ស្រ្តីម្នាក់ដែលត្រូវបានគេទម្លាយខ្សែអាត់សំឡេងថានាងមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធថានាងមិនដែលស្គាល់កញ្ញាធី សុវណ្ណថានោះទេ។
កញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក បានដាក់ពាក្យប្តឹងចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហា ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។
នៅព្រឹកថ្ងៃសុក្រនេះ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានចូលឆ្លើយបំភ្លឺនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ទាក់ទងនឹងពាក្យបណ្តឹងនេះ។ កញ្ញាស្រីមុំបានបដិសេធរាល់អាត់សំឡេងដែលបានបង្ហោះតាមហ្វេសប៊ុកថាមិនមែនជាសំឡេងរបស់នាងនិងថានាងមិនធ្លាប់ស្គាល់កញ្ញា ធី សុវណ្ណថានោះ។ ស្រីមុំក៏បានលើកឡើងថានាងមិនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះទេ។
កញ្ញាមានប្រសាសន៍ថា៖ “ហើយខ្ញុំសូមបដិសេធថាខ្ញុំអត់ដែលស្គាល់កញ្ញាធី សុវណ្ណថាទេ មូលហេតុអីដែលខ្ញុំត្រូវនិយាយរៀបរាប់ជាមួយគាត់”។
កញ្ញាស្រីមុំ បន្ថែមថាកញ្ញានឹងដាក់ពាក្យបណ្តឹងសុំឲ្យក្រសួងរកយុត្តិធម៌និងភាពស្អាតស្អំជូនកញ្ញាវិញ ស្របពេលដែលកញ្ញាកំពុងបារម្ភពីសុវត្ថិភាព។
ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ លោក អ៊ី សុខឃី មានប្រសាសន៍ក្រោយចេញពីការសាកសួរជាង៣ម៉ោងថាលោកមិនទាន់អាចឆ្លើយពីលទ្ធផលនៃការសាកសួរនោះបាននៅឡើយទេ។ លោកបន្ថែមថាក្នុងករណីចាំបាច់នាយកដ្ឋាននឹងអញ្ជើញអ្នកពាក់ព័ន្ធក្នុងករណីនេះមកបំភ្លឺ។
លោកមានប្រសាសន៍ថា៖ “នីតិវិធីយើងខ្ញុំមិនទាន់អាចជម្រាបបានទេ ពីព្រោះថាយើងធ្វើតាមមួយជំហានៗ ពិនិត្យតាមចម្លើយការបំភ្លឺរបស់គាត់ថាយ៉ាងម៉េចអីយ៉ាងម៉េច។ ខ្ញុំគិតថាការស្រាវជ្រាវបើចាំបាច់យើងត្រូវធ្វើការបំភ្លឺ ប៉ុន្តែមិនមែនប្រាកដថាហៅទេ”។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ៕