ប្រធានរដ្ឋសភា លោក ហេង សំរិន បានបញ្ជូនលិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលសួរនាំរដ្ឋាភិបាលទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី ដែលមានការចុះផ្សាយថាគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាម។
លិខិតមួយច្បាប់ចុះថ្ងៃទី៩ ខែមិនា ដាក់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានការឯកភាពពីប្រធានរដ្ឋសភា ឲ្យដឹងថាតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានដាក់ជាសំណួរទៅរដ្ឋាភិបាលថាហេតុអ្វីបានជាកងទ័ពប្រជាជនវៀតណាមទទួលបានការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី? លោកសួរបន្តថាតើមានវត្តមានកងទ័ពប្រជាជនវៀតណាមនៅលើដីសម្បទានសេដ្ឋកិច្ចដែលគ្រប់គ្រងដោយកងទ័ពប្រជាជនវៀតណាមនៅខេត្តរតនគិរីឬទេ? តើរាជរដ្ឋាភិបាលមានគម្រោងដកហូតដីសម្បទានសេដ្ឋកិច្ចដែលគ្រប់គ្រងដោយកងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?
បើតាមលិខិតនោះ លោក អ៊ុំ សំអាន បានដកស្រង់ព័ត៌មានមួយចំនួនពីកាសែតCambodia Dailyដែលចុះផ្សាយកាលពីចុងខែធ្នូ ឆ្នាំ២០១៥ថាកងទ័ពប្រជាជនវៀតណាមទទួលបានការគ្រប់គ្រងដីប្រហែល៤ម៉ឺនហិកតា នៅខេត្តរតនគិរី។ លោកបន្តថាសារព័ត៌មានបានចុះផ្សាយថាមានការលក់ដូរនិងការផ្ទេរកម្មសិទ្ធិដីធ្លីដែលមានទំហំ៣៩៥៨៤ហិកតាឲ្យពួកមេបញ្ជាកងពលលេខ១៥នៃកងទ័ពប្រជាជនវៀតណាម។
គួររំឭកថាកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លោក ហេង សំរិន បានបដិសេធលិខិតមួយច្បាប់របស់តំណាងរាស្រ្តបក្សប្រឆាំង ករណីស្នើសុំឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចពីកងទ័ពប្រជាជនវៀតណាម ដោយលើកឡើងថាលិខិតនោះមានលក្ខណៈជាការឃោសនា។ លោក អ៊ុំ សំអាន ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក បានសម្រេចសរសេរលិខិតមួយច្បាប់ទៀត ដោយដូរពីការស្នើសុំទៅជាការសួរសំណួរវិញ។
លោក អ៊ុំ សំអាន ដែលជាតំណាងរាស្រ្តសកម្មនឹងបញ្ហាព្រំដែន ធ្លាប់បានបញ្ជាក់ថា៖ “ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យកងទ័ពប្រជាជនវៀតណាមលើដីសម្បទានសេដ្ឋកិច្ចនេះ ជាការរំលោភមាត្រា៥៣នៃរដ្ឋធម្មនុញ្ញ ដែលចែងថាព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន”។
លោកបន្តថា៖ “ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យកងទ័ពប្រជាជនវៀតណាមអាចប្រឈមការបាត់បង់ទឹកដីនិងអាចប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជានាពេលអនាគត”?
អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព ធ្លាប់មានប្រសាសន៍ថាព័ត៌មានដែលលើកឡើងថាមានយោធាវៀតណាមតាំងមូលដ្ឋានលើដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីគ្រាន់តែជាការបំភាន់មតិសាធារណជនប៉ុណ្ណោះ។ លោកបន្ថែមថា៖ “ចង់និយាយថា លើកឡើងងាយៗថាយើងផ្តល់ដី[សម្បទាន]ទៅឲ្យកងទ័ពវៀតណាមអី អ៊ីចឹង វាសុទ្ធតែជារឿងលើកមួយដែលហៅថាអាចបំភាន់មតិសាធារណជនទេណា! ការផ្តល់សម្បទានដីសេដ្ឋកិច្ច មិនថាឲ្យទៅឲ្យក្រុមហ៊ុនវៀតណាម មិនថាឲ្យទៅក្រុមហ៊ុនអាគាំង ឬក៏ក្រុមហ៊ុនកូរ៉េ សាំងហ្គាពួរ ចិន អីទេ យើងមានបែបបទនីតិវីធីអីត្រឹមត្រូវអីអ៊ីចឹង”៕