ប្រជាជនជប៉ុនរាប់ម៉ឺននាក់នៅថ្ងៃសុក្រនេះរៀបចំពិធីកាន់ទុក្ខរំឮកខួប៥ឆ្នាំនៃហេតុការណ៍រញ្ជួយដីយ៉ាងខ្លាំងនិង ការវាយប្រហារដោយរលកស៊ូណាមីកាលពី៥ឆ្នាំមុនដែលបណ្តាលឲ្យមនុស្សប្រមាណ២ម៉ឺននាក់បានស្លាប់។
កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១១ កម្លាំងរញ្ជួយដី៩រិច្ឆទ័របានវាយប្រហារលើប្រទេសជប៉ុន ហើយបានបង្កជារលកស៊ូណាមីដែលមានកម្ពស់ប្រមាណ១៧ម៉ែត្រ ហើយបានបណ្តាលឲ្យមនុស្សជិត២ម៉ឺននាក់ស្លាប់។ រលកស៊ូណាមីបានវាយប៉ះរោងចក្រផលិតថាមពលនុយក្លេអ៊ែ Fukushima Dai-ichi បង្កើតជាវិបត្តិសាយភាយវិទ្យុសកម្មចំនួន៣កន្លែងដែលធ្វើសាយភាយជាតិពុលប៉ះដល់ទឹក អាហារ និងខ្យល់។
កាលពី៥ឆ្នាំមុននោះប្រជាជនជប៉ុនជាង១៦០ ០០០នាក់ត្រូវជម្លៀសទៅកន្លែងដែលមានសុវត្ថិភាព ហើយរហូតដល់ពេលនេះពួកគេប្រមាណ១០ភាគរយនៅមិនទាន់ទៅរស់នៅផ្ទះរបស់ពួកគេវិញទេដោយសារកន្លែងខ្លះនៅតែមានសារធាតុវិទ្យុសកម្ម។
ហេតុការណ៍នេះបានកន្លងទៅ៥ឆ្នាំគត់បើគិតត្រឹមថ្ងៃទី១១ខែមីនានេះ តែប្រជាជនជប៉ុនពិសេសអ្នកជួបហេតុការណ៍នេះអ្នកបាត់បង់សាច់ញាតិនៅតែសំដែងទុក្ខសោកការឈឺចាប់ដែលមិនអាចបរិយាយបាន។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្សូ អាបេ និងព្រះចៅអធិរាជ អាគីហ៊ីតូ ដាក់បាច់ផ្កាក្នុងពិធីកាន់ទុក្ខនេះនៅក្នុងទីក្រុងតូក្យូ ហើយមានការស្មឹងស្មាតរក្សាភាពស្ងប់ស្ងាត់មួយសន្ទុះនៅម៉ោង២និង៤៦នាទីរសៀល។ នេះបើតាមសារព័ត៌មាន Channel News Asia៕