នាយករដ្ឋមន្ត្រីថា គ្រូពេទ្យឯកទេសចូលនិវត្តន៍មួយចំនួននឹងត្រូវតែងតាំងជាមន្រ្តីក្របខណ្ឌនយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីកន្លង​ទៅ (VOD/Archive Photo)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះលើកឡើងថាគ្រូពេទ្យឯកទេសដែលចូលនិវត្តន៍មួយចំនួននឹងត្រូវតែងតាំងជាមន្រ្តីក្របខណ្ឌនយោបាយ ដោយលោកថាដើម្បីឲ្យពួកគាត់អាចបន្តការបម្រើការងារនៅតាមមន្ទីរពេទ្យបាន។

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាលលើកទី៣៧ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាលក្ខន្តិកៈមន្រ្តីរាជការតម្រូវឲ្យចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ តែលោកថា បញ្ហានេះអាចសម្របសម្រួលបានសម្រាប់គ្រូពេទ្យឯកទេសមួយចំនួនដែលត្រូវចូលនិវត្តន៍តាមរយៈការតែងតាំងជាមុខងារនយោបាយ ហើយឲ្យធ្វើការបន្តនៅមន្ទីរពេទ្យ។ លោកមានប្រសាសន៍ថា៖ “ដល់គ្រូពេទ្យដែលចូលនិវត្តន៍ ឯកទេសដែលចូលនិវត្តន៍ ខិតខំយកអ្នកទាំងហ្នឹងតែងតាំងក្នុងមុខងារនយោបាយ ប៉ុន្តែឲ្យទៅបម្រើការងារនៅតាមមន្ទីរពេទ្យ ដូច្នេះយើងមិនខ្សោះឈាម ប្រឹងបណ្តុះបណ្តាលមកមិនបានប៉ុន្មានចូលនិវត្តន៍អស់”

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន មានប្រសាសន៍ថាកន្លងមករដ្ឋាភិបាលបានបញ្ចូលសាស្រ្តាចារ្យនិងគ្រូពេទ្យឯកទេសចូលនិវត្តន៍មួយចំនួនក្នុងក្របខណ្ឌនយោបាយរួចហើយ។ លោកបន្តថាការបញ្ចូលក្នុងក្របខណ្ឌនយោបាយនេះដោយសាររដ្ឋាភិបាលស្តាយធនធានមនុស្ស ដោយលោកថាស្របពេលដែលនៅកម្ពុជាកំពុងខ្វះខាតគ្រូពេទ្យជំនាញសម្រាប់បម្រើការតាមមន្ទីរពេទ្យ។ ទោះជាយ៉ាងណាលោកថាលោកមិនមានតួលេខចំនួនរបស់ក្រុមគ្រូពេទ្យឯកទេសដែលចូលនិវត្តន៍នោះទេ។

ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថារដ្ឋាភិបាលគួរមានវិធីសាស្រ្តផ្សេងក្នុងការថែររក្សាធនធានមនុស្សផ្នែកគ្រូពេទ្យឯកទេសទាំងនោះ ជាជាងបញ្ចូលពួកគាត់ទៅក្នុងក្របខណ្ឌនយោបាយ។ លោកបន្តថាការបញ្ចូលមន្រ្តីឯកទេសចូលក្នុងក្របខណ្ឌនយោបាយនឹងធ្វើឲ្យមានបញ្ហាទៅថ្ងៃក្រោយ។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ “យូរៗទៅ ទៅជារឿងមួយបង្កើតក្របខណ្ឌនយោបាយទៅ ដូរទៅជាមិនមែនជាក្របខណ្ឌឯករាជ្យ ទៅជាតាមបក្ស ចឹងដល់ពេលគណបក្សមួយថ្មីឡើងកាន់អំណាចទៅជាបញ្ហា ព្រោះអីក្របខណ្ឌនយោបាយវាទៅតាមនយោបាយមិនមែនឡើងឋានានុក្រមតាមការងារឯករាជ្យទេ”

នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងមុខងារសាធារណៈបញ្ចូលគ្រូពេទ្យឯកទេសទាំងអស់ចូលក្នុងក្របខ័ណ្ឌរដ្ឋដោយស្វ័យប្រវត្តិផងដែរ ដោយលោកថាកម្ពុជាត្រូវការចាំបាច់គ្រូពេទ្យឯកទេស។ លោកថា កន្លងទៅ លោកធ្លាប់បានចុះហត្ថលេខាឲ្យគ្រូពេទ្យឯកទេសមួយចំនួនចូលជាក្របខ័ណ្ឌរដ្ឋតែលោកថានៅមានគ្រូពេទ្យឯកទេសមួយចំនួនទៀត មិនទាន់បានចូលជាក្របខ័ណ្ឌរដ្ឋ។ លោកបញ្ជាឲ្យក្រសួងមុខងារ សាធារណៈបញ្ចូលពួកគេចូលក្របខ័ណ្ឌឲ្យបានឆាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ