លោក ហ៊ុន សែន បញ្ជា​ឲ្យ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋខេត្តកំពង់ស្ពឺ២នាក់​

ប្រជា​ពលរដ្ឋ​តវ៉ា​នៅព្រឹកថ្ងៃចន្ទនេះ ខាងមុខរដ្ឋសភា ទាមទារឲ្យមានការជួយអន្តរាគមន៍ដោះលែងតំណាងពលរដ្ឋ២នាក់ដែលត្រូវបានចាប់ខ្លួន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺអន្តរាគមន៍​ទៅ​តុលាការ​ជួយ​ឲ្យ​មាន​ការដោះលែង​ស្រ្តី២នាក់​ដែលត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃសុក្រសប្តាហ៍មុន​ ទាក់ទងនឹង​ជម្លោះ​ដីធ្លី។​

លោក ហ៊ុន សែន បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោក​នៅ​យប់ថ្ងៃ​ចន្ទនេះថា​វា​ជា”​ការ​ខកចិត្តខ្លាំងណាស់” ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន ដែលលោក​ថា​ទើបបានដឹងមុននេះបន្តិច។  លោក​មានប្រសាសន៍ថា៖ “ខ្ញុំបានបញ្ជាទៅអភិបាលខេត្តឲ្យ​ធ្វើការជាមួយតុលាការទាំងយប់ដើម្បីសុំធានាឲ្យ​នៅក្រៅឃុំ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺដើម្បីជួយប្រជាជនក្នុងរឿងនេះ”

លោក ហ៊ុន សែន បន្ថែម​ថា៖ “សង្ឃឹមថាព្រះរាជអាជ្ញានិងអនុញ្ញាតឲ្យ​ប្រជាជនទាំង២នាក់បាននៅក្រៅឃុំ។ ប្រសិនមិនទុកចិត្តសុំអស់លោកឃុំកូនខ្ញុំទាំង២នាក់ជំនួសវិញចុះ”។ លោកក៏​បាន​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌ពិនិត្យករណីនេះជា​បន្ទាន់។​

លោក​ ហ៊ុន សែន បា​ន​ឆ្លើយ​តបនឹង​មតិ​យោបល់​របស់​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់ដែល​សួរទាក់ទងនឹង​ការអន្តរាគមន៍​របស់​នាយករដ្ឋមន្រ្តីបង្ហាញពីតុលាការ​មិន​ឯក​រាជ្យ​នៅកម្ពុជា។ លោក​ ហ៊ុន សែន សរសេរថា៖ “​តុលាការឯករាជ្យមិនស្ថិតក្រោមអំណាចរាជរដ្ឋាភិបាលទេ។ បើស្ថិតក្រោមអំណាច រាជរដ្ឋាភិបាលមិនបាច់ខ្ញុំសុំធានាឲ្យ​នៅក្រៅឃុំទេគឺបញ្ជាឲ្យ​​ដោះ​លែងតែម្ដង”

អន្តរាគមន៍​របស់នាយករដ្ឋមន្រ្តី​ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីប្រមាណ៥០នាក់នៅព្រឹកថ្ងៃ​ចន្ទនេះ​បាន​ប្រមូលផ្តុំនៅរដ្ឋសភា ដោយ​ស្នើសុំអន្តរាគមន៍ពីរដ្ឋសភា ឲ្យតុលាការដោះលែងអ្នកតំណាងរបស់ពួកគេពីរនាក់។

​ស្ត្រី​ជា​សកម្មជន​ដីធ្លី​២​នាក់ដែលត្រូវចាប់ខ្លួន​ គឺអ្នក​ស្រី យូ រ៉ន ​អាយុ៥១​ឆ្នាំ និង​អ្នកស្រី អ៊ីត រុំ អាយុ​៥៥​ឆ្នាំ។ ពួកគេត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពេល​ដែល​​ពួក​គេ​​ត្រូវបាន​​តុលាការ​ខេត្ត​នេះ កោះហៅ​ឲ្យចូល​បំភ្លឺ ទាក់ទិន​នឹង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ ស្រុក​ភ្នំស្រួ​ច ខេត្ត​កំពង់ស្ពឺ​។​

​​គួរបញ្ជាក់​ថា​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​១៦៥​គ្រួសារ​នៅ​ភូមិ​ថ្មី ជាមួយ​អាជ្ញាធ​រ​មូលដ្នាន​កើតមាន​តាំងពី​ឆ្នាំ​២០០៧ លើ​ទំហំ​ដី​ចំនួន​ជាង​១០០០​ហិកតា នៅ​មិនទាន់​ដំណោះស្រាយនៅឡើយ​ទេ បើទោះជា​ធ្លាប់មាន​អន្តរាគមន៍​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ