នាយករដ្ឋមន្រ្តី​ណែនាំ​ស្ថាប័នពាក់​ព័ន្ធ​ត្រួតពិនិត្យ​លិខិត​ឆ្លងដែនបេសកកម្ម​ឲ្យ​បាន​ត្រឹមត្រូវ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ចេញ​សារាចរមួយ​ ដោយ​ណែនាំ​ឲ្យស្ថាប័ន​ពាក់​ព័ន្ធ​​ត្រួតពិនិត្យ​មើល​លិខិតឆ្លងដែន​បំពេញបេសកកម្មនិង​ប្រើប្រាស់​ឲ្យ​បានត្រឹមត្រូវ។​

នៅ​ក្នុង​សារាចរ​មួយ​ចុះថ្ងៃទី​១៤ខែមីនា លោក ហ៊ុន សែន ​បានលើក​ឡើង​ថា​​កាលពីកន្លង​មក​ថ្មីនេះ មានម​ន្រ្តី​កម្ពុជា​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​ ស្ថាប័ន​ខ្លះ​បាន​ស្នើ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​និង​ប្រើ​ប្រាស់​លិខិត​ឆ្លងដែន​ផ្លូវ​ការ​ដោយ​មិន​ត្រឹមត្រូវ​ ដែលលោក​ថា​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​រដ្ឋាភិបាល​។​ លោកបន្ត​​ថា​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​បញ្ហា​បែបនេះ លោកណែនាំ​ឲ្យ​ក្រសួង ស្ថាប័ន​នានា​ឲ្យ​ពិនិត្យ​បេសកកម្ម​ឲ្យ​បាន”​ហ្មត់ចត់​បំផុត”​ មុន​នឹង​ស្នើ​សុំ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​ពី​ក្រសួង​ការបរទេស​។​

លោក ហ៊ុន សែន បានបញ្ជាក់​ថា៖ “ក្រោយ​ពី​បញ្ចប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស មន្រ្តី​រាជ​ការ​គ្រប់​ក្រសួង​ ស្ថាប័ន​ទាំងអស់​ត្រូវ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​ផ្លូវការ​ដោយ​ខ្លួន​ឯង​ ហើយ​ត្រូវ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ជៀស​វាង​ការ​ប្រើ​ប្រាស់​ខុសគោល​កដៅ​ដែលនាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រាជ​រដ្ឋាភិបាល​និងព្រះរាជណាចកម្រកម្ពុជា”

កាលពីថ្ងៃទី​៤ ខែមីនា ក្រសួង​ការបរទេស​កម្ពុជា​បានចេញលិខិត​មួយ​ទៅកាន់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោ​ក ស ខេង ដោយ​ស្នើដកលិខិតឆ្លងដែនផ្លូវការមន្រ្តី​រដ្ឋាភិបាល ពេលបញ្ចប់បេសកកម្មនៅក្រៅ​ប្រទេស។​ លិខិត​​​បញ្ជាក់​ថា​ក្រសួងនឹងប្រគល់លិខិតឆ្លងដែនផ្លូវការទាំងនោះទៅវិញនៅពេលមន្រ្តីនោះត្រូវមានបេស​ក​កម្ម​​នៅបរទេសជាថ្មី។

ក្រោយមក​​ ក្រសួង​ការបរទេស​បានចេញ​សេចក្តីជូនដំណឹង​មួយ​ទៀត ដោយ​ថា​ក​ន្លងមក​ចំពោះ​មន្រ្តី​​រាជ​ការ​របស់​ស្ថាប័ន​រដ្ឋ​ដែល​ត្រូវ​ចេញទៅ​បំពេញ​បេសកកម្ម​ផ្លូវ​ការ​ឬ​ចូល​រួម​កម្មសិក្សា​​​នៅ​ក្រៅប្រទេស ក្រសួ​ង​បានចេញ​នូវ​លិខិត​ឆ្ល​ងដែន​ផ្លូវ​ការ​ ដោយ​ផ្អែក​លើលើ​សំណើសុំ​របស់​ស្ថាប័ន​ទាំង​នោះ​ ដោយ​ពុំមាន​​កា​រ​បង់​ថ្លៃ​។​ ក្រសួង​បន្ត​ថា​ក៏​ប៉ុន្តែ​ក្នុង​រយៈ​ពេលកន្លងមកនេះ មានមន្រ្តី​របស់អង្គភាព​​ឬ​ស្ថាប័ន​ខ្លះ​ នៅពេល​​ចប់​បេសកកម្ម​ផ្លូវ​ការ​ឬ​មិន​បាន​ទៅ​បំពេញ​បេសកកម្មផ្លូវ​ការ​ បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​​នោះ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ពល​ករ​ខុសច្បាប់​នៅ​ក្រៅប្រទេស។

ក្រសួងការបរទេស​បាន​បញ្ជាក់ថា៖ “​ប្រការនេះ​បានធ្វើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​របស់ប្រទេស​នោះ មាន​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​មិ​ន​យល់​ថា​ហេតុអ្វី​បាន​ជា​ពលរ​ករ​ខុសច្បាប់​កាន់​លិខិត​ឆ្លង​ដែនផ្លូវការ​ហើយ​បានជូន​ព័ត៌មាន​មក​ក្រសួង​ការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​តាមរយៈ​ស្ថាន​ទូត​​យើង”

អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​​នៃ​ក្រសួង​មហាផ្ទៃ លោក ចាន់ គឹមសេង ​មាន​ប្រសាសន៍​ថា​លិខិតឆ្លងដែន​នៅកម្ពុជា​មាន​បីប្រភេទគឺ​លិខិត​ឆ្លងដែន​សម្រាប់ស្ថានទូត លិខិតឆ្លងដែនផ្លូវការនិង​លិខិត​​​ឆ្លងដែនធម្មតា។ លោក​បន្ត​ថា​លិខិត​ឆ្លងដែន​ផ្លូវការ​មានលក្ខណៈពិសេស​ត្រង់​ថា​អ្នកាន់លិខិត​ឆ្លងដែន​​នោះ មិនត្រូវ​បង់ថ្លៃ​ទិដ្ឋា​ការ​ហើយ​​អាច​ធ្វើ​ដំណើរ​តាមច្រកពិសេស នៅពេល​ទៅ​ដល់​ប្រទេស​គោល​ដៅ។

បើ​តាម​មន្រ្តីក្រសួងការបរទេស ​អ្នកកាន់លិខិតឆ្លងដែនផ្លូវការ​អាច​ស្នាក់នៅ​ប្រទេស​មួយ​ចំនួន​​បាន១៥ថ្ងៃដោយ​មិន​មានទិដ្ឋាការ ក្នុង​នោះ​មាន​​ប្រទេស​កូរ៉េខាងត្បូងផងដែរ ​​ ដោយសារ​ប្រទេស​ទាំង​នោះ​មាន​កិច្ច​ព្រមព្រៀង​ជា​មួយរដ្ឋាភិបាល​​កម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ