មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៃប្រទេសមីយ៉ាន់ម៉ាប្រកាសត្រៀមទទួលតំណែងជា ប្រធានាធិបតីនៅចុងខែមីនានេះបើទោះជានៅតែមានការរារាំងពីរដ្ឋធម្មនុញដែលបង្កើតឡើងដោយក្រុមយោធាក៏ដោយ។
គណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសតែងតាំង លោកស្រីជាប្រធានាធិបតីបន្ទាប់ពីមានការស្ទង់មតិអស់ប៉ុន្មានខែកន្លងទៅនេះលើជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ។ នេះបើតាមសារព័ត៌មាន Channel News Asia។
លោកស្រី អ៊ុង សានស៊ូជី ជាប់របាំងនៃការក្លាយជាប្រធានាធិបតីព្រោះរដ្ឋធម្មនុញដែលរៀបចំឡើងដោយក្រុមយោធាបានកំណត់ថាអ្នកដែលមានប្តីឬកូនជាជនបរទេសមិនអាចក្លាយជាប្រធានាធិបតីបានទេ ខណៈលោកស្រីមានប្តីជាជនជាតិអង់គ្លេសនិងមានកូនប្រុសពីរនាក់ផង។
ប៉ុន្តែទោះជាយ៉ាងណាលោកស្រី អ៊ុង សានស៊ូជី ប្តេជ្ញារៀបចំកែប្រែច្បាប់នោះដើម្បីបានក្លាយជាប្រធានាធិបតីនៅអាណត្តិបន្ទាប់នេះ។
គណបក្សកាន់អំណាចបច្ចុប្បន្នរបស់មីយ៉ាន់ម៉ាបានរៀបចំប្រជុំជាស្រេចក្នុងផ្ទេរអំណាចទៅឲ្យគណបក្សថ្មីនៅថ្ងៃទី៣១ខែមីនាចុងខែនេះជាគណបក្សឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ២០១៥៕