ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងជាង២០០នាក់រស់នៅទីក្រុងឡុងប៊ិច នៅថ្ងៃសុក្រនេះ បានជួបពិភាក្សាជាមួយអ្នករៀបចំកម្មវិធីចូលឆ្នាំខ្មែរ ដោយពួកគេមួយចំនួនបានសម្តែងការខឹងសម្បានឹងក្រុមការងាររៀបចំដែលអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ។
តាមវីដេអូឃ្លីបដែលវីអូឌីទទួលបាននៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋខ្មែរដែលចូលរួមការពិភាក្សានោះ បានសម្តែងការខឹងសម្បានឹងអ្នករៀបចំកម្មវិធី ដោយពួកគេថាមិនចង់ឃើញវត្តមានរបស់លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងកម្មវិធីចូលឆ្នាំដែលរៀបចំដោយពលរដ្ឋខ្មែរនៅទីនោះ។
ស្រ្តីម្នាក់ដែលតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត បានលើកឡើងដោយខឹងសម្បារថា៖ “អ្នកឯង អត់ដឹងព័ត៌មាននៅស្រុកខ្មែរដល់កម្រិតណាទេ ខ្ញុំទទួលស្គាល់ថាអ្នកឯងក្រណាត់ស តែខ្ញុំឈឺចាប់ណាស់ ខ្ញុំប្រាប់អ្នកឯងឲ្យដឹង ខ្ញុំឈឺចាប់ណាស់ អត់ដី អស់ផ្ទះណា ខ្ញុំប្រាប់អ្នកឯងឲ្យដឹងណា។ អ្នកឯងកុំគាំទ្រមនុស្សប្រភេទហ្នឹង…កុំយកមនុស្សអញ្ចឹងមកលោក។ អ្នកស្រុកមានច្រើនណាស់ ល្អៗអញ្ជើញទៅ កុំយកគណបក្សណាចូលរួម”។
បើតាមវីដេអូឃ្លីប លោក ស្ទីវ ម៉េង(Steve Meng) តំណាងគណៈកម្មការបុរីកម្ពុជា(Cambodia Town)បានលើកឡើងថាក្រុមការងារបានអញ្ជើញលោក ហ៊ុន ម៉ាណែត មកមែន តែមិនទាន់ដឹងថាតើលោកនឹងអាចអញ្ជើញចូលរួមនោះទេ។ លោកបន្តថាលោកអញ្ជើញតំណាងមកពីស្ថាប័នផ្សេងៗនៅកម្ពុជាមិនមែនតែលោក ហ៊ុន ម៉ាណែត នោះទេ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំឯកភាពគ្នាទាំងអស់គ្នាទាំងសមាជិកទាំងអស់ហ្នឹង ហៅទាំងអស់ គ្រប់ស្ថាប័នទាំងអស់ មិនថាស្រុកខ្មែរទេ ស្រុកណាក៏ហៅមកដែរបង តាំងពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ហើយនិងគ្រប់ប៉ុស្តិ៍TV(ទូរទស្សន៍)នៅស្រុកខ្មែរទាំងអស់។ ក៏ប៉ុន្តែបងត្រូវដឹងថាស្រុកខ្មែរយើង ហៅមកមែន ប៉ុន្តែមិនបានមកទេ ត្រូវសម្ភាសន៍ជាមួយទូតអាកាំងទៀត បានអាចមក។ ដូច្នេះពេលនេះឥឡូវ ហៅអញ្ជើញមកមែន តែមិនទាន់ដឹងដំណឹងថាពួកគេអញ្ជើញមក មិនទាន់ដឹងនៅឡើយទេ ព្រោះវីហ្សាមិនទាន់ដឹង”។
ភ្លាមៗនោះ ពលរដ្ឋម្នាក់បានលើកឡើងជាការព្រមានថាប្រសិនបើលោក ហ៊ុន ម៉ាណែត អញ្ជើញមកនឹងមានបញ្ហាដែលលោកថា”មិនត្រូវការគាំទ្រអ្នកដែលដឹកនាំរបៀបហ្នឹង”។ អ្នកខ្លះលើកឡើងថាមិនត្រូវការ”របបកុម្មុយនីស្តជាដាច់ខាត”។
វីអូឌី(VOD)មិនអាចសុំការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត បាននៅឡើយទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាលោកមិនអាចឆ្លើយជំនួសលោក ហ៊ុន ម៉ាណែត បានទេ ប៉ុន្តែលោកបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរអាមេរិកកាំងដែលតវ៉ានោះ កំពុងតែប្រឆាំងនឹងលទ្ធិប្រជាធិបតេ្យនិងប្រឆាំងនឹងសិទ្ធិមនុស្ស។ លោកបញ្ជាក់ថានេះជាការអញ្ជើញផ្លូវការរបស់ពលរដ្ឋខ្មែរនៅទីនោះហើយរដ្ឋាភិបាលអាមេរិកជាអ្នកផ្តល់វីហ្សាសម្រាប់លោក ហ៊ុន ម៉ាណែត។
លោកមានប្រសាសន៍ថា៖ “អញ្ចឹងប្រសិនបើមានរឿងអ្វីមួយកើតឡើង ពួកគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបញ្ជាក់ថា៖ “ក្រោយឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ តើរបបកុម្មុយនីស្តមកពីណាទៀត បើរដ្ឋធម្មនុញ្ញចែងមកអញ្ចឹងហើយ”។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ប្រាប់វីអូឌី(VOD)ថាសមាជិកនៃគណៈកម្មការបុរីកម្ពុជាឈ្មោះ Richer Sanដែលលោកថាស្និទ្ធិនឹងគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យចូលរួមកម្មវិធីនេះ។ លោកបញ្ជាក់បន្ថែមថា៖ “ការមកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌ ហើយគាត់(ហ៊ុន ម៉ាណែត)មិនមែនជាអ្នកជំនាញវប្បធម៌ណា ជាកងទ័ពតើ។ តាមដឹងគោលបំណងមកហ្នឹងដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង”។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំមួយជាមួយប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង ដើម្បីពិភាក្សាពីការចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែក្បួនចូលឆ្នាំខ្មែរនៅសហរដ្ឋអាមេរិក។ លោកក៏បានស្នើឲ្យលោក គិត ម៉េង ជួយផ្សព្វផ្សាយតាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជាអំពីព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថាកាលពីពាក់កណ្តាលកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕