មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនិងតំបន់ប៉ាស៊ីហ្វិចចាប់អារម្មណ៍ទស្សនាហេតុការណ៍សូគ្រាស នៅថ្ងៃពុធនេះដែលព្រះចន្ទបាំងពន្លឺព្រះអាទិត្យនាំឲ្យមានភាពងងឹតផ្នែកខ្លះនៃភពផែនដី។
តាមការផ្សាយរបស់សារព័ត៌មាន BBC News ចុះផ្សាយថាសូគ្រាសចាប់ផ្តើមនៅម៉ោង៦:១៩នាទីម៉ោងក្នុងតំបន់ ជាពេលដែលព្រះចន្ទចាប់ស្ថិតក្នុងគន្លងជាមួយគ្នាគឺនៅចន្លោះព្រះអាទិត្យនិងផែនដី។ ពេលនោះព្រះចន្ទបាំងពន្លឺព្រះអាទិត្យមិនឲ្យចាំងដល់ផែនដីធ្វើឲ្យផែនដីងងឹតដូចយប់។

នៅក្នុងខេត្តបេលីតុងរបស់ឥណ្ឌូនេស៊ីគឺមានហ្វូងមនុស្សប្រមូលផ្តុំគ្នានៅឆ្នេរសមុទ្រដើម្បីមើលហេតុការណ៍សូគ្រាស។
សូគ្រាសបានកើតឡើងនៅចំប្រទេសឥណ្ឌូនេស៊ីនិងភាគកណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយសូគ្រាសនេះក៏បានប៉ះចំផ្នែកខ្លះនៃប្រទេសអូស្ត្រាលីនិងប៉ែកខាងកើតនៃទ្វីបអាស៊ីផងដែរ។ សូគ្រាសនេះនឹងបញ្ចប់នៅពេលថ្ងៃលិចតាមម៉ោងនៅក្នុងតំបន់ដែលត្រូវនឹងម៉ោងសកល៤:៣៤នាទីនៅភាគខាងជើងនៃរដ្ឋហាវ៉ៃ។
ប្រជាពលរដ្ឋរស់នៅប្រទេសឥណ្ឌូនេស៊ីក្នុងតំបន់ចម្ងាយ១៥០ គីឡូម៉ែត្រពីកោះស៊ូម៉ាត្រា កោះប័រណេអូ និងកោះស៊ូឡាវេស៊ីស្ថិតក្នុងគន្លងនៃសូគ្រាសនឹងជួបសូគ្រាសឬភាពងងឹតរយៈពេល៤ម៉ោងនៅព្រឹកថ្ងៃពុធនេះ។ ចំណែកនៅកោះម៉ាបានិងកោះម៉ាឡូកូនឹងជួបភាពងងឹតប្រមាណ៣នាទី ហើយតំបន់ខ្លះទៀតនៃប្រទេសឥណ្ឌូនេស៊ីនឹងត្រូវងងឹត១ឬ២នាទី។
ចំណែកនៅភាគខាងត្បូងនៃប្រទេសចិន អាស៊ីអាគ្នេយ៍ រដ្ឋហាវ៉ៃ និងរដ្ឋអាឡាស្កានឹងត្រូវជួបភាពងងឹតខ្លះដោយសារត្រូវជាប់ជាយនៃសូគ្រាស៕