កូនប្រុសនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត នៅថ្ងៃអាទិត្យនេះ បានបកស្រាយថាការសម្រេចចិត្តចូលរួមកម្មវិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចដែលរៀបចំដោយពលរដ្ឋខ្មែរអាមេរិកកាំង មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ដោយលោកស្នើឲ្យមានការអញ្ជើញតំណាងពីគណបក្សប្រឆាំងចូលរួមផងដែរ។
លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុខនេះ តាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ។
កាលពីថ្ងៃសុក្រ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងបានចេញមុខតវ៉ាប្រឆាំងនឹងការអញ្ជើញនេះ។ លោកហ៊ុន ម៉ាណែត បានពន្យល់ថាការដែលលោកសម្រេចចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា ដោយសារលោកចង់បង្ហាញពីវប្បធម៌ខ្មែរទៅឲ្យជាតិសាសន៍ដទៃទៀតបានដឹង។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “មិនសំខាន់ថាបងប្អូនម្ខាងៗមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺវាបង្ហាញឲ្យឃើញនូវការបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ ក្នុងពេលមួយដែលយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិរបស់យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៏ឧត្តុងឧត្តមរបស់ខ្មែរយើង ឲ្យប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដទៃទៀតបានឃើញ”។
លោកបញ្ជាក់ថាការចូលរួមនេះគឺដើម្បីបង្ហាញ”ការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំ”ចំពោះគោលគំនិតរបស់គណៈកម្មាធិការ ដែលលោកថាចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ(នៅអាមេរិក នៅស្រុកខ្មែរឬនៅប្រទេសណាទេ) និន្នាការនយោបាយនិងសាសនា។
បើតាមលោក ហ៊ុន ម៉ាណែត កម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ហើយគណៈកម្មាធិការបុរីកម្ពុជាធ្លាប់បានអញ្ជើញមន្ត្រីតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន ហើយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏ធ្លាប់បានចូលរួមជាភ្ញៀវកិត្តិយសនៅឆ្នាំ២០១០ផងដែរ។ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបញ្ចប់ការខ្វែងគំនិតលើការអញ្ជើញរូបលោកឲ្យចូលរួមកម្មវិធីនេះ។
លោកមានប្រសាសន៍ថា៖ “ដូច្នេះខ្ញុំសង្ឃឹមថាការខ្វែងគំនិតរវាងបងប្អូនជនរួមជាតិទាំងអស់ទាក់ទងប្រធានបទនេះនឹងអាចត្រូវបញ្ចប់ ហើយជំនួសវិញដោយការចូលរួមមតិយោបល់ថាតើធ្វើយ៉ាងណាអោយយើងអាចទាញយកផលចំណេញពីកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយពីការរីកចម្រើនរបស់ប្រទេសរបស់យើង ពីវប្បធម៌និងអរិយធម៌ខ្មែរយើងឲ្យជនជាតិបរទេសបានដឹងនិងបានយល់”។
លោកបានស្នើថា៖ “ខ្ញុំក៏សូមឲ្យគណៈកម្មាធិការបុរីកម្ពុជា មេត្តាពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិដ៏ថ្លៃថ្លារបស់យើងនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នានិងគ្នាក្នុងនាមមហាគ្រួសារខ្មែរតែមួយ”។
ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងជាង២០០នាក់រស់នៅទីក្រុងឡុងប៊ិច កាលពីថ្ងៃសុក្រ បានជួបពិភាក្សាជាមួយអ្នករៀបចំកម្មវិធីចូលឆ្នាំខ្មែរ ដោយពួកគេមួយចំនួនបានសម្តែងការខឹងសម្បានឹងក្រុមការងាររៀបចំដែលអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកម្មវិធីចូលឆ្នាំខ្មែរ។
តាមវីដេអូឃ្លីបដែលវីអូឌីទទួលបាន ស្រ្តីម្នាក់ដែលតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត បានលើកឡើងដោយខឹងសម្បាថា៖ “អ្នកឯង អត់ដឹងព័ត៌មាននៅស្រុកខ្មែរដល់កម្រិតណាទេ ខ្ញុំទទួលស្គាល់ថាអ្នកឯងក្រណាត់ស តែខ្ញុំឈឺចាប់ណាស់ ខ្ញុំប្រាប់អ្នកឯងឲ្យដឹង ខ្ញុំឈឺចាប់ណាស់ អត់ដី អស់ផ្ទះណា ខ្ញុំប្រាប់អ្នកឯងឲ្យដឹងណា។ អ្នកឯងកុំគាំទ្រមនុស្សប្រភេទហ្នឹង…កុំយកមនុស្សអញ្ចឹងមកលោក។ អ្នកស្រុកមានច្រើនណាស់ ល្អៗអញ្ជើញទៅ កុំយកគណបក្សណាចូលរួម”។
បើតាមវីដេអូឃ្លីប លោក ស្ទីវ ម៉េង(Steve Meng) តំណាងគណៈកម្មការបុរីកម្ពុជា(Cambodia Town)បានលើកឡើងថាក្រុមការងារបានអញ្ជើញលោក ហ៊ុន ម៉ាណែត មកមែន តែមិនទាន់ដឹងថាតើលោកនឹងអាចអញ្ជើញចូលរួមនោះទេ។ លោកបន្តថាលោកអញ្ជើញតំណាងមកពីស្ថាប័នផ្សេងៗនៅកម្ពុជាមិនមែនតែលោក ហ៊ុន ម៉ាណែត នោះទេ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំឯកភាពគ្នាទាំងអស់គ្នាទាំងសមាជិកទាំងអស់ហ្នឹង ហៅទាំងអស់ គ្រប់ស្ថាប័នទាំងអស់ មិនថាស្រុកខ្មែរទេ ស្រុកណាក៏ហៅមកដែរបង តាំងពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ហើយនិងគ្រប់ប៉ុស្តិ៍TV(ទូរទស្សន៍)នៅស្រុកខ្មែរទាំងអស់។ ក៏ប៉ុន្តែបងត្រូវដឹងថាស្រុកខ្មែរយើង ហៅមកមែន ប៉ុន្តែមិនបានមកទេ ត្រូវសម្ភាសន៍ជាមួយទូតអាកាំងទៀត បានអាចមក។ ដូច្នេះពេលនេះឥឡូវ ហៅអញ្ជើញមកមែន តែមិនទាន់ដឹងដំណឹងថាពួកគេអញ្ជើញមក មិនទាន់ដឹងនៅឡើយទេ ព្រោះវីហ្សាមិនទាន់ដឹង”។
ភ្លាមៗនោះ ពលរដ្ឋម្នាក់បានលើកឡើងជាការព្រមានថាប្រសិនបើលោក ហ៊ុន ម៉ាណែត អញ្ជើញមកនឹងមានបញ្ហាដែលលោកថា”មិនត្រូវការគាំទ្រអ្នកដែលដឹកនាំរបៀបហ្នឹង”។ អ្នកខ្លះលើកឡើងថាមិនត្រូវការ”របបកុម្មុយនីស្តជាដាច់ខាត”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថានេះជាការអញ្ជើញផ្លូវការរបស់ពលរដ្ឋខ្មែរនៅទីនោះហើយរដ្ឋាភិបាលអាមេរិកជាអ្នកផ្តល់វីហ្សាសម្រាប់លោក ហ៊ុន ម៉ាណែត។ លោកមានប្រសាសន៍ថា៖ “អញ្ចឹងប្រសិនបើមានរឿងអ្វីមួយកើតឡើង ពួកគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបញ្ជាក់ថា៖ “ក្រោយឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ តើរបបកុម្មុយនីស្តមកពីណាទៀត បើរដ្ឋធម្មនុញ្ញចែងមកអញ្ចឹងហើយ”។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ប្រាប់វីអូឌី(VOD)ថាសមាជិកនៃគណៈកម្មការបុរីកម្ពុជាឈ្មោះ Richer Sanដែលលោកថាស្និទ្ធិនឹងគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យចូលរួមកម្មវិធីនេះ។ លោកបញ្ជាក់បន្ថែមថា៖ “ការមកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌ ហើយគាត់(ហ៊ុន ម៉ាណែត)មិនមែនជាអ្នកជំនាញវប្បធម៌ណា ជាកងទ័ពតើ។ តាមដឹងគោលបំណងមកហ្នឹងដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង”។
គួរបញ្ជាក់ថាកាលពីពាក់កណ្តាលកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕