ក្រុមសម្ព័ន្ធយុវជនសេនានាគដែលគាំទ្រលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញមុខទាមទារឲ្យប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី សុំទោសជាសាធារណៈចំពោះពួកគេនិងប្រជាពលរដ្ឋទូទៅ ដោយថាលោកប្រមាថថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា រឿងចុចចូលចិត្ត(Likes)លើហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១១ខែមីនា សម្ព័ន្ធសេនានាគបានលើកឡើងថាក្រុមរបស់ពួកគេ”គោរព ស្រឡាញ់ អាណិត ចូលចិត្ត(Likes)និងបានគាំទ្រយ៉ាងស្មោះស្ម័គ្រពិតប្រាកដប្រកបដោយភក្តីភាព”នូវទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។ ពួកគេបន្តថាលោក សម រង្ស៊ី បានបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី៩ខែមីនា ថារកឃើញពីLikesក្លែងក្លាយលើទំព័រហ្វេសប៊ុករបស់ហ៊ុន សែន”ដោយភ្ជាប់នឹងការសរសេរថាLikesមួយចំនួនធំបានមកពីការទិញឬជួលមនុស្សក្រីក្រ អត់ការារធ្វើ សិប្បនិម្មិតក្លែងបន្លំ”។
ពួកគេចាត់ទុកថានេះជាការប្រើពាក្យ”ប្រកបដោយភាពខ្វះការយល់ដឹង គ្មានសីលធម៌ ប្រមាថមាក់ងាយកិត្តិយស”ចំពោះប្រជាពលរដ្ឋខ្មែរ រួមមានព្រះសង្ឃ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សិស្ស និស្សិត បញ្ញាវន្ត ដែលចូលទៅLikeទំព័រនាយករដ្ឋមន្រ្តី។ ពួកគេសរសេរថា៖ “សំណេរនេះប្រកបដោយភាពអកុសលនិងអវិជ្ជាខ្វះសេចក្តីថ្លៃថ្នូរ គ្មានការទទួលខុសត្រូវ ប្រមាថមាក់ងាយប្រជាពលរដ្ឋខ្មែរ សង្គមជាតិទាំងមូលបែបនេះនិងប៉ះពាល់យ៉ាងធ្នង់ធ្ងរដល់កិត្តិយសប្រមុខដឹកនាំរាជរដ្ឋាភិបាល”។
សម្ព័ន្ធសេនានាគបញ្ជាក់ថា៖ “យើងខ្ញុំសុំឲ្យលោក សម រង្ស៊ី ចេញមុខសុំទោសជាសាធារណៈចំពោះយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបានចូលLikesគេហទំព័របណ្តាញសង្គម(Page Facebook)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត”។
សេចក្តីថ្លែងការណ៍របស់ក្រុមយុវជននេះចុះហត្ថលេខាដោយលោក ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិក្រុមយុវជនសម្ព័ន្ធសេនានាគនិងជាជំនួយការរបស់នាយករដ្ឋមន្រ្តី។ លោកធ្លាប់បានចេញមុខតំណាងឲ្យអ្នកតវ៉ាទាមទារឲ្យទម្លាក់លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១នៃរដ្ឋសភា ដែលកាលនោះមានហិង្សាវាយដំលើតំណាងរាស្រ្ត២រូប។
វីអូឌីមិនទាន់អាចទាក់ទងសុំការឆ្លើយតបពីលោក សម រង្ស៊ី បានភ្លាមៗនៅឡើយទេ។

ពាក់ព័ន្ធនឹងសារនៅលើហ្វេសប៊ុកនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក សម រង្ស៊ី ផងដែរ។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្រ្តីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebookនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។
លោក សោម សឿន សរសេរថា ៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់ Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច”។
លោក សោម សឿន បានចាត់ទុកថាការបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិនិងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។
លោក សម រង្ស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រថាប្រទេសកម្ពុជាមិនមានសេរីភាពក្នុងកIរបញ្ចេញមតិហើយថារដ្ឋាភិបាលចង់ដាក់គុករូបលោក ដោយសារតែលោកនិយាយថាហ៊ុន សែន ទិញLikesក្លែងក្លាយសម្រាប់ហ្វេសប៊ុករបស់លោក៕