បញ្ហាខ្វះ​ទឹកនិង​ទីផ្សារ​លក់​ផលិតផល​កសិកម្មនៅ​តែ​ជា​បញ្ហា​ប្រឈមចម្បង​សម្រាប់កសិករ​

វេទិកា​កសិករ​​ថ្នាក់ជាតិលើកទី៦

តំណាង​ប្រជាកសិករលើកឡើង​ថាបញ្ហា​កង្វះ​ទឹកនិង​ទី​ផ្សារ​សម្រាប់​លក់​ផលិត​ផល​កសិកម្ម​នៅ​តែ​ជា​បញ្ហា​ចម្បង​​ដែលពួកគេប្រឈមក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើការធ្វើកសិកម្ម។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុងវេទិកា​កសិករ​​ថ្នាក់ជាតិលើកទី៦ នៅថ្ងៃទី៩ ខែមីនា ក្រោមប្រធានបទ កសិករស្រីឆ្នើមក្នុងវិស័យកសិកម្មដែលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ។

តំណាងប្រជាកសិករមកពីខេត្តបាត់ដំបង អ្នកស្រី ដេម ស្រីលីម បានលើកឡើងថាកសិករភាគច្រើនធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀងដោយ​អ្នកស្រី​ថាមិនមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទឹកទេ។ អ្នកស្រីលើកឡើងដែរថាទិន្នផលដែលទទួលបានភាគច្រើនមិនមានតម្លៃនៅក្នុងទីផ្សារ​ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កសិករ​និងធ្វើ​ឲ្យ​ពួក​គាត់​​ខ្វះ​ដើម​ទុន​។

អ្នកស្រីបន្ថែមថា៖ បញ្ហាទុនទឹកហើយនិងទីផ្សារគឺជាបញ្ហាប្រឈមចម្បងរបស់កសិករ។ តំបន់ខាងខ្ញុំយើងមានប្រឡាយទឹកមួយដែលរដ្ឋាភិបាលសាងសង់ឲ្យពិតមែន តែយើងមិនទាន់ប្រើប្រាស់បានគ្រប់គ្រាន់នៅឡើយទេ។ ទាក់ទងជាមួយទុនកសិករយើងនៅខ្វះទុនច្រើនណាស់ នៅពេលដែលប្រមូលផលទិន្នផលគាត់បានទាប គាត់លក់អត់ចំណេញ ខ្វះទុនសម្រាប់បង្កបង្កើនទៅមុខទៀត ហើយគាត់ទៅខ្ចីមេក្រូហិរញ្ញរត្ថុ ឬឈ្មួញកណ្ដាល ដែលគាត់បង្វិលទៅបង្វិលមកធ្វើឲ្យគាត់ហ្នឹងអស់ប្រាក់កាន់តែច្រើនទៀត។ ទាក់ទងនឹងទីផ្សារនៅពេលដែលកសិករផលិតបាន ពេលខ្លះគឺយើងធ្វើស្រូវប្រភេទតែមួយនៅពេលប្រមូលបានក្នុងពេលតែមួយទីផ្សារធ្លាក់ថោក

នៅ​ក្នុង​វេទិកានេះ​ដែរ ​នាយកប្រតិបត្តិនៃវេទិការអង្គការមិនមែនរដ្ឋាភិបាលលោក តឹក វណ្ណរ៉ា មានប្រសាសន៍ថាកសិករមានបញ្ហាប្រឈមធំ​ៗ​ចំនួន​៤ដូចជា ទឹក ទុន ទីផ្សារ និងភ្លើងអគ្គិសនី ដែលលោក​ថា​ធ្វើឲ្យប៉ះពាល់ការធ្វើកសិកម្មរបស់ប្រជាកសិករ​។ លោកបន្ថែមថារដ្ឋាភិបាលក៏មានការរៀបចំប្រព័ន្ធទឹកដែរតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ​។

លោកបន្ថែមថា៖ យើងសង្ឃឹមថារដ្ឋាភិបាលនិងភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀតទៅលើធាតុចូលទាំង៤ ទឹក ទុន ទីផ្សារ និងអគ្គិសនី ដើម្បីសម្រួលធ្វើម៉េចឲ្យធាតុចូលទាំងបួនហ្នឹងមានតម្លៃសមរម្យ ធ្វើឲ្យកសិករជាពិសេសស្រ្តីគាត់អាចផលិតបាន ផលិតផលកសិកម្មមកអាចយកទៅលក់ដូរទៅសល់លុយហើយចំណេញខ្លះ ពេលហ្នឹងមានន័យថាកម្លាំងផលិតកម្មកសិកម្មយើងនឹងមានការកើនឡើង”។

ជា​ការ​ឆ្លើយ​តបរដ្ឋលេខាធិការ​ក្រសួងកសិកម្មនិងជាប្រធាននៃក្រុមការងារបច្ចេកទេសកសិកម្មនិងទឹកលោក ទី សុគន្ធ បានលើកឡើងនៅ​ក្នុង​វេទិកា​នោះ​ថាទាក់ទងនឹងបញ្ហាកសិកម្មរដ្ឋាភិបាលបានរៀបចំប្រព័ន្ធធារាស្រ្តតាមរយៈក្រសួងធនធានទឹកក្នុងការផ្គត់ផ្គង់ទឹកដល់កសិករ។ លោកថាជាងនេះទៅទៀតរដ្ឋាភិបាលក៏បានលុបចោលការយកពន្ធលើដីកសិកម្មនិងមានបង្រៀនផ្នែកបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពរបស់កសិករផងដែរ។

លោកបន្ថែមថា៖ វិធានការរបស់រដ្ឋាភិបាលមានលក្ខណៈ​ជាកញ្ចប់ គ្រប់ជ្រុងជ្រោយទាំងអស់ អញ្ចឹងការអភិវឌ្ឍទៅធ្វើព្រមគ្នារឿងទឹករឿងទុន និងទីផ្សារហ្នឹងជាធាតុ៣សំខាន់នៅក្នុងធាតុជាច្រើនផ្សេងទៀតដែលរដ្ឋាភិបាលគិតគូរគ្រប់ជ្រុងជ្រោយ

លោក ទី សុគន្ធ ​បន្ថែមថា ក្នុងការស្វែងរកទីផ្សារ រដ្ឋាភិបាលក៏បានរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវផ្នល់ក្នុងការតភ្ជាប់ពីតំបន់​ដាច់ស្រយាលមកកាន់ទីផ្សារក្នុងទីប្រជុំជន និងបង្កើនដៃគូរអភិវឌ្ឍឯកជនក្នុងការ​ផ្ដល់​ជំនួយជា​ថវិការដល់កសិករផងដែរ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែមករា ក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួលស្គាល់ថាកម្ពុជាមានការប្រឈមច្រើនក្នុងវិស័យកសិកម្មដែលលោក​ថា​បណ្ដាលឲ្យមានការបរាជ័យក្នុងទិសដៅនាំចេញអង្ករឲ្យបានមួយលានតោន។ លោកបានជំរុញឲ្យក្រសួង​ពាក់ព័ន្ធធ្វើការខិតខំបន្ថែមក្នុងការលើកស្ទួយវិស័យកសិកម្មដូចជាបង្កើនប្រព័ន្ធធារាសាស្ត្រឲ្យបានគ្រប់ទីកន្លែងនិង​ផ្គត់ផ្គង់គ្រាប់ពូជឲ្យបានគ្រប់គ្រាន់ដល់កសិករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered