សហជីពខ្លះ និងតំណាងរោងចក្រថាសំណើពួកគេមិនត្រូវបានបញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីព

សិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សហជីព (រូបភាព៖ ទូច សុខា)

តំណាងនិយោជក និងសហជីពមួយចំនួនបានសម្តែងការខកចិត្តចំពោះគណៈកម្មការចំពោះកិច្ចរបស់គណបក្សជាប់ឆ្នោតទាំងពីរថាមិនបានទទួលយកសំណើរបស់ពួកគេដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីព ដោយពួកគេថានឹងបន្តស្នើទៅគណៈកម្មការជំនាញរដ្ឋសភាឲ្យពិចារណាសំណើរបស់ពួកគេឡើងវិញ។

ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយដែលរៀបចំឡើងនៅវិមានរដ្ឋសភាក្នុងគោលបំណងស្វែងយល់ពីសេចក្តីព្រាងច្បាប់ស្តីពីសហជីពនៅព្រឹកថ្ងៃពុធនេះ អគ្គលេខាធិការរងនៃសមាគមនរោងចក្រកាត់ដេនៅកម្ពុជា (GMAC) លោក កាំង មូនីកា ថ្លែងថា លោកមានការសោកស្តាយចំពោះគណៈកម្មការចំពោះកិច្ចរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលលោកថាមិនបានដាក់បញ្ចូលសំណើរបស់តំណាងនិយោជកទៅក្នុងសេចក្តីព្រាងច្បាប់នេះ។ លោកថា GMAC បានស្នើឲ្យមានការកែប្រែពាក់ព័ន្ធនឹងកម្រិតវប្បធម៌របស់ប្រធានសជីព និងចំនួនកម្មករក្នុងការបង្កើតសហជីព តែលោកថាគណៈកម្មការចំពោះកិច្ចមិនបានដាក់បញ្ចូលចំណុចទាំងនោះទេ។

លោកបន្ថែមថា៖ “យើងខ្ញុំមានការខកចិត្តខ្លាំងដែរ ដែលសំណូមពរយើងខ្ញុំសំខាន់ៗមួយចំនួនមិនត្រូវបានដោះស្រាយ…ក្នុងចំណុចចុងក្រោយមួយទៀតត្រង់ចំណុចទោសទណ្ឌក៏មានភាពធូរស្រាលដែរ ដោយគ្រាន់តែពិន័យជាប្រាក់ក៏រួចទោសទណ្ឌដែរ ខ្ញុំយល់ថាចំណុចនេះលើកទឹកចិត្តឲ្យជនប្រព្រឹត្តិខុសហ្នឹងមានលទ្ធភាពធ្វើខុសម្តងហើយម្តងទៀត”

យ៉ាងណាក៏ដោយ ការលើកឡើងរបស់តំណាងនិយោជកនេះគឺមិនត្រឹមតែគណៈកម្មការចំពោះកិច្ចមិនបានលើកយកមកពិភាក្សានោះទេ ហើយចំណុចទាំងនេះក៏ត្រូវបានក្រុមសហជីពជំទាស់ផងដែរ។

ចំណែកខាងសហជីពវិញក៏បានសម្តែងការខកចិត្តផងដែរ ដែលគណៈកម្មការចំពោះកិច្ចនៅរក្សាទុកចំណុចមួយចំនួនដែលសហជីពគិតថាជាការជ្រៀតជ្រែកកិច្ចការរបស់សហជីព ដូចជាហសជីពត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុទៅកាន់ក្រសួងការងារ និងមុនពេលធ្វើបាតុកម្មកូដកម្មសហជីពត្រូវទទួលបានការយល់ព្រមពីសមាជិករបស់ខ្លួន៥០ភាគរយបូក១ជាដើម។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងក្នុងសិក្ខាសាលានេះថា ការកំណត់ចំនួនកម្មករ៥០ភាគរយបូកមួយទើបអាចធ្វើបាតុកម្មបានធ្វើឲ្យបាត់សិទ្ធិរបស់កម្មករក្នុងការធ្វើបាតុកម្ម កូដកម្មដោយសន្តិវិធី។ លោកថា សហជីពស្នើឲ្យមានត្រឹមតែការជូនដំណឹងទៅដល់និយោជកតែប៉ុណ្ណោះសម្រាប់ធ្វើបាតុកម្ម កូដកម្ម ដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារកន្លងមក។

លោកបន្ថែមថា៖ “គណបក្សទាំងពីរបានបង្កើតគណៈកម្មការចំពោះកិច្ចធ្វើដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់នេះ តែយើងឃើញថាលទ្ធផលចុងក្រោយគឺយើងអត់ទាន់បានទទួលការពេញចិត្តត្រង់ចំណុចនេះផងដែរ យើងស្នើឲ្យតំណាងរដ្ឋសភា ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធជួយពិចារណាដាក់ចូលក្នុងសេចក្តីព្រាងច្បាប់នេះ ដើម្បីធានាថាកម្មករនិយោជិតបានចូលរួមក្នុងសហជីព…ឲ្យស្របតាមច្បាប់សហជីពដែលធានាសិទ្ធិសហជីព”

ទោះយ៉ាងណា ទន្ទឹមនឹងមានសហជីពមួយចំនួនសម្តែងការខកចិត្តនេះ ក៏មានសហជីពមួយចំនួនក៏បានគាំទ្រទៅនឹងសេចក្តីព្រាងច្បាប់នេះ និងបានស្នើឲ្យច្បាប់នេះឆាប់បានអនុម័តឲ្យបានប្រើប្រាស់ឆាប់ៗផងដែរ។

ជាការឆ្លើយតបនឹងការលើកឡើងរបស់សហជីព និងតំណាងនិយោជក អនុប្រធានគណៈកម្មការចំពោះកិច្ចមកពីគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា គណៈកម្មការនេះបានដាក់ចូលនូវចំណុចមួយចំនួនដែលសហជីពបានលើកឡើងទៅក្នុងសេចក្តីព្រាងច្បាប់នេះរួចហើយ។ លោកបន្តថា ចំណុចសេសសល់មួយចំនួនទៀតដែលគណបក្សទាំងពីរមិនទាន់បានសម្រេចគ្នានោះ នឹងត្រូវគណៈកម្មការទី៦ និងទី៨របស់រដ្ឋសភាលើកទៅពិភាក្សាបន្តទៀតមុននឹងសម្រេចដាក់របាយការណ៍ពីសេចក្តីព្រាងច្បាប់នេះទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តទៀត។

ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង មានប្រសាសន៍ថា ចំណុចដែលគណៈកម្មការចំពោះកិច្ចបានសម្រេចនោះ ក្រសួងបានទួលយក និងដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះផងដែរ។

គួរបញ្ជាក់ថាក្រោយពីបញ្ចប់សិក្ខាសាលានេះ ប្រធានគណៈកម្មការចំពោះកិច្ចលោក ប៉ែន បញ្ញា ឲ្យដឹងថាគណៈកម្មការទី៦ និងទី៨នៃរដ្ឋសភា នឹងជួបពិភាក្សាជាមួយតំណាងក្រសួងការងារនៅថ្ងៃស្អែកដើម្បីពិក្សាលើសេចក្តីព្រាងច្បាប់នេះបន្តទៀត មុននឹងបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ