មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ឲ្យដឹងថាមានករណីភ្លើងឆេះព្រៃក្នុងបរិវេណរដ្ឋបាលព្រៃឈើភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ បណ្តាលឲ្យខូចខាតរថយន្តចំនួន២៧គ្រឿង។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ខេង ទីតូ ប្រាប់វីអូឌី(VOD)នៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកថារថយន្តដែលខូចខាតនោះជារថយន្តដែលរដ្ឋបាលព្រៃឈើឃាត់ពីជនល្មើសព្រៃឈើនិងយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ ដើម្បីរៀបចំសំណុំរឿងទៅតុលាការ។
លោកឲ្យដឹងដែរថាក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ។ លោកថាហេតុការណ៍នេះកើតឡើងដោយសារតែមានភ្លើងឆេះព្រៃនិងរាលដាលដល់បរិវេណរបស់រដ្ឋបាលព្រៃឈើ ដែលលោកថាបណ្តាលឲ្យឆេះរថយន្តទាំងនោះ។
មន្រ្តីអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថារដ្ឋបាលព្រៃឈើបែបនេះ មិនអាចនឹងងាយឆេះ រហូតដល់ទប់ស្កាត់មិនបាននោះទេ។ លោកបន្តសមាគមអាដហុកនឹងបន្តស៊ើបពីករណីនេះបន្ថែមទៀត។
វីអូឌីមិនទាន់អាចទាក់ទងរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បាននៅឡើយទេ៕