មន្ត្រីសង្គមស៊ីវិលអះអាងនៅថ្ងៃសុក្រនេះថាតុលាការខេត្តកំពង់ស្ពឺបានចាប់ខ្លួនស្ត្រីជាសកម្មជនដីធ្លីពីរនាក់ នៅភូមិថ្មី ឃុំសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងជម្លោះដីធ្លីអូសបន្លាយមួយលើទំហំដីជាង១០០០ហិកតា។
មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូ ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សុមិទ្ធិ ឲ្យVODដឹងថានៅវេលាម៉ោង១០ព្រឹកថ្ងៃទី១១ខែមីនានេះ ស្ត្រីជាសកម្មជនដីធ្លី២នាក់ គឺអ្នកស្រី យូ រ៉ុន អាយុ៥១ឆ្នាំ និងអ្នកស្រី អ៊ីត រុំ អាយុ៥៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលដែលពួកគេត្រូវបានតុលាការខេត្តនេះ កោះហៅឲ្យចូលបំភ្លឺ នៅតុលាការ ទាក់ទិននឹងជម្លោះដីធ្លីមួយកន្លែងនៅ ស្រុកភ្នំស្រួខេត្តកំពង់ស្ពឺ។
លោក អ៊ុង សុមិទ្ធិ ឲ្យដឹងទៀតថាជម្លោះដីនៅតំបន់នោះបានកើតឡើងតាំងពីឆ្នាំ២០១០ មិនទាន់ត្រូវបានដោះស្រាយទេ បើទោះបីពលរដ្ឋបានប្តឹងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ លោកថាជម្លោះដីធ្លីនោះធ្វើឲ្យប៉ះពាលល់ពលរដ្ឋ១៦៥គ្រួសារ រស់នៅឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនោះ។
លោក អ៊ុង សុមិទ្ធិ ឲ្យដឹងដែថាការចាប់ខ្លួននោះ តុលាការអះអាងសកម្មជនដីធ្លីនោះ មិនគោរពដីកាការពារ របស់តុលាការ ដែលបានចេញការពារភាគីជម្លោះ។ ប៉ុន្តែមន្ត្រីសង្គស៊ីវិលរូបនោះថាកន្លងទៅពលរដ្ឋបានចូលទៅធ្វើស្រែលើដីជម្លោះនោះ លោកថាដោយសារតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ធ្លាប់ចុះទៅដល់ដីនៃតំបន់មានជម្លោះហើយបានប្រាប់ពលរដ្ឋនៅតំបន់នោះឲ្យបង្កបង្កើនផលធម្មតា បើដីជម្លោះនោះមិនទាន់ត្រូវបានដោះស្រាយ។
ភ្លាមៗនេះ VODនៅមិនទាន់ទាក់ទង មន្ត្រីតុលាការនិងភាគីជម្លោះបាននៅឡើយទេ។ ប៉ុន្តែបើតាមលោក អ៊ុង សុមិទ្ធិ ពលរដ្ឋនៅតំបន់នោះកំពុងសម្រុកធ្វើដំណើរមកភ្នំពេញដើម្បីស្វែងរកការដោះលែងពួកគេ ពីស្ថាប័នពាក់ព័ន្ធ រួមទាំងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ផងដែរ នៅថ្ងៃសៅរ៍ស្អែកនេះ៕