មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ដោយប្តឹងលោក សម រង្ស៊ី ដែលបង្ហោះព័ត៌មានថាគណបក្សប្រជាជនកម្ពុជាមានក្រុមការងារចុចដើម្បីចូលចិត្តលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងពាក្យបណ្ដឹងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ដែលបានប្តឹងលោក សម រង្ស៊ី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា គឺបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebook។ ក្នុងពាក្យបណ្តឹងនោះ លោក សោម សឿន បានចោទ លោក សម រង្ស៊ី ថាបានបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។
លោក សោម សឿន សរសេរថា ៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់ Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច”។
លោក សោម សឿន បានចាត់ទុកថា ការបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិ និងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។
អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ និងសុំមិនអត្ថាធិប្បាយលើពាក្យបណ្ដឹងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលប្តឹងលោក សម រង្ស៊ី នោះទេ ដោយលោកឆ្លើយយ៉ាងខ្លីថា គណបក្សសង្គ្រោះជាតិឆ្លើយតបតែចំពោះរឿងណាដែលទាក់ទងនិងប្រទេសជាតិ តែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ “អ្វីដែលគណបក្សសង្គ្រោះជាតិអាចឆ្លើយបានគឺទាក់ទងនឹងសំនួរដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិសំខាន់ៗ យើងនឹងឆ្លើយ ប៉ុន្តែដូចជារឿងនយោបាយប្តឹងចុះប្តឹងឡើងធ្វើឲ្យបរិយាកាសនយោបាយកាន់តែអាប់អួរ ហើយធ្វើឲ្យបង្វែរទិសដៅពីការចាប់អារម្មណ៍រឿងសំខាន់ៗជាអាយុវជីវិតជាតិ ទៅជារឿងកំប៉ិចកំប៉ុកឈ្លោះគ្នារវាងអ្នកនយោបាយ ដូច្នេះគណបក្សសង្គ្រោះជាតិមិនជ្រើសរើសយកការធ្វើនយោបាយបែបហ្នឹងទេ”។
កាសែតភ្នំពេញប៉ុស្តិ៍បានផ្សាយថា ទិន្នន័យដែលប្រមូលដោយគេហទំព័រវិភាគមួយឈ្មោះ socialbakers.com បានបង្ហាញថា ចំនួនជនជាតិកម្ពុជាដែលចុចគាំទ្រលោក សម រង្ស៊ី គឺមាន១,៨៣ លានច្រើនជាងចំនួនអ្នកចុចចូលចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានតែ ១,៧៣ លាននាក់។
កាសែតនេះបានដកស្រង់សម្ដីអ្នកជំនាញផ្នែកឌីជីថលម្នាក់មានមូលដ្ឋាននៅប្រទេសកម្ពុជាដែលសុំមិនបញ្ចេញឈ្មោះថាចំនួនអ្នក like អាចត្រូវបានទិញ ប្រសិនបើម្ចាស់ហ្វេសប៊ុកចង់មានប្រជាប្រិយភាពជាង ចំនួនដែលខ្លួនមានពិតប្រាកដ។
កាសែតដដែលនេះបានរាយការណ៍ទៀតថា ចំនួន like ក្លែងក្លាយត្រូវបានលក់ដោយក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់ការចុច «like» នៅបរទេសដែលកម្មករប្រាក់ខែតិចតួចបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីជួយចុច like ចុច follow នៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី។
លោក សម រង្ស៊ី បានយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត ហើយលោកបានដកស្រង់សារពីប្រភពមួយទៀតបន្ថែមថា លោក សោម សឿន គឺជាអ្នករៀបចំឲ្យមានក្រុមការងារបង្កើតគណនេយ្យហ្វេសប៊ុក like page លោក ហ៊ុន សែន និងប្រាប់ឲ្យមន្រ្តីគណបក្សប្រជាជន នាំគ្នាចុច Like ទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី និងបន្តបបួលអ្នកផ្សេងទៀតឲ្យចុច Like ទំព័រនេះ។ សារនោះក៏បានប្រាប់ឲ្យនាំគ្នាចូលទៅ Unlike page របស់លោក សម រង្ស៊ី ដើម្បីំឲ្យចំនួនអ្នកចូលចិត្តថយចុះផងដែរ៕