រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់ ចូលរួមផ្សព្វផ្សាយកម្មវិធីនិងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦នេះ “ឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន”។
ក្នុងលិខិតមួយចុះថ្ងៃទី១០ ខែមីនា រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានស្នើឲ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយកម្មវិធីនិងព្រឹត្តិការណ៍នានាដែលទាក់ទងទៅនឹងអង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា។ ក្រសួងបញ្ជាក់ថា៖ “ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីបង្ហាញពីមរតកដ៏រុងរឿង ភាពសម្បូរសប្បាយ ល្បីល្បាញនិងកិត្យានុភាពនៃអាណាចក្រខ្មែរនាសម័យអង្គរ ដើម្បីឲ្យប្រជាជាតិលើសកលលោកបានដឹងបានស្គាល់ព្រះរាជាណាចក្រកម្ពុជា”។
ក្នុងលិខិតដដែលនោះ ក្រសួងព័ត៌មានបានបញ្ជាក់ថាខ្លួន”គាំទ្រយ៉ាងពេញទំហឹង”ទៅលើសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការរៀបចំព្រិត្តិការណ៍នេះ។
សហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថាព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិរហូតដល់ជិត១លាននាក់ ក្នុងអត្រាកំណើនត្រីគុណនឹងស្ថិតិចំនួនភ្ញៀវទេសចរនាឆ្នាំកន្លងទៅ ដែលមានចំនួនសរុប៣៨៥ ៦២៩នាក់។ សហភាពបញ្ជាក់ថាបើធៀបលំហូរចូលសេដ្ឋកិច្ចជាតិ ព្រឹត្តិការណ៍នៅឆ្នាំ២០១៥នេះបានទាញចំណូលសេដ្ឋកិច្ចខេត្តសៀមរាបដោយផ្ទាល់ចំនួន៦០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹងទ្វេដងនៃចំណូលឆ្នាំមុន ដែលមានជិត៣០លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថានេះជាឆ្នាំទីបួនហើយដែលសហភាពសហព័ន្ធយុវជនកម្ពុជាមានកូនប្រុសនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានី ជាប្រធាន បានដឹកនាំនិងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ។ សម្រាប់ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន ក៏នឹងទៅចូលរួមធ្វើជាអធិបតីភាពបើកកម្មវិធីអង្គរសង្រ្កាន្តនេះផងដែរ៕