រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បំណាច់ដល់មន្រ្តីតុលាការគ្រប់កម្រិត តាំងពីថ្នាក់ប្រធានតុលាការ ចៅក្រមនិងព្រះរាជអាជ្ញា ដោយអះអាងថាដើម្បីធានានូវ”ប្រសិទ្ធភាពនិងការបង្កើនផលិតភាពក្នុងប្រព័ន្ធយុត្តិធម៌” ដែលការដំឡើងនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ច។
បើតាមអនុក្រឹត្យនោះ ប្រធានតុលាការកំពូលនិងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលនឹងទទួលបានប្រាក់បំណាច់ ១០លានរៀល(២៥០០ដុល្លារអាមេរិក)។ អនុប្រធានតុលាការកំពូល ប្រធានសភានៃតុលាការកំពូល អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ទទួលបានប្រាក់បំណាច់ចំនួន៤លាន៥សែនរៀល។
ចំណែកចៅក្រមតុលាការកំពូល ព្រះរាជអាជ្ញាអមតុលាការកំពូល អនុប្រធានសាលាឧទ្ធរណ៍ ប្រធានសភានៃសាលាឧទ្ធរណ៍និងអគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ទទួលបានប្រាក់បំណាច់៤លានរៀល។ ចៅក្រមសាលាឧទ្ធរណ៍ ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញាអមសាលាដំបូងនិងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌ ទទួលបានប្រាក់បំណាច់៣លាន៥សែនរៀល។
បើតាមអនុក្រឹត្យនោះ អនុប្រធានសាលាដំបូង ប្រធានតុលាការជំនាញនៃសាលាដំបូងនិងព្រះរាជអាជ្ញារងអមសាលាដំបូង ទទួលបានប្រាក់បំណាច់៣លាន២សែនរៀលហើយចៅក្រមសាលាដំបូងទទួលបាន៣លានរៀល ។ ចំណែកចៅក្រមកម្មសិក្សានិងព្រះរាជអាជ្ញារងកម្មសិក្សា ទទួលបានប្រាក់បំណាច់១លាន៥សែនរៀល។
រដ្ឋាភិបាលបានបញ្ជាក់ថាប្រាក់បំណាច់ចៅក្រមនិងព្រះរាជអាជ្ញារួមទាំងការបើកប្រាក់បៀវត្សប្រចាំខែត្រូវអនុវត្តតាមប្រព័ន្ធធនាគារ។
អនុក្រឹត្យឲ្យដឹងថាប្រាក់បំណាច់ចៅក្រមនិងព្រះរាជអាជ្ញា រួមមានប្រាក់បំណាច់មុខងារចៅក្រមនិងព្រះរាជអាជ្ញា ប្រាក់បំណាច់ឈ្នួលផ្ទះ ប្រាក់បំណាច់អធិមូលជីវភាព ប្រាក់បំណាច់សម្រាប់ផ្លាស់ប្តូរទីតាំងការងារ ប្រាក់ថ្លៃព្យាបាលនៅក្នុងមន្ទីរពេទ្យនិងប្រាក់ឧបត្ថម្ភសម្រាប់ព្យាបាលជំងឺប្រចាំកាយរយៈពេលយូររបស់ចៅក្រមនិងព្រះរាជអាជ្ញា។ អនុក្រឹត្យបញ្ជាក់ថាប្រាក់បំណាច់ទាំងនេះត្រូវបានបើកផ្តល់ប្រចាំខែ។
អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក ស សាម៉ីឌី មានប្រសាសន៍ថាប្រាក់បំណាច់គឺជាប្រាក់បន្ថែមលើប្រាក់បៀវត្សមូលដ្ឋានរបស់មន្រ្តីតុលាការ។ លោកមិនអាចបញ្ជាក់ថាតើការដំឡើងនោះស្មើនឹងប្រាក់បំណាច់បច្ចុប្បន្នប៉ុន្មាននោះទេ ដោយលោកស្នើឲ្យទាក់ទងខាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមវិញ។
អគ្គលេខាធិការរបស់ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម លោក សំ ប្រជាមានិត ប្រសាសន៍ថាបច្ចុប្បន្នប្រធានតុលាការកំពូលទទួលបានប្រាក់បំណាច់ប្រហែល២លាន៤សែនរៀលនិងព្រះរាជអាជ្ញារងទទួលបានប្រាក់បំណាច់១លាន៥ សែនរៀល។ លោកបន្តថាចៅក្រមកម្មសិក្សាទទួលបានប្រាក់បំណាច់៥០ម៉ឺនរៀល ចៅក្រមតុលាការជាន់ទាបទទួលបានប្រាក់បំណាច់១លាន៣សែនរៀលរហូតដល់១លាន៧សែនរៀល។
ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូនិងជាអ្នកតាមឃ្លាំមើលដំណើរការសវនាការ លោក អំ សំអាត ចាត់ទុកការដំឡើងប្រាក់បំណាច់ដល់មន្រ្តីតុលាការគ្រាន់តែជា”ចំណែកតូចមួយ”នៃការលុបបំបាត់អំពើពុករលួយ ប៉ុន្តែលោកថាមិនទាន់អាចធានាឲ្យតុលាការមានយុត្តិធម៌ពិតប្រាកដនោះទេ។ លោកបន្តថាដើម្បីធានាឲ្យតុលាការមានយុត្តិធម៌ពិតប្រាកដ ត្រូវលុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធតុលាការ បំបាត់បក្សពួកនិយមនិងការរំលោភអំណាច។ លោកបញ្ជាក់ថាកំណែទម្រង់ប្រព័ន្ធតុលាការត្រូវមានលក្ខណៈជាប្រព័ន្ធនិងស្តង់ដារ។
របាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ(IBAHRI)ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនិងបានចេញផ្សាយនៅខែកញ្ញា ឆ្នាំ២០១៥ឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានដាក់សម្ពាធលើប្រព័ន្ធតុលាការ។ វិទ្យាស្ថានបានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជានិងក្រសួងយុត្តិធម៌ ឲ្យបញ្ឈប់ជាបន្ទាន់ការដាក់សម្ពាធនយោបាយលើប្រព័ន្ធតុលាការនិងស្នើឲ្យរដ្ឋាភិបាលប្តេជ្ញាធានានិងការពារការបែងចែកអំណាចនៅកម្ពុជា។
កាលពីខែតុលា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថានឹងមានសង្គ្រាមកើតឡើង ប្រសិនបើគណបក្សសង្រ្គោះជាតិបង្កើតតុលាការឯករាជ្យសម្រាប់កាត់ទោសអ្នករកស៊ីខុសច្បាប់ ដោយលោកបានប្រៀបធៀបការធ្វើកំណែទម្រង់បែបនេះ ទៅនឹងសម័យ ប៉ុល ពត។
លោកមានប្រសាសន៍ថា៖ “ប៉ុន្តែដើមចោទ គេនឹងដើរចង្អុរដូចសម័យអាពត(ប៉ុល ពត) ដើរចង្អុលអានេះម្ចាស់ដី អាហ្នឹងដីវា១០ហិកតាកាលពីមុន ដាក់គ្រិប ហើយអានេះគ្រូបង្រៀន អានេះសាស្ត្រាចារ្យ។ អ៊ីចឹងទេ សង្គ្រាមកើត ហើយកុំថាខ្ញុំគំរាម ព្រោះរឿងអីឲ្យសារមកបែបហ្នឹងទៅហើយ។ ច្បាប់របស់ប្រទេសមួយត្រូវបានថែរក្សា ម៉េចចាំបាច់ដល់តែឈ្នះ មិនប្រឹងពីឥឡូវទៅ ថាអ្នកណាខ្លះរកស៊ីខុសច្បាប់ ប្តឹងពីឥឡូវទៅ ប្តឹងឡើងតុលាការទៅ ម៉េចក៏មិនប្តឹង។ ហើយចាំដល់ពេលខ្លួនឈ្នះ។ អ៊ីចឹងទេ អារឿងអាពតមកដល់ទៀត ជឿខ្ញុំទៅ វានឹងកើតសង្គ្រាមសារជាថ្មី។ គេថានិយាយអ៊ីចឹងដូចជាបន្លាច អត់ទេ វា(នឹង)កើតមែន”។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីទំនងសំដៅទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកន្លងមកទាំងលោក សម រង្ស៊ី និងលោក កឹម សុខា សុទ្ធតែអះអាងថានឹងបង្កើតតុលាការឯករាជ្យមួយដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលត្រូវបានរំពានបំពានដោយអ្នករកស៊ីខុសច្បាប់៕ ដោយស៊ុន ណារិន និងខាន់ លក្ខិណា