រដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះមួយចំនួន រួមមានទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទជាដើម ដែលរដ្ឋាភិបាលអះអាងថានឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។
នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី១០ខែមិនា រដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទត្រាក់ទ័រនិងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់១៥០សេះ។
រដ្ឋាភិបាលបញ្ជាក់ថាសេចក្តីម្រេចនេះមិនមានប្រតិសកម្មទៅលើប្រាក់ពន្ធដែលបនបង់រួចហើយនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា៖ “ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ”។ លោកបន្តថា៖ “ខ្ញុំសង្ឃឹមថាសេចក្ដីសម្រេចនេះនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានធូរស្រាលមួយកម្រិតធំផងដែរ”។
គួរបញ្ជាក់ថាជាធម្មតាការផ្ទេរកម្មសិទ្ធិលើទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រនិងជលយានយន្តគ្រប់ប្រភេទ ត្រូវបង់ពន្ធប្រថាប់ត្រានៅអគ្គនាយកដ្ឋានពន្ធដារ។
បើតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ រថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកទំនិញធុនស្រាល រថយន្ត ទោចក្រយានយន្តកាណូត សាឡង់និងកប៉ាល់ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ៤ភាគរយ(នៃតម្លៃទីផ្សារ)ចំពោះការផ្ទេរកម្មសិទ្ធិ។ ការបង់ពន្ធប្រថាប់ត្រាសម្រាប់ការផ្ទេរសិទ្ធិនេះជាបន្ទុករបស់អ្នកទទួលផល។ ប៉ុន្តែសម្រាប់ការអនុវត្តនាពេលបច្ចុប្បន្ននេះ ភាគីអ្នកលក់និងអ្នកទិញជាអ្នកចរចាជាមួយគ្នាថាតើនរណាត្រូវបង់ពន្ធនេះ។
គួរបញ្ជាក់ថារដ្ឋាភិបាលបានលុបចោលការយកពន្ធផ្លូវសម្រាប់ ម៉ូតូ រឺម៉កកង់បី រួមទាំងគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ គោយន្ត កាណូតផ្សេងៗចាប់ពីឆ្នាំ២០១៦នេះ៕