នគរបាល​នឹង​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​

​ក្រសួង​មហាផ្ទៃ​ជំរុញ​ជា​ថ្មី​ទៀត​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោកប​ង្កើ​ន​សកម្មភាព​ថែម​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ដោយ​ធ្វើ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ និង​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ដោយ​អះអាង​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុង​សេចក្តីជូន​ដំណឹង​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួងមហាផ្ទៃ ចុះ​កាលពី​ថ្ងៃ​ទី​១១​ខែ​មីនា ឆ្នាំ​២០១៦​នេះ បានឲ្យដឹងថា អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​នៅតែ​មាន​ការធ្វេសប្រហែស ឬ​ខ្ជីខ្ជា មិន​អើពើ​ចំពោះ​ការអនុវត្ត​ច្បាប់ ដូចជា ការ​ជិះ​ទោចក្រយានយន្ត​មិន ពាក់​មួយ​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង មិន​គោរព​សិទ្ធិ អាទិភាព និង​ការដឹកជញ្ជូន​លើស​ចំណុះ​។  គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក   បាន​ជំរុញ​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោ​កទាំ​ង​អស់​បន្ត​អនុវត្ត​ច្បាប់ ដោយ​ធ្វើ​ការផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អ្នក​ដែល​មិន​គោរព​ច្បាប់​ទាំងនោះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​អតិបរមា​។​

​សេចក្តីជូនដំណឹង​ដដែល​ឲ្យដឹងទៀតថា កន្លងទៅ​មាន​សាធារណៈ​ជន​មួយចំនួន​បាន​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុសផុល ដូចជា ការយក​យាន្ត​យន្ត​ជាច្រើន​ចុះបញ្ជីត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស ធ្វើលិខិត​អនុញាត​ ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន និង​ការប្រឡង​យក​ប័ណ្ណបើកបរ​។ ប៉ុន្តែ   គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រកឃើញថា អ្នកបើកបរ​នៅតែ​មាន​ការធ្វេសប្រហែស មិន​គោរព​ច្បាប់​បាន​ល្អ​នៅឡើយ​។​

​អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក សុខ ណុប លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​រយៈពេល​៥៥​ថ្ងៃ គិតពី​ថ្ងៃ​ទី​១ ​ខែ​មករា ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ យានយន្ត​ចូល​គោលដៅ​ត្រួតពិនិត្យ​ចំនួន​១,៩២៣,៣៥០ គ្រឿង ក្នុងនោះ​មាន​យានយន្ត​ល្មើស​ចំនួន​៤០៧,៣៨៩​គ្រឿង អប់រំ​ចំនួន​១៨៤,៩៦១​គ្រឿង​និង​ពិន័យ​២២២,៤២៨​គ្រឿង​។ ប្រាក់​ពិន័យ​សរុប​មាន​ចំនួន​ជាង​៤​ពាន់​លាន​រៀល​(៤,១១១,០៩៥,០០០)​ឬ​ស្មើនឹង​ជាង​១​លាន​ដុល្លារ​អាមេរិក​។​

​លោក សុខ ណុប បញ្ជាក់​ថា ​ប្រាក់​ពិន័យ​នេះ​នឹង​ត្រូវ​បែងចែក​៩៥​ភាគរយ​ដល់​អង្គភាព​មាន​សមត្ថកិច្ច​និង​មន្ត្រី​អនុវត្ត​ផ្ទាល់ ចំណែក​៥​ភាគរយ​នៅសល់​ត្រូវ​ផ្តល់​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ