រដ្ឋាភិបាលកម្ពុជាឲ្យដឹងថាអាជ្ញាធរវៀតណាមនឹងបញ្ជូនពលរដ្ឋខ្មែរចំនួន២៣នាក់មកកម្ពុជាវិញ ក្រោយពីរកឃើញថាពួកគេបានលក់ឆ្នោតខុសច្បាប់នៅក្នុងទីក្រុងហូជីមីញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានសហការជាមួយ មន្ទីរសង្គមកិច្ចទីក្រុងហូជីមីញ រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលក្នុងនោះមានមនុស្សចាស់៧នាក់ ស្រ្ដីមានផ្ទៃពោះគ្រប់ខែ១នាក់និងកុមារ១៦នាក់។ ក្រសួងការបរទេសបញ្ជាក់ថាពួកគេបានចូលទៅប្រកបរបបលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមីញ។
ក្រសួងការបរទេសឲ្យដឹងថា៖ “ពលរដ្ឋខ្មែរទាំង២៣នាក់នោះដែលមានស្រុកកំណើតនៅស្រុកចន្ទ្រា និងនៅស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង នឹងត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ នាសប្តាហ៍ទី ៣ ខែមីនា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិបាវិត”។
ក្រសួងការបរទេសឲ្យដឹងទៀតថារដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង បានណែនាំជាថ្មីម្ដងទៀតឲ្យស្ថានតំណាងកម្ពុជាទាំងអស់ យកចិត្តទុកដាក់ឲ្យបានខ្លាំងក្នុងការជួយដល់ពលករ-ពលការិនី និងពលរដ្ឋកម្ពុជា ដែលបានទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ប្រាប់វីអូឌី(VOD)នៅថ្ងៃព្រហស្បតិ៍ថាអាជ្ញាធរវៀតណាមបានឃាត់ខ្លួនពលរដ្ឋខ្មែរទាំង២៣នាក់នោះ ហើយជម្រាបមកទូតខ្មែរ។ លោកបន្តថាអគ្គកុងស៊ុលបានចុះពិនិត្យនិងមើលឃើញថាពួកគេជាពលរដ្ឋខ្មែរមែន។ លោកបន្តថាពលរដ្ឋទាំង២៣នោះបានឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម ដោយមិនមានឯកសារត្រឹមត្រូវ។
គួរបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការលើជនអន្តោប្រវែសន៍រស់នៅខុសច្បាប់ក្នុងប្រទេស។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថាក្នុងឆ្នាំ២០១៥ ជនអន្តោប្រវែសន៍ចំនួន៤៤២៤នាក់ត្រូវបានឃាត់ខ្លួននិងបណ្តេញចេញ ដែលក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។
កាលពីថ្ងៃទី២៦ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបន្តអនុវត្តពិនិត្យមើលជនបរទេសអន្តោប្រវែសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ដោយលោកថាវិធានការត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់និងអនុវត្តតាមច្បាប់ជាតិនិងអន្តរជាតិ។ លោកមានប្រសាសន៍ថា៖ “ត្រូវបន្តលើកកម្ពស់វិធានការក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវែសន៍ ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបញ្ជីជំរឿនស្ថិតិជនបរទេសអន្តោប្រវែសន៍និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះជនបរទេសដែលកាន់កាប់ឯកសារមិនស្របច្បាប់និងចាត់វិធានការតាមច្បាប់ជាតិនិងអន្តរជាតិចំពោះជនបរទេសដែលស្នាក់នៅមិនស្របច្បាប់”៕ ដោយ ស៊ុន ណារិន និងហ៊ុន សិរីវឌ្ឍន៍