ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡាប្រមាណ៣០នាក់តំណាងឲ្យ១៥គ្រួសារ នាំគ្នាតវ៉ាជាថ្មីនៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ដើម្បីស្នើឲ្យអាជ្ញាធររកដំណោះស្រាយឲ្យពួកគាត់។
តំណាងពលរដ្ឋម្នាក់អ្នកស្រី ស ស៊ន មានប្រសាសន៍ប្រាប់សារព័ត៌មាននៅកន្លែងតវ៉ាថា ពួកអ្នកស្រីនាំគ្នាធ្វើការតវ៉ាដាក់ញត្តិជាថ្មីនៅថ្ងៃនេះ គឺចង់ឲ្យសាលារាជធានីបកស្រាយពីការរំលាយគណៈកម្មការដោះស្រាយផ្ទះនៅសហគមន៍បុរីកីឡា ដោយអ្នកស្រីអះអាងថា ពួកអ្នកស្រីមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
អ្នកស្រីបន្ថែមថា៖ “សាលាក្រុងថាដោះស្រាយជូនពួកខ្ញុំ រហូតមកដល់ថ្ងៃនេះអត់មានដោះស្រាយទេ ហើយរំសាយគណៈកម្មការមានអង្គការក្រៅរដ្ឋាភិបាលចំនួន៦ អង្គការទៀតដែលរំសាយការដោះស្រាយហ្នឹងដោយអត់ជូនដំណឹងឲ្យពួកខ្ញុំទេ។ គាត់សន្យាផ្សេងគាត់ធ្វើផ្សឹង”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់វីអូឌីថា សាលារាជធានីនៅតែបន្តរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ តែថា ការដោះស្រាយនោះអាចធ្វើឡើងតាមរយៈការចរចា និងសម្របសម្រួលប៉ុណ្ណោះ។ លោកស្នើឲ្យប្រជាពលរដ្ឋកុំឲ្យរៀបចំពិធីសាសនាដាក់បណ្ដាសាអាជ្ញាធរ។
លោកបន្ថែមថា “គាត់ដឹងច្បាស់ថា គាត់អ្នកដឹងរឿងការងារ ព្រោះគាត់ជាអ្នកដែលធ្វើការផ្ទាល់ជាមួយក្រុមការងារចម្រុះ ដែលការវាយតម្លៃលក្ខណៈសម្បត្តិអ្នកដែលត្រូវបានផ្ទះ ឬអ្នកដែលត្រូវបានតម្លៃនៃផលប៉ះពាល់នោះ គ្រាន់តែមួយចំនួនទៀតគឺគាត់មិនព្រមទទួលយកការដោះស្រាយហ្នឹង។ ទោះបីជាក្រុមការងារវាយតម្លៃហើយក៏គាត់បដិសេធមិនយក ដូច្នេះនេះពិបាកណាស់ ខ្ញុំគិតថាព្យាយាមធ្វើការសម្របសម្រួលគ្នាទៅមុខទៀតជាជាងអ្នកធ្វើការដាក់បណ្តាសាអី ជំនឿរអីទីងមូងអីអញ្ខឹងទៅណា”។
បើតាមអ្នកតវ៉ាអះអាងថា ក្នុងការតវ៉ានៅព្រឹកថ្ងៃពុធនេះមានការប៉ះទង្គិចរវាងក្រុមអ្នកតវ៉ាជាមួយសន្តិសុខសាលារាជធានីភ្នំពេញ និងបានធ្វើឲ្យអ្នកតវ៉ាមួយចំនួនរងរបួសផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០១៦ ក្រុមការងារដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋបានដោះស្រាយជូន ប្រជាពលរដ្ឋចំនួន៩០គ្រួសារ ដែលក្នុងនោះ ៥គ្រួសារទទួលយកផ្ទះនៅភូមិអណ្តូង ៥១គ្រួសារទទួលយកសំណងជាទឹកប្រាក់ និង៣៤គ្រួសារទទួលយកផ្ទះនៅក្នុងអាគារបុរីកីឡា។ ចំណែកឯគ្រួសារចំនួន៦០គ្រួសារទៀត អាជ្ញាធរអះអាងថានឹងបន្តដោះស្រាយបន្តទៀត៕