សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដែលគេស្គាល់ថា ជាសមាគមរបស់អ្នករត់ម៉ូឌុប និង ម៉ូតូកង់បីបានឃាត់ខ្លួនអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលចំនួន៧នាក់នៅព្រឹកនេះ នៅពេលអតីតអ្នកបើកឡានទាំងនោះធ្វើសកម្មភាពចុះចែកខិតប័ណ្ណនៅតាមផ្លូវ។
នៅព្រឹកនេះអតីតអ្នកបើរថយន្តឲ្យក្រុមហ៊ុនកាពីតូលចំនួន១៦នាក់ ចុះចែកខិតប័ណ្ណ នៅតាមផ្លូវនៅក្បែរផ្សារដើមគ ក្នុងខិតប័ណ្ណនោះអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ សេវារបស់ក្រុមហ៊ុនកាពីតូល និង សេវារបស់សមាគមនរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដោយក្នុងលិខិតបញ្ជាក់ថា ស្ថាប័នទាំងពីរនេះ រំលោភច្បាប់និងប្រើហិង្សា លើអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូល។
នៅពេលកំពុងចុះចែកខិតប័ណ្ណ សមាជិកសមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ប្រមាណ ១០០នាក់ បាននាំគ្នាឃាត់ខ្លួនអតីតអ្នកបើករថយន្តកាពីតូលមិនឲ្យបន្តសកម្មភាព ហើយក៏ទាក់ទងសមត្ថកិច្ចដើម្បីឲ្យនាំខ្លួនអតីតអ្នកបើករថយន្តទាំងនោះទៅសាកសួរនៅសាលាខណ្ឌចំការមន។
នាយករដ្ឋបាលនៃសាលាខណ្ឌចំការមនលោក នុយ ប៊ុនសេរីរ័ត្នមុន្នី ថ្លែងថា នេះមិនមែនជាការឃាត់ខ្លួនទេ គ្រាន់តែហៅអ្នកចែកខិតប័ណ្ណទាំងនោះមកណែនាំ ដោយបញ្ជាក់ថា ការចែកនេះមិនមានការអនុញ្ញាតពីអាជ្ញាធរ។
ពេលអ្នកសារព័ត៌មានសួរថា ហេតុអ្វីនាំតែអតីតអ្នកបើករថយន្តកាពីតូលណែនាំ មិនហៅសមាជិកសមាគមអ្នករត់ម៉ូតូណែនាំផង ព្រោះក្រុមនេះមិនមានសមត្ថកិច្ចដើរឃាត់សកម្មភាពអ្នកដទៃទេ? សំនួរ ប្រធានការិយាល័យអន្តរវិស័យ និងជាប្រធានសណ្តាប់ធ្នាប់នៃសាលាខណ្ឌចការមន លោក អ៊ីវ ថាវី មិនអត្ថាធិប្បាយទេ។
ទោះយ៉ាងណា អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលត្រូវសមត្ថកិច្ច ដោះលែង ឲ្យមានសេរីភាពវិញនៅម៉ោងជិត១២ថ្ងៃត្រង់ បន្ទាប់ពីពួកគេចុះកិច្ចសន្យាយប់ដើរចែក ខិតប័ណ្ណដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ។
តែលោក វណ្ណា រ៉ង អតីតអ្នកបើករថយន្តកាពីតូលថ្លែងបន្ទាប់ពីចុះកិច្ចសន្យាថា លោកគ្រាន់តែចុះកិច្ចសន្យាបណ្ណោះអាសន្នប៉ុណ្ណោះ ហើយលោកនឹងស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពចែកខិតប័ណ្ណ តវ៉ាប្រឆាំងក្រុមហ៊ុន កាពីតូល និង សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាបន្តទៀត៕