ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានព្រឹទ្ធសភាលោក សាយ ឈុំ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
ក្នុងសេចក្ដីជូនដំណឹងមួយចេញនៅថ្ងៃទី៩ ខែមីនា ក្រសួងការបរទេសបានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវលោក ថងស៊ីង ថាំម៉ាវង្ស(Thongsing THAMMAVONG)។ ក្រសួងបន្ដថា គណៈប្រតិភូអមដំណើរទស្សនកិច្ចការងារនេះរួមមានរដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដីលោក សុខ អាន រដ្ឋមន្រ្ដីការបរទេស លោក ហោ ណាំហុង រដ្ឋមន្រ្ដីក្រសួងការពារជាតិ លោក ទៀ បាញ់ និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាល។
សេចក្ដីជូនដំណឹងដដែលឲ្យដឹងដែរថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងជួបពិភ្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្ដីឡាវ លោក ថងស៊ីង ថាំម៉ាវង្ស(Thongsing THAMMAVONG)។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី មានប្រសាសន៍ថា លោកពុំអាចបញ្ជាក់បន្ថែមពីរបៀបវារៈ និងកិច្ចការងារដែលប្រមុខរដ្ឋាភិបាលនឹងលើកយកទៅពិភាក្សាជាមួយសមភាគីឡាវនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ជុំម៉ាលី សាយ៉ាសន (CHOUMMALY SAYASONE) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ដោយលោកបានចូលបង្គំគាល់ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង ជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សាយ ឈុំ ដែលកាលនោះជាអនុប្រធានទី១ព្រឹទ្ធសភា៕