កាលពីថ្ងៃអាទិត្យទី១៣ មីនា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មានការប្រកួតអន្តរជាតិដូចគ្នានឹងសព្វដង។ យ៉ាងណាក៏ដោយការប្រកួតដែលបានធ្វើឡើនោះ ទទួលបាននូវការចាប់អារម្មណ៍ខុសប្លែកពីគេ ដោយសារតែនៅក្នុងព្រឹត្តិការណ៍តែមួយសង្វៀនតែមួយ គឺគេឲ្យកីឡាករជើងខ្លាំងរបស់កម្ពុជាដែលជាកូនភ្លោះ ឡើងប្រកួតគ្នាជាមួយកីឡាករថៃព្រមគ្នា។
នៅក្នុងពិភពប្រដាល់គេសុទ្ធតែបានដឹងថា កីឡាករយុគ យក្សខួចនិងយុគ យក្សផ្លែ គឺជាកីឡាករកូនភ្លោះនិងជាកីឡាករល្បីឈ្មោះនៅក្នុងពិភពប្រដាល់ដូចគ្នានៅលើសង្វៀន។ ស្ទើរតែគ្រប់ការប្រកួតកីឡាករដែលមានមុខមាត់ដូចគ្នាទាំងពីរនេះ រមែងទទួលបានការចាប់អារម្មណ៍គ្រប់លើក ដោយសារតែសមត្ថភាពប្រកួតរបស់ពួកគេគឺអាចនិយាយបានថាមិនមានអ្នកណាអន់ជាងអ្នកណា។ ក្រៅពីមានកិត្តិយសឡើងប្រកួតអន្តរជាតិក្នុងស្រុករាប់មិនអស់ កីឡាករកូនភ្លោះទាំងពីរក៏ត្រូវគេដឹងថាឧស្សាហ៍បានចេញទៅប្រកួតនៅជាយប្រទេសថៃ ប៉ះគ្នាជាមួយកីឡាករបរទេសរាប់មិនអស់នោះផង។
ក្រៅពីជាអាជីពប្រដាល់ បងប្អូនទាំងពីរក៏ត្រូវគេដឹងថាបានប្រឡូកតួនាទីជាគ្រូបង្វឹកនៅក្នុងក្លិបប្រដាល់របស់ឪពុកនៅខេត្តបាត់ដំបង គឺក្លិបអប់រំកាយ និងកីឡាខេត្តបាត់ដំបងនោះផង។ អ៊ីចឹងហើយទើបការប្រកួតប្រមាណជា២ឆ្នាំចុងក្រោយរបស់ គឺល្អទាំងថ្វីដៃ និងបច្ចេកទេស។ យ៉ាងណាមិញ បងប្អូនភ្លោះទាំងពីរមិនដែលឡើងរិញប្រកួតជាមួយកីឡាករថៃទាំងពីរនាក់នៅ ក្នុងព្រឹត្តិការណ៍តែមួយ ដូចគ្នាការការប្រកួតកាលពីព្រឹកថ្ងៃទី១៣ មីនា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះទេ ទើបធ្វើឲ្យការប្រកួតរបស់ពួកគេមានអ្នកតាមដានច្រើន។
កីឡាករ យុគ យក្សខួច ដែលអ្នកណាក៏ស្គាល់ថាជាកូនភ្លោះបងបានឡើងប្រកួតជាមួយកីឡាករថៃឈ្មោះ Reda ក្នុងនាមជាគូអន្តរជាតិទី១។ ការប្រកួតគូនេះ ក្នុងទឹកទី១ ភាគីម្ខាងៗបើកឆាកកំដៅសាច់ដុំត្រឹមរង្វង់ពី៦០ទៅ៧០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែឈានដល់ទឹកទី២ កីឡាករបង្គោលក្រហមកម្ពុជាស្រាប់តែប្រឹងប្ដូរកែង ធ្វើឲ្យឆាកប្រយុទ្ធឈានឡើងប្រកៀកៗនឹង១០០អង្សារតែម្ដង ដោយសារតែមានបំណងចង់វាយបំបុកឲ្យកីឡាករថៃសន្លប់លើរេញ។ ការប្រកួតក្នុងទឹកនោះ គេឃើញកីឡាករថៃបើទោះប្រឹងគេឡើងចង់គ្រិច–ក ក៏នៅតែមិនអាចគេចផុតពីកែងយ៉ាងខ្លាំងក្លារបស់គូប្រកួតនោះដែរ។ កែងរបស់កីឡាករយុគ យក្សខួច រហ័ស ហើយខ្លាំងណាស់ ប៉ុន្តែកីឡាករថៃReda ក៏បានវាយបំបុកដោយកែង និងម៉ាត់ ដោយមិនសំចៃដៃត្រឡប់មកវិញផងដែរ។
នៅក្នុងទឹកនេះ កីឡាករបង្គោលក្រហមនិងខៀវ វ័ធកែងទៅមកៗដូចអ្នកក្លាហានក្បាលដែកប៉ះអ្នកខ្លាំងក្បាលដែកអ៊ីចឹង ដោយមិមានកីឡាករណាមួយចុះញ៉មចំពោះការវាយលុយរបស់ភាគីណាមួយនោះឡើយ។ យ៉ាងណាក៏ដោយកីឡាករយុគ យក្សខួច បានក្លាយជាអ្នកភ្លាត់ស្នៀតមុន ដោយសារតែភ្លាត់ឲ្យត្រូវមួយចុងពេញទំហឹងរបស់កីឡាករថៃយ៉ាងដំណំ បណ្ដាលឲ្យរាប់ដល់៨ ហើយបន្ទាប់ពីរាប់លើកទី១ អ្នកទាំងពីរក៏វាយប្ដូរកែងនឹងគ្នាទៅមកៗជាថ្មីម្ដងទៀតរហូតធ្វើយុគ យក្សខួច ភ្លាត់ត្រូវកណ្ដាប់ដៃចំគុម្ពថ្គាមមួយលើកទៀត ហើយដួលខ្ពកសន្លប់ក្នុងទឹកទី២តែម្ដង។
កីឡាករថៃ ធ្លាប់ប្រកួត៩៨លើក ឈ្នះ៨២លើក ចាញ់១៥លើក និងស្មើ១លើក ហើយកីឡាករកម្ពុជាធ្លាប់ប្រកួត ៩៥លើក ឈ្នះ៧៧លើក ចាញ់១៥លើក និងស្មើ៣លើក។
នៅខាងក្រោយរេញកីឡាករយុគ យក្សផ្លែ បានបន្ទោសយុគ យក្សខួច ដែលប្រកួតប្ដូរដោយប្រថុយប្រថាន ទើបនាំឲ្យមានលទ្ធផលបែបនោះ។ លោកថាបើការប្រកួតដែលបានធ្វើឡើងស្ថិតក្នុងសភាពមួយៗ ហើយប្រើបច្ចេកទេស នោះលទ្ធផលបរាជ័យមិនមែនជារបស់បងខ្លួននោះឡើយ។
![យុគ យក្សផ្លែ និងកីឡាករថៃ ទទួលបានលទ្ធផលស្មើគ្នា](https://www.vodkhmer.news/wp-content/uploads/2016/03/dee3a5f0-16f6-4c51-90ec-10479817fbd9-300x200.jpg)
យុគ យក្សផ្លែ ធ្វើការវាយលុកប្រកបដោយភាពប្រយ័ត្នប្រយែងបំផុត ដោយមួយដៃៗនិងមួយជើងរបស់គេ គឺអាចនិយាយបានថាមិនមែនជាការវាយចោលនាំឲ្យខាតកម្លាំងនោះផង។ ប៉ុន្តែបណ្ដាលមកគូប្រកួតរបស់គេក៏មានបច្ចេកទេសខ្ពស់និងរឹងជំហរមិនណាយដែរ ទើបការប្រកួតយ៉ាងស្វិតស្វាញពេញរយៈពេល៥ទឹកបានត្រឹមតែស្មើពិន្ទុជាមួយកីឡាករថៃ។ កីឡាករ Pha Yanon ធ្លាប់ប្រកួត៩១លើក ឈ្នះ៧៥លើក និង ចាញ់១៦លើក ខណៈដែលកីឡាករកម្ពុជាប្រកួតបាន១៤១លើក ឈ្នះ១២៣លើក ចាញ់១៣លើក និងស្មើ៥លើក។
ក្រោយបញ្ចប់ការប្រកួតកីឡាករយុគ យក្សខួច ត្រូវសន្លប់ក្រោមដៃថៃ ហើយកីឡាករយុគ យក្សផ្លែ បានត្រឹមតែស្មើ ប៉ុន្តែក៏បានធ្វើឲ្យការប្រកួតរបស់កូនភ្លោះទាំងពីរទទួលបានការពេញចិត្តរឿងប្រកួតអស់ដៃនៅក្នុងពេលនោះផងដែរ៕