រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឧបត្ថម្ភ(ប្រាក់ប្រចាំខែ)ដល់សមាជិកក្រុមប្រឹក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ ហើយការអនុវត្តនឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៦តទៅ។
អនុក្រឹត្យមួយចុះថ្ងៃទី៩ ខែមិនា លោក ហ៊ុន សែន បានលើកឡើងថាអនុក្រឹត្យនេះកំណត់ជាថ្មីនូវកម្រិតប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ។ បើតាមអនុក្រឹត្យនោះ ប្រធានក្រុមប្រឹក្សរាជធានី ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លាន៩ម៉ឺនរៀល សមាជិកចំនួន៨៧ម៉ឺនរៀល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៨១ម៉ឺនរៀល និងសមាជិកចំនួន៦៥ម៉ឺនរៀល។
ចំណែកមេឃុំ ចៅសង្កាត់ ទទួលបាន៧៥ម៉ឺនរៀល។ ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២ ទទួលបានចំនួន៥៥ម៉ឺនរៀល។ សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបានចំនួន៤៨ម៉ឺនរៀល មេភូមិ២០ម៉ឺនរៀល អនុប្រធានភូមិ១៦ម៉ឺនរៀលនិងសមាជិកភូមិ១៤ម៉ឺនរៀល។
អនុក្រឹត្យបន្តថាប្រាក់ឧបត្ថម្ភប្រចាំខែផ្តល់ជូនប្រធានការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ ត្រូវកំណត់ចំនួន៦៥ម៉ឺនរៀល។ អនុក្រឹត្យបញ្ជាក់ថាប្រាក់ឧបត្ថម្ភទាំងនេះ ត្រូវចាប់អនុវត្តពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៦ ហើយការបើកប្រាក់ឧបត្ថម្ភត្រូវអនុវត្តប្រព័ន្ធធនាគារ។
សមាជិកក្រុមប្រឹក្សាឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ខៀវ ជន មានប្រសាសន៍ថាលោកមិនទាន់ទទួលដំណឹងពីការដំឡើងប្រាក់ឧបត្ថម្ភនេះនៅឡើយទេ។ លោកបន្តថាសព្វថ្ងៃនេះ លោកទទួលបានប្រាក់ឧបត្ថម្ភចំនួន៣៥ម៉ឺនរៀល ដែលប្រាក់នេះនឹងត្រូវដំឡើងទៅដល់៤៨ម៉ឺនរៀលចាប់ពីខែមេសាតាមអនុក្រឹត្យរបស់រដ្ឋាភិបាល។ លោកបន្ថែមថាក្រៅពីប្រាក់ឧបត្ថម្ភប្រចាំខែ សមាជិកក្រុមប្រឹក្សាឃុំក៏ទទួលបានប្រាក់លើកទឹកចិត្តមួយចំនួនដែលលោកថា៣ខែ អាចទទួលបានចាប់ពី៧០ម៉ឺនរៀលទៅដល់ជាង១លានរៀល។
លោកមានប្រសាសន៍ថា៖ “មានការត្រេកអរដែលរដ្ឋាភិបាលដំឡើងប្រាក់ដល់ឃុំ”។ លោកបន្តថាការបើកប្រាក់ឧបត្ថម្ភតាមប្រព័ន្ធធនាគារមិនសូវជាងស្រួលនោះទេ។ លោកមានប្រសាសន៍ថា៖ “បើតាមធនាគារ ក៏ត្រេកអរដែរ។ រាល់ថ្ងៃយើងបានតាមស្មៀនឃុំ តែពេលទៅបើកធនាគារ វាមិនលឿនដូចបំណង ចូលម្តងៗ ឭគេរអ៊ូ យឺត”។
មេឃុំខ្សែត្រក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោក អ៊ុំ សាផន មានប្រសាសន៍ថាលោកទទួលបានដំណឹងពីការដំឡើងប្រាក់ឧបត្ថម្ភនេះហើយ។ លោកបន្តថាបច្ចុប្បន្ននេះ លោកទទួលបានប្រាក់ឧបត្ថម្ភ៥៧ម៉ឺនរៀល ដែលប្រាក់នេះនឹងត្រូវដំឡើងដល់៧៥ម៉ឺនរៀលចាប់ពីខែមេសា។ លោកបញ្ជាក់បន្ថែមថាក្រៅពីប្រាក់ឧបត្ថម្ភ លោកក៏ទទួលបានថវិការដ្ឋបាលមួយចំនួនសម្រាប់បេសកកម្មផ្សេងៗ។ លោកមានប្រសាសន៍ថា៖ “ការកំណត់របស់រដ្ឋាភិបាលប៉ុណ្ណឹង វាល្អប្រសើរជាជំហានៗហើយ”៕ ដោយ ស៊ុន ណារិន និងហ៊ុន សិរីវឌ្ឍន៍