ឯកអគ្គរដ្ឋទូតអាមេរិកដែលទើបចូលកាន់តំណែងថ្មី លោក វីល្លៀម អេហ៊ីត(William A. Heidt) កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថាសហរដ្ឋអាមេរិកនឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់និងថ្នាក់ជាតិនៅឆ្នាំ២០១៧និង២០១៨ខាងមុខ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅថ្ងៃសុក្រនេះ ក្នុងជំនួបមួយជាមួយថ្នាក់ដឹកនាំគ.ជ.ប លោក វីល្លៀម អេហ៊ីត ដែលចូលកាន់តំណែងផ្លូវការកាលពីខែធ្នូឆ្នាំ២០១៥ បានលើកឡើងថាស្ថានទូតអាមេរិកចង់ឃើញស្ថាប័នរៀបចំការបោះឆ្នោតមានការជឿទុកចិត្តពីប្រជាពលរដ្ឋនិងត្រៀមខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតនៅឆ្នាំ២០១៧និងឆ្នាំ២០១៨។ សេចក្តីប្រកាសព័ត៌មានបន្តថាសហរដ្ឋអាមេរិកចង់ដឹងថាតើប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឃអាចចុះឈ្មោះបោះឆ្នោតបានឬទេ?
នៅក្នុងជំនួបនោះ បើតាមគ.ជ.ប អាមេរិកមានបំណងរួមសហការជាមួយគ.ជ.ប ដើម្បីធ្វើឲ្យសាធារណជនមានជំនឿជឿជាក់កាន់តែខ្លាំងឡើងមកលើស្ថាប័នរៀបចំការបោះឆ្នោត។ សហរដ្ឋអាមេរិកក៏ចង់ឲ្យមានកិច្ចប្រជុំជាលក្ខណៈអន្តរជាតិជាមួយគ.ជ.ប នៅថ្ងៃខាងមុខ ដើម្បីឲ្យអន្តរជាតិបានដឹងអំពីការវិវឌ្ឍនៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ ប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក បានលើកឡើងថានេះជាលើកទីមួយដែលប្រទេសកម្ពុជាបានអនុវត្តការចុះឈ្មោះបោះឆ្នោតដោយប្រព័ន្ធកុំព្យូទ័រហើយសម្ភារៈជាជំនួយរបស់សហភាពអឺរ៉ុបនិងជប៉ុន។ លោកបន្តថាតាមគម្រោងការចុះឈ្មោះបោះឆ្នោតនឹងត្រូវធ្វើឡើងនៅខែមីនា ឆ្នាំ២០១៦ តែត្រូវលើកពេលជាបន្តបន្ទាប់រហូតដល់ខែកក្កដា ដោយសារមិនទាន់បានសម្ភារៈទាន់ពេលវេលា។
ឆ្លើយតបនឹងសំណួររបស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រធានគ.ជ.ប បានបញ្ជាក់ថា៖ “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ រួមទាំងព្រះសង្ឃផង មានសិទ្ធិចុះឈ្មោះបោះឆ្នោត ។ ប្រសិនបើគាត់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនទាន់ពេលវេលា គាត់អាចធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណដើម្បីចុះឆ្មោះបោះឆ្នោតបាន”។ លោកបន្តថាការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែហើយគ.ជ.បមានផែនការធ្វើការផ្សព្វផ្សាយអប់រំដល់សាធារណជនឲ្យបានទូលំទូលាយនិងទទួលយកកិច្ចសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកក្នុងការអប់រំសាធារណជន។
ប្រធានគ.ជ.ប បន្តថាគ.ជ.ប ស្វាគមន៍ចំពោះបំណងស្ថានទូតអាមេរិកដែលចង់ឲ្យមានកិច្ចប្រជុំជាលក្ខណៈអន្តរជាតិមួយជាមួយគ.ជ.ប។
អតីតប្រធានគ.ជ.ប លោក អ៊ឹម សួស្តី មានប្រសាសន៍ថាកាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ សហរដ្ឋអាមេរិកបានបញ្ជូនបុគ្គលិកនៅស្ថានទូតប្រចាំនៅប្រទេសកម្ពុជា មកចូលរួមសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ។ លោកបន្តថាជាទូទៅ បរទេសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតថ្នាក់ឃុំសង្កាត់នោះទេ។
លោកមានប្រសាសន៍ថា៖ “អ្នកសង្កេតការណ៍ គេមើលច្បាប់ មើលការអនុវត្ត នីតិវិធី…គេមើលច្រើនណាស់។ ធម្មតាទេ ការបោះឆ្នោតវាមិនល្អPerfect(ល្អឥតខ្ចោះ)នោះទេ វាតែងមានចំណុចខ្វះខាត ចំណុចល្អក៏មាន តែសំខាន់យើងទៅមើលច្បាប់យើង ថាតើគ.ជ.ប ធ្វើបានប៉ុនណា”។
វីអូឌីមិនទាន់អាចទាក់ទងមន្រ្តីនាំពាក្យរបស់ស្ថានទូតអាមេរិកបាននៅឡើយទេ។
មុនពេលមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោក វីល្លៀម អេហ៊ីត បានសន្យានៅចំពោះមុខព្រឹទ្ធសភាខ្លួនថាលោកនឹងយកចិត្តទុកដាក់ចំពោះការបោះឆ្នោតនៅកម្ពុជានិងបញ្ហាការរឹតត្បិតសង្គមស៊ីវិលនៅកម្ពុជា។ ក្រៅពីនោះ លោកបានសន្យាថានឹងយកចិត្តទុកដាក់លើទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិក កិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាល បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕