អង្គការសហប្រជាជាតិជំរុញឲ្យបណ្តារដ្ឋាភិបាលនៅលើពីភពលោកយកចិត្តទុកដាក់ដល់ស្ថានភាពសេដ្ឋកិច្ច នយោបាយ និងប្រឆាំងរាល់ទម្រង់ការរើសអើសលើស្រ្តី និងកុមារីជនបទ ដែលអង្គការសហប្រជាជាតិបញ្ជាក់ថាជាការរួមចំណែកអភិវឌ្ឍសង្គម និងបទដ្ឋានសិទ្ធិមនុស្ស។
ក្នុងសេចក្តីប្រកាព័ត៌មានមួយសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិថ្ងៃ៨ មីនា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលើកឡើងថា ១ភាគ៤នៃប្រជាជនសរុបរបស់ពិភពលោកគឺជាស្រ្តីជនបទ។ សេចក្តីប្រកាសព័ត៌មានបន្តថា សន្និសីទរបស់អង្គការសហប្រជាជាតិជាច្រើនបានទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ស្រ្តីជនបទក្នុងការអភិវឌ្ឍជនបទ ផលិតស្បៀងអាហារ និងអាហារូបត្ថម្ភ ព្រមទាំងកាត់បន្ថយភាពក្រីក្រ។
ទោះបីជាយ៉ាងនេះក្តី គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមើលឃើញថា ស្រ្តីនៅតែមិនទាន់ទទួលបានសិទ្ធិពេញលេញក្នុងការទទួលបានគោលនយោបាយថវិកាជាតិ ក៏ដូចជាការសម្រេចចិត្ត និងមុខតំណែងជាអ្នកដឹកនាំនៅគ្រប់កម្រិត។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គណៈកម្មាធិការមួយនេះជំរុញឲ្យរដ្ឋាភិបាលនានាលុបបំបាត់រាល់ទម្រង់នៃការរើសអើសលើស្រ្តី និងដាក់បញ្ចូលកម្មវិធីនយោបាយលើកកម្ពស់លក្ខខណ្ឌសង្គម និងសេដ្ឋកិច្ចដល់ស្រ្តីជនបទ។ លើសពីនេះ គណៈកម្មាធិការក៏ជំរុញឲ្យរដ្ឋាភិបាលរបស់ប្រទេសនីមួយៗលើកទឹកចិត្តឲ្យស្ត្រីឲ្យចូលរួមក្នុងវិស័យនយោបាយប្រកបដោយអត្ថន័យ។ ជាងនេះទៅទៀត គណៈកម្មាធិការជំរុញឲ្យលុបបំបាត់ហិង្សាលើស្រ្តីទាំងហិង្សាលើរាងកាយ និងផ្លូវចិត្ត។
សេចក្តីប្រកាសព័ត៌មានសរសេរទៀតថា៖ “គណៈកម្មាធិការជឿជាក់ថា ការដោះស្រាយស្ថានភាពស្រ្តីជនបទនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម ការពង្រឹងបទដ្ឋាន…សិទ្ធិមនុស្ស ព្រមទាំងការធ្វើឲ្យសម្រេចបានគោលដៅទាំងឡាយដែលបានអនុម័តយល់ព្រមដោយសហគមន៍អន្តរជាតិ”៕