នារីម្នាក់មានសំឡេងប្រហាក់ប្រហែលនឹងសំឡេងដែលត្រូវបានផ្សព្វផ្សាយថាមានទំនាក់ទំនងស្នេហាជាមួយប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃពុធនេះ បានស្នើឲ្យសមាគមសិទ្ធិមនុស្សអាដហុក ជួយអន្តរាគមន៍ ដោយនាងបានច្រានចោលការចោទប្រកាន់រឿងអាស្រូវស្នេហានេះ។
នៅពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានFresh Newsជាបន្តបន្ទាប់ថា លោក កឹម សុខា មានស្នេហាលួចលាក់ជាមួយស្រីក្មេងម្នាក់។ សំឡេងសន្ទនាដែលស្រដៀងនឹងសំឡេង លោក កឹម សុខា ត្រូវបានផ្សព្វផ្សាយលើហ្វេសប៊ុក។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក លោក នី សុខា ប្រាប់វីអូឌី(VOD)ថានារីម្នាក់អាយុ២៥ឆ្នាំ ដែលប្រាប់ថាឈ្មោះ ខុម ចាន់ដារ៉ាទីនិងត្រូវគេហៅថាអាមុំ បានមកសមាគមអាដហុកនៅម៉ោងប្រមាណ៣រសៀល ដើម្បីស្នើសុំអន្តរាគមន៍ករណីរបស់នាង។ លោកបញ្ជាក់ថានាងបានប្រាប់ថានាងមិនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា និងមិនមានរឿងអាស្រូវផ្លូវភេទអ្វីនោះទេ។
លោកបន្តថានារីម្នាក់នោះប្រាប់ថានាងបានស្គាល់លោក កឹម សុខា ដោយសារលោកជាភ្ញៀវកាត់សក់នៅហាងមួយនៅសង្កាត់ទន្លេបាសាក់ហើយនាងជាកូនជាងលាបសក់និងធ្វើក្រចក។
លោកបញ្ជាក់ថា៖ “តាមចម្លើយរបស់គាត់ គាត់ព្យាយាមបដិសេធថាអត់មានស្នេហាជាមួយលោក កឹម សុខា នោះទេ ។ តែគាត់ថាគ្រាន់តែស្គាល់ជាម៉ូយធ្វើក្រចក លាបថ្នាំសក់ឲ្យប៉ុណ្ណោះ”។
លោក នី សុខា បានឲ្យដឹងទៀតថាហ្វេសប៊ុករបស់នាងត្រូវបានគេលួចគណនី(Hack)មុនពេលរឿងអាស្រូវនោះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ “គាត់ព្យាយាមថាមិនមែនសំឡេងរបស់គាត់នោះទេ។ គាត់ថារូបភាពដែលគេផ្សាយនោះជារូបរបស់នាង តែគាត់បញ្ជាក់ថាហ្វេសប៊ុកត្រូវបានគេHackមុនពេលដែលមានរឿងរ៉ាវនោះកើតឡើង”។
លោកបន្តថានារីម្នាក់នោះបានបារម្ភពីសុវត្ថិភាព ទើបមករកអន្តរាគមន៍ពីសមាគមអាដហុក។ លោកបញ្ជាក់ថា៖ “គាត់ថារយៈពេលចុងក្រោយនេះ គាត់អត់បានទៅធ្វើការទេ បារម្ភពីសុវត្ថិភាពរបស់គាត់ គាត់ព្រួយបារម្ភ ខ្មាសគេ មានរឿងអាស្រូវជានារីខ្មែរ អស់អារម្មណ៍ធ្វើការ”។
មន្រ្តីអាដហុករូបនោះឲ្យដឹងទៀតថានារីម្នាក់នោះត្រូវបានការិយាល័យប្រយុទ្ធប្រឆាំងភេរវកម្មហៅឲ្យចូលបំភ្លឺនៅថ្ងៃសុក្រ ទី១១ ខែមិនា វេលាម៉ោង៩ព្រឹក ទាក់ទងនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គមហ្វេសប៊ុក។ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹងចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហា ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។
មន្រ្តីសិទ្ធិមនុស្សនោះឲ្យដឹងថាសមាគមអាដហុកនឹងបញ្ជូនមេធាវីមួយរូប ពេលនាងទៅឆ្លើយបំភ្លឺនៅការិយាល័យប្រយុទ្ធប្រឆាំងភេរវកម្ម។
លោក កឹម សុខា មិនបានបកស្រាយអ្វីទាំងអស់លើរឿងអាស្រូវស្នេហានេះទេ ប៉ុន្តែលោកបានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា”យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ” និងត្រូវប្រកាន់ខ្ជាប់នូវឃ្លាថា”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថា ជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ៕