អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធម្សិលមិញបានឯកភាពក្នុងពន្លឿនបង្កើតវ៉ាក់សាំងប្រឆាំងមេរោគហ្សីកាដែលគេសង្ស័យថាវាប៉ះពាល់ខ្លាំងដល់ទារក ប៉ុន្តែអ្នកជំនាញប្រស៊ីលបញ្ជាក់ថាត្រូវការ៣ឆ្នាំទៀតទើបបង្កើតវ៉ាក់សាំងនេះបាន។
អ្នកជំនាញខាងសុខភាពលោក Jorge Kalil ប្រធានវិទ្យាស្ថាន Butantan នៅក្នុងទីក្រុង Sao Paulo ថ្លែងអ្នកសារព័ត៌មាននៅក្នុងទីក្រុងសឺណែវថាប្រហែល៣ឆ្នាំទៀតទើបអាចបង្កើតវ៉ាក់សាំងការពារមេរោគហ្សីកាបាន។ នេះ បើតាមសារព័ត៌មាន Channel News Asia។
លោក Jorge Kalil គឺជាអ្នកចូលរួមប្រជុំក្នុងចំណោមអ្នកជំនាញសុខភាពសកលលោកនៅទីក្រុងសឺណែវតាំងពីថ្ងៃចន្ទដែលជជែកអំពីការអ្វីដែលគេស្រាវជ្រាវរកឃើញនិងការវិវត្តនៃការប្រយុទ្ធប្រឆាំងមេរោគហ្សីកាខណៈមេរោគនេះកំពុងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាមេរិក។
មេរោគហ្ស៊ីកាគេដឹងជាធម្មតាថាបង្កជំងឺផ្តាសាយនិងក្តៅរងា ប៉ុន្តែគេរកឃើញភស្តុតាងជាបន្តបន្ទាប់ថាមេរោគនេះបានធ្វើឲ្យខូចប្រព័ន្ធប្រសាទដូចជា ទារកកើតមកមានក្បាលតូចនិងប៉ះពាល់ដល់ខួរក្បាលកុមារដែលទើបកើតនៅពេលម្តាយមានផ្ទុកមេរោគនេះ។
ថ្មីៗនេះប្រធានអង្គការសុខភាពពិភពលោកលោកស្រី Margaret Chan បានលើកឡើងពីទំនាក់ទំនងរវាងមេរោគហ្សីកានិងស្ថានក្បាលតូចរបស់ទារកទើបកើតដោយបញ្ជាក់ថាប៉ះពាល់ដល់ខួរក្បាលរបស់ទារកទើបកើតដែលមិនទាន់មានថ្នាំបង្ការនៅឡើយ។ លោកស្រីបន្ថែមថាជាការល្អគឺស្ត្រីមានផ្ទៃពោះមិនត្រូវធ្វើដំណើរទៅកាន់តំបន់ដែលកំពុងរាលដាលមេរោគនេះទេរហូតដល់អ្នកជំនាញរកឃើញមូលហេតុច្បាស់និងថ្នាំព្យាបាលជំងឺនេះ៕