ក្រសួង​ការបរទេស​ថាមន្រ្តីរាជការមួយចំនួន​ប្រើលិខិត​ឆ្លងដែន​ផ្លូវការ​ធ្វើជា​ពលករ

ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​មន្រ្តី​របស់​ស្ថាប័ន​មួយ​ចំនួន​បាន​ប្រើប្រាស់​លិខិត​ឆ្លងដែន​ផ្លូវការ​ដែល​​ក្រសួង​បាន​ចេញ​ឲ្យ​ ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេស។

កាលពីថ្ងៃទី​៤ ខែមិនា ក្រសួង​ការបរទេស​កម្ពុជា​បានចេញលិខិត​មួយ​ទៅកាន់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោ​ក ស ខេង ដោយ​ស្នើដកលិខិតឆ្លងដែនផ្លូវការមន្រ្តី​រដ្ឋាភិបាល ពេលបញ្ចប់បេសកកម្មនៅក្រៅ​ប្រទេស។​ លិខិត​​បញ្ជាក់​ថា​ក្រសួងនឹងប្រគល់លិខិតឆ្លងដែនផ្លូវការទាំងនោះទៅវិញនៅពេលមន្រ្តីនោះត្រូវមានបេស​ក​កម្ម​​នៅបរទេសជាថ្មី។ ក្រសួងការបរទេស​​​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ចំណាត់ការ​នេះនោះទេ។​

ទោះ​ជា​យ៉ាងណា នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​មួយ​ចេញផ្សាយនៅថ្ងៃពុធនេះ​ ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា​កន្លងមក​ចំពោះ​មន្រ្តី​​រាជ​ការ​របស់​ស្ថាប័ន​រដ្ឋ​ដែល​ត្រូវ​ចេញទៅ​បំពេញ​បេសកកម្ម​ផ្លូវ​ការ​ឬ​ចូល​រួម​កម្មសិក្សា​​​នៅ​ក្រៅប្រទេស ក្រសួ​ង​បានចេញ​នូវ​លិខិត​ឆ្ល​ងដែន​ផ្លូវ​ការ​ ដោយ​ផ្អែក​លើលើ​សំណើសុំ​របស់​ស្ថាប័ន​ទាំង​នោះ​ ដោយ​ពុំមាន​​កា​រ​បង់​ថ្លៃ​។​ ក្រសួង​បន្ត​ថា​ក៏​ប៉ុន្តែ​ក្នុង​រយៈ​ពេលកន្លងមកនេះ មានមន្រ្តី​របស់អង្គភាព​​ឬ​ស្ថាប័ន​ខ្លះ​ នៅពេល​​ចប់​បេសកកម្ម​ផ្លូវ​ការ​ឬ​មិន​បាន​ទៅ​បំពេញ​បេសកកម្មផ្លូវ​ការ​ បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​​នោះ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ពល​ករ​ខុសច្បាប់​នៅ​ក្រៅប្រទេស។

ក្រសួងការបរទេស​បាន​បញ្ជាក់ថា៖ [Quote]

បើតា​ម​សេចក្តីជូន​ព័ត៌មាន ​ដើម្បីការពារ​កិត្តិយស​និងកិត្យានុភាពជាតិ​និង​តម្លៃ​របស់​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​ក្រសួង​ការបរទេស​បាន​ស្នើសុំ​ការ​សម្រេចពីនាយករដ្ឋមន្រ្តី​ដើម្បីរក្សា​ទុក​លិខិត​ឆ្លង​ដែនផ្លូវការទាំងនោះ។

ក្រសួ​ង​បញ្ជាក់​ថា​៖ [Quote2]

វីអូឌី(VOD)មិនទាន់​អាច​សុំការ​បញ្ជាក់បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេសកម្ពុជា លោក ជុំ សន្ទរី បាននៅឡើយទេ។​

អ្នកនាំពាក្យ​អគ្គនាយកដ្ឋានអន្តោប្រវែសន៍ លោក ចាន់ វណ្ណថន មានប្រសាសន៍ថា​រហូត​មក​ដល់​ពេល​នេះ លោក​មិនទាន់ឃើញ​លិខិត​របស់​ក្រសួងបរទេស​នៅឡើយទេ តែ​លោក​ថា​នៅពេល​ទទួល​បាន​ អគ្គនាយក​ដ្ឋាន​នឹង​ចាត់វិធានការ​តាមការស្នើ​សុំនោះ។​

អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​​នៃ​ក្រសួង​មហាផ្ទៃ លោក ចាន់ គឹមសេង ​មាន​ប្រសាសន៍​ថា​លិខិតឆ្លងដែន​នៅកម្ពុជា​មាន​បីប្រភេទគឺ​លិខិត​ឆ្លងដែន​សម្រាប់ស្ថានទូត លិខិតឆ្លងដែនផ្លូវការនិង​លិខិត​​​ឆ្លងដែនធម្មតា។ លោក​បន្ត​ថា​លិខិត​ឆ្លងដែន​ផ្លូវការ​មានលក្ខណៈពិសេស​ត្រង់​ថា​អ្នកាន់លិខិត​ឆ្លងដែន​​នោះ មិនត្រូវ​បង់ថ្លៃ​ទិដ្ឋា​ការ​ហើយ​​អាច​ធ្វើ​ដំណើរ​តាមច្រកពិសេស នៅពេល​ទៅ​ដល់​ប្រទេស​គោល​ដៅ។

បើ​តាម​មន្រ្តីក្រសួងការបរទេស ​អ្នកកាន់លិខិតឆ្លងដែនផ្លូវការ​អាច​ស្នាក់នៅ​ប្រទេស​មួយ​ចំនួន​​បាន១៥ថ្ងៃដោយ​មិន​មានទិដ្ឋាការ ក្នុង​នោះ​មាន​​ប្រទេស​កូរ៉េខាងត្បូងផងដែរ ​​ ដោយសារ​ប្រទេស​ទាំង​នោះ​មាន​កិច្ច​ព្រមព្រៀង​ជា​មួយរដ្ឋាភិបាល​​កម្ពុជា។

អ្នកសម្របសម្រួលនៃបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកប្រចំាកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាការស្នើដកលិខិតឆ្លងដែនផ្លូវការពីមន្រ្តីបែបនេះអាចបណ្ដាលមកពីមន្រ្តីទាំងនោះប្រើប្រាស់លិខិតឆ្លងដែនផ្លូវការនោះជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនច្រើនពេក។ លោកបន្ថែមថាក្រសួងការដកហូតលិខិតឆ្លងដែនផ្លូវការនេះហាក់ដូចជាប៉ះពាល់សិទ្ធិសេរីភាពរបស់មន្ត្រី តែថាវាមានភាពល្អប្រសើរក្នុងការរៀបចំសណ្ដាប់ធ្នាប់តម្លាភាពក្នុងការប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ។

[Quote3]

ទាក់ទងនឹងបញ្ហាលិខិតឆ្លងដែនផ្លូវការនេះ កន្លងមកមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថាមន្ត្រីកម្ពុជាកំពុងខ្វែងដៃខ្វែងជើងក្នុងការធ្វើលិខិតឆ្លងដែនផ្លូវការខុសច្បាប់ឲ្យពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ​ខាងត្បូង។ យ៉ាងណាក្រសួងការបរទេសក៏បានចេញសេចក្ដីថ្លែងការណ៍បដិសេធទាំងស្រុងចំពោះព័ត៌​មាននោះដោយក្រសួងបានលើកឡើងថាការចេញលិខិតឆ្លងដែនផ្លូវការនោះផ្ដល់ជូនសម្រាប់តែមន្រ្តីរាជការក្នុងការបំពេញបេសកកម្មផ្លូវការនិងចូលរួមវគ្គសិក្សានៅក្រៅប្រទេសតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ