដែលនាងបានទទួលនៅសល់យ៉ាងណែនក្នុងដៃនៅឡើយ។ ស្ថានភាពសង្វាតការងារសិល្បៈរបស់នាង ត្រូវគេឃើញកើតឡើងស្របគ្នានឹងដំណឹងកាន់តែបែកធ្លាយខ្លាំងថានាងនិងស្វាមី ពិតជាបានលះលែងគ្នានៅក្រៅប្រព័ន្ធតុលាការ។
ទោះជាគ្មានការសារភាពដោយផ្ទាល់មាត់នៅឡើយ ក៏ សុខ សោម៉ាវត្តី ហាក់បណ្ដោយឲ្យការយល់ឃើញរបស់មហាជនលេចចេញជារូបរាងហើយ បន្ទាប់ពីនាងចាប់ផ្ដើមទទួលការងារទាំងការសម្ដែងនិងពិធីការិនី ដោយគ្មានសម្ពាធដូចមុន ស្របគ្នានឹងការទម្លាយកាន់តែច្រើនថានាងនិងលោក ទូច ដាណារ៉ា ដែលជាកូនប្រុសរបស់លោកនាយឧត្តមសេនីយ៍ទូច ណារ៉ុថ នោះ ពិតជាចែកផ្លូវគ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺនាងបានប្ដូរជំហរទាត់ចោលរាល់ការសម្ភាសន៍ នៅពេលមានការសាកសួរថានាង និងស្វាមីពិតជាបែកគ្នាដូចគេលើកឡើងឬយ៉ាងណា។
ជាក់ស្ដែងក្នុងពិធីក្រុងពាលីថតរឿង«៣០ថ្ងៃ»របស់ផលិតកម្មមហាហង្សកាលពីថ្ងៃទី៤ខែមិនាមុននេះ នាងបានច្រានចោលទាំងស្រុងពីការចោទសួរជុំវិញដំណឹងដែលគេបន្តទម្លាយថាស្វាមីរបស់នាង មិនត្រឹមតែបានចែកផ្លូវជាមួយនាង ប៉ុន្តែក៏មានស្នេហាថ្មីនោះ។ នាងអះអាងថាសុំមិនធ្វើការសម្ភាសន៍ជុំវិញរឿងរ៉ាវស្នេហានោះទេ បើទោះជាមានការយល់ឃើញយ៉ាងមិចក៏ដោយ។ តារារូបនេះនិយាយថា៖ “សម្រាប់រឿងឯកជនខ្ញុំសុំអត់និយាយ តែបើសិល្បៈអូខេ!”។
យ៉ាងណាក៏ដោយនាងបានអះអាងថា ចាប់ពីថ្ងៃនេះតទៅ នាងនឹងចេញមុខសង្វាតការសម្ដែងនិងទទួលធ្វើពិធីការិនីឲ្យខ្លាំងដូចដើម ដើម្បីទទួលបានចំណូលខ្ពស់ផងនិងដើម្បីបន្សល់ទុកស្នាដៃមុនពេលសម្រស់ធ្លាក់ចុះផង។ សុខ សោម៉ាវត្តី និយាយថា៖ “ឥឡូវហ្នឹងអត់មានអារម្មណ៍ខ្វល់រឿងអ្នកណានិយាយអីទេ ព្រោះការងារច្រើនទាំងសម្ដែងនិងពិធីការិនី ចំណែកកូនខ្ញុំគឺគាត់មានអ្នកមើលថែហើយ។ អ៊ីចឹងហើយទើបខ្ញុំទទួលបានការងារច្រើនប៉ុន្មានខែហ្នឹង!”។
សុខ សោម៉ាវត្តី បានអះអាងថាបើផ្អែកលើស្ថានភាពមមាញឹកគឺនាងមិនអាចទទួលយកការសម្ដែងក្នុងរឿង«៣០ថ្ងៃ»របស់ផលិតមហាហង្សបានទេ ប៉ុន្តែមកពីមើលឃើញពីចំណុចខ្លាំងរបស់រឿងនោះ ទើបសម្រេចចិត្តទទួលសម្ដែងមួយរឿងទៀត។ នាងនិយាយថា៖ “បើឲ្យមានពេលគឺសឹងតែអត់មានម្មង ប៉ុន្តែម្យ៉ាងផលិតករគាត់ចង់បានយើងផង ទើបខ្ញុំសម្រេចចិត្តចែកពេលទទួលថតរឿង«៣០ថ្ងៃ»មួយទៀត ប៉ុន្តែខ្ញុំក៏ភ័យដែរព្រោះខ្លាចឲ្យថ្ងៃគាត់អត់ត្រូវតាមដែលគាត់ចង់បាន ហើយធ្វើឲ្យពួកគាត់យឺតយ៉ាវ!”។
នាងថាពេលវេលាសម្រាប់ចុះថតរឿងនេះ នឹងផ្ដល់ឲ្យផលិតករដោយផ្អែកតាមភាពជាក់ស្ដែង ត្បិតអីស្ថានភាពការងាររបស់នាងគឺសឹងមិនមានម៉ោងសម្រាកនោះឡើយ។ នាងសារភាពថាស្ថានភាពសិល្បៈរបស់ខ្លួនគឺសឹងមិនអាចឲ្យនាងមានពេលចូលផ្ទះឬមើលថែកូនស្រីនោះទេ ប៉ុន្តែមកពីនាងមិនចង់ឲ្យឱកាសទាំងនោះរបូតពីដៃទើបត្រូវតែទទួល ដោយសូម្បីតែការងារនៅតម្រូវឲ្យនាងចុះខេត្តឆ្ងាយៗ។ យ៉ាងណាក៏ដោយនាងថានឹងលៃចុះថតរឿង«៣០ថ្ងៃ»របស់ផលិតមហាហង្សបានចប់តាមគម្រោង ដើម្បីឲ្យនាងមានពេលចុះថតរឿងថ្មីនិងទទួលការងារផ្សេងទៀត ដែលបានទាក់ទង។
សុខ សោម៉ាវត្តី បានអះអាងថាចំណុចពិសេសក្នុងរឿង«៣០ថ្ងៃ»ដែលធ្វើឲ្យនាងសុខចិត្តទទួលក្នុងពេលមមាញឹកនេះ គឺដោយសារតែផលិតករតម្រូវឲ្យនាងសម្ដែងជាតួស្រីស្អាតមានចរឹកក្រម៉ិចក្រមើមពូកែឌឺដងត្រូវនឹងចរិកពិតនិងដោយសារតែខ្សែរឿងនោះចម្រុះដោយតារាល្បីៗ។ ម្យ៉ាងមកពីខ្សែរឿងនោះត្រូវបានដឹកនាំសម្ដែងដោយលោក ជុំ វិចិត្រ ដែលធ្លាប់ជ្រោមជ្រែងឲ្យនាងល្បីនោះផង ទើបមិនអាចប្រកែកបាន។
ប្រភពពីផលិតកម្មមហាហង្សបានអះអាងថា ខ្សែរឿង«៣០ថ្ងៃ»គ្រោងចំណាយប្រមាណ ៥ម៉ឺនដុល្លារអាមេរិកនិងជារឿងដែលគ្រោងដាក់បញ្ចាំងនៅអំឡុងបុណ្យអុំទូកខាងមុខ។ រឿងនេះសម្ដែងដោយ សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, នាយ គ្រឿន, លោកប៊ីអាយជី, លោក រ៉េតបូរ៉ា(សុខពិសីកូពី), លោក ជា សំណាង, កញ្ញា ពេជ្រ ម៉ារីដា, លោក ហេង ស៊ីម៉ន, កញ្ញា ផាន់ ផាភួង, លោក អូន ឧស្សាហ៍ និងលោក លឹម រដ្ឋា ជាដើម៕