រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃពុធនេះអះអាងថាថវិកាជាតិសម្រាប់វិស័យសុខាភិបាលគួរតែបង្កើន សម្រាប់ថែទាំសុខភាពនិងប្រសិទ្ធភាពនៃការចំណាយសាធារណៈដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទោះបីជាមានឬគ្មានលទ្ធភាពបង់ថ្លៃសេវា ត្រូវបានទទួលការថែទាំសុខភាពដែលមានគុណភាព។
ក្នុងសន្និបាតវិស័យសុខាភិបាលលើកទី៣៧នៅទីស្តីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថាការចំណាយប្រាក់ហោប៉ៅរបស់ប្រជាពលរដ្ឋលើការថែទាំសុខភាពមានកម្រិតខ្ពស់ ភាគច្រើនលើសលប់ទៅលើការថែទាំសុខភាពក្នុងផ្នែកសុខាភិបាលឯកជន។ លោកបន្តថាប្រការនេះអាចធ្វើឲ្យក្រុមប្រជាពលរដ្ឋងាយរងគ្រោះនិងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារចំណាយលើលើការថែទាំសុខភាព។
លោករដ្ឋមន្រ្តីបានថ្លែងថា៖ “ដូច្នេះការចាំបាច់គឺត្រូវបង្កើនការវិភាជន៍ថវិកាជាតិសម្រាប់ការថែទាំសុខភាពនិងប្រសិទ្ធភាពនៃការចំណាយសាធារណៈ ដោយរាប់បញ្ចូលទាំងការចំណាយប្រាក់ហោប៉ៅរបស់ប្រជាពលរដ្ឋព្រមទាំងអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គមមួយដែលធានាថាប្រជាពលរដ្ឋគ្រប់រូបទោះបីមាន ឬគ្មានលទ្ធភាពបង់ថ្លៃសេវានិងរស់នោទីណាក៏ដោយ ត្រូវទទួលបានសេវាថែទាំសុខភាពមានគុណភាព នៅពេលត្រូវការ”។
របាយការណ៍ស្តីពីថវិកាជាតិសម្រាប់ឆ្នាំ២០១៦បង្ហាញថារដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ២៧៧លានដុល្លារអាមេរិកសម្រាប់លើវិស័យសុខាភិបាលដែលសមាមាត្រស្មើ១០%នៃចំណាយចរន្តថវិកាជាតិ មានកំណើន៨,៦%ធៀបនឹងថវិកាសម្រាប់ឆ្នាំ២០១៥។
បើតាមរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៥របស់ក្រសួងសុខាភិបាល មូលនិធិសមធម៌បានគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនិងផ្តល់ការគាំពារហិរញ្ញវត្ថុដល់ជនក្រីក្រជាង៣លាននាក់។ របាយការណ៍បន្តថាករណីសរុបនៃការប្រើប្រាស់សេវាពិនិត្យជំងឺសម្រាកព្យាបាលនិងសម្រាលកូនបានកើនពី១,៥៧៥,៤៦៤ករណីនៅឆ្នាំ២០១៤ទៅ២,៣០១,៩០៧ករណីនៅឆ្នាំ២០១៥។
ជារឿយៗ គណបក្សប្រឆាំងរិះគន់រដ្ឋាភិបាលថាបានបែងចែកថវិកាតិចតួចសម្រាប់វិស័យចំបាច់ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ចនិងអភិវឌ្ឍជនបទ។ បក្សប្រឆាំងក៏បានស្នើឲ្យបង្កើនថវិកាជាតិបន្ថែមទៀតសម្រាប់វិស័យទាំងនេះ៕