ប្រធានគណបក្សថ្មីមួយបានរិះគន់ចំៗទៅលើមេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំងពីការបែកធ្លាយរឿងអាស្រូវផ្លូវភេទ ដែលលោកថាពលរដ្ឋអាចបោះឆ្នោតរើសបានមេដឹកនាំថ្មីជាមនុស្សខូចដូចគ្នាបើស្ថាប័នជំនាញមិនវែកមុខអ្នកពាក់ព័ន្ធមកប្រឈមនឹងផ្លូវច្បាប់។
នៅពេលថ្មីៗនេះគេហទំព័រក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថាខ្សែអាត់សំឡេងសន្ទនាតាមទូរសព្ទរឿងស្នេហាលួចលាក់ ជាសំឡេងរបសប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា។
កន្លងទៅក៏មានបែកធ្លាយដែរថាមន្ត្រីបក្សកាន់អំណាចមួយចំនួនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទរហូតបង្កឲ្យមានបទឧក្រិដ្ឋបាញ់សម្លាប់តារាចម្រៀងមួយចំនួនដូចជាអ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច សូនិច កញ្ញា ពៅ បញ្ញាពេជ្រ និងការជះទឹកអាស៊ីតលើតារាសម្តែង តាត ម៉ារីណា ជាដើម។
តែជនដៃដល់និងអ្នកពាក់ព័ន្ធមិនត្រូវបានមន្ត្រីជំនាញវែកមុខយកមកផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ជូនគ្រួសារនៃជនរងគ្រោះទេ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ខែមីនានេះប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានថាសំឡេងដែលបែកធ្លាយនោះលោកថាពិតជាសំឡេងលោក កឹម សុខា។
មេបក្សរូបនោះថាបើលោក កឹម សុខា អះអាងថាជារឿងមិនពិតហើយចង់បង្ហាញពីភាពស្អាតស្អំរបស់ខ្លួនលោកថាមេដឹកនាំបក្សប្រឆាំងរូបនោះគួរចេញមុខបកស្រាយជាសាធារណៈហើយហ៊ានប្រឈមនឹងការពិត។
លោកបន្តថា៖ “យើងចង់ដូរអាខូចចេញ ប៉ុន្តែអត់រើសអាល្អទៅជំនួសអាខូចទេ បែជារើសអាខូចទៅដូរអាខូច។ អញ្ចឹងបើរើសអាខូចទៅជំនួសអាខូចសង្គមហ្នឹងវានៅតែខូចអត់កែអីបានទេ ហើយ កឹម សុខា ខ្លួនឯងត្រូវដឹងថាខ្លួនឯងជាអ្នកនយោបាយមិនមែនជាជនធម្មតាទេដូច្នេះចំពោះរឿងនេះខ្ញុំគាំទ្រអ្នកដែលរិះគន់ហើយស្វែងរកការពិត”។
លោក សួន សេរីរដ្ឋា ឲ្យដឹងទៀតថាឃាតកម្មកន្លងទៅលើតារាចម្រៀងមួយចំនួនរួមទាំងអ្នកស្រី ពិសិដ្ឋ ពីលីកា លោកថាមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរបស់បក្សកាន់អំណាច។ ប៉ុន្តែលោកថាមកដល់ពេលនេះមិនទាន់មានអ្នកនយោបាយពាក់ព័ន្ធណាមួយចេញមុខទទួលខុសត្រូវទេនិងម្យ៉ាងវិញទៀតលោកថាសមត្ថកិច្ចហាក់ព្យាយាមបំភ្លេចរឿងនេះចោល។
លោកថា៖ “ខ្ញុំអត់ការពារមនុស្សខូចទេខ្ញុំអត់ការពារឧក្រិដ្ឋជនទេ។ រឿងសម្លាប់លោកស្រី ពិសិដ្ឋ ពីលីកា ជាបទឧក្រិដ្ឋគ្មានអាយុកាលទេមិនមែនមានន័យថាបំភ្លេចចោលហើយវាចប់ទេរឿងបាញ់ទៅលើអ្នកចម្រៀង ទូច ស៊ុននិច ពៅ បញ្ញាពេជ្រ បាញ់ទៅលើអ្នកកាសែត ប្រធានសហជីពមិត្តភ័ក្រខ្ញុំលោក ជា វិជ្ជា ដែលបានស្លាប់ទៅគឺជាបទឧក្រិដ្ឋត្រូវតែគាស់កកាយយកមកកាត់ទោសរាល់ជនឧក្រិដ្ឋដែលនៅពីក្រោយនឹងយកមកកាត់ទោសគឺយើងនូវតែរក្សាជំហហ្នឹង។ ពីព្រោះរឿងក្តីឧក្រិដ្ឋកម្មច្រើនណាស់នៅប្រទេសកម្ពុជាដែលគេអត់កាត់ក្តីរកយុត្តិធម៌ឲ្យជនរងគ្រោះទេតែគេបង្កើតក្រុមការងារមួយកាយកប់រឿងពិត”។
ក្រោយបែកធ្លាយខ្សែអាត់សំឡេងរឿងស្នេហាលួចលាក់នេះប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានសរសេរលើហ្វេសប៊ុករបស់លោកថាមិនតបតមិនឆ្លើយឆ្លងដោយអះអាងថាគណបក្សលោកកំពុងអនុវត្តយន្តការឆ្ពោះទៅរកការបោះឆ្តោត។
ប៉ុន្តែស្រ្តីម្នាក់ដែលរងការរិះគន់និងចោទប្រកាន់បានចេញមុខរកអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលឲ្យជួយរកយុត្តិធម៌ដោយអះអាងថានាងមិនជាប់ពាក់ព័ន្ធនឹងស្នេហាលួចលាក់ជាមួយលោក កឹម សុខា ទេ។
ស្ត្រីនោះថា៖ “ខ្ញុំមកសមាគមអាដហុកនេះខ្ញុំមកបំភ្លឺរឿងហ្នឹងថាខ្ញុំអត់បានធ្វើអ្វីមួយដែលសង្គមគេកំពុងស្អប់ខ្ពើមហើយខ្ញុំអត់បានប្រព្រឹត្តរឿងអាស្រូវស្នេហាអីណាជាមួយគាត់។ គេថាខ្ញុំនេះជាស្រីកំណាន់របស់គាត់ខ្ញុំចង់មកបកស្រាយអញ្ចឹងថាខ្ញុំចង់មកបកស្រាយកិត្តិយសខ្ញុំឡើងវិញ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចលោក សុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយដោយអះអាងថាករណីនេះជាតួនាទីរបស់សមត្ថកិច្ច។ លោកថា៖ “ខ្ញុំអត់ឆ្លើយទេអារឿងហ្នឹងជារឿងសមត្ថកិច្ចរឿងមួយៗវាខុសគ្នា មិនមែនរឿងដូចគ្នាទេបាទ ”។ ពេលសួរថាតើឃាតកម្មទាំងនោះជាប់ពាក់ព័ន្ធនឹងបក្សកាន់អំណាចទេ លោកបន្តថា “ខ្ញុំមិនអាចបរិយាយបានទេបាទករណីហ្នឹងជារឿងបុគ្គលរបស់គេបាទ”។
VODមិនអាចរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃពីលោក ខៀវ សុភ័គ បានទេដោយទូរសព្ទរបស់លោក គ្មានអ្នកទទួល។ ប៉ុន្តែកន្លងទៅលោកធ្លាប់អះអាងឃាតកម្មទាំងនោះសមត្ថកិច្ចមិនទាន់បិទការស៊ើបអង្កេតទេ។
ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានរិះគន់មេដឹកនាំទាំងពីរថាគ្រាន់តែលេងហ្វេសប៊ុកក៏ឈានទៅប្តឹងផ្តល់គ្នាដែរដោយគ្រាន់តែម្ខាងថាមានអ្នកគាំទ្រច្រើននិងម្ខាងទៀតរិះគន់ថាការគាំទ្រច្រើននោះមានភាពមិនច្បាស់លាស់។
យ៉ាងណាក៏ដោយលោក សួន សេរីរដ្ឋា បានការពារគោលនយោបាយរបស់ខ្លួនថាគណបក្សអំណាចខ្មែរធ្វើនយោបាយមិនមែនដើម្បីបក្សឈ្នះទេគឺដើម្បីប្រជាពលរដ្ឋជាអ្នកឈ្នះពោលគឺត្រូវធ្វើឲ្យ គ.ជ.ប ជាស្ថាប័នឯករាជ្យមិនមែនសមាសភាពចេញតែពីបក្សដែលមានអាសនៈក្នុងសភាការតែងតាំងបេក្ខភាពទៅឈរឈ្មោះជាតំណាងរាស្ត្រមិនចាត់តាំងដោយគណបក្ស។
បេក្ខភាពនាយករដ្ឋមន្ត្រីត្រូវចេញមុខជជែកដេញដោយគ្នាជាសាធារណៈបង្ហាញពីសមត្ថភាពរបស់ខ្លួនឲ្យពលរដ្ឋជឿទុកចិត្ត មុនទៅកាន់តំណែងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស៕